foodpanda សម្ពោធការិយាល័យថ្មី ប្តេជ្ញាជួយឲ្យអាជីវកម្ម Q-commerce កាន់តែរីកចម្រើន និងផ្តោតលើប្រព័ន្ធនវានុវត្តន៍ នៅកម្ពុជា

  • 2022-03-11 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជានោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសពីការបើកការិយាល័យថ្មីជាផ្លូវការរបស់ខ្លួន ក្រោយពីដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល២ឆ្នាំកន្លះ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងការិយាល័យថ្មីតែម្តង ស្ថិតក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda រួមទាំងបុគ្គលិកជាច្រើននាក់ ក្នុងគោលបំណង បង្ហាញពីការតាំងចិត្តបក្នុងការជួយ និងគាំទ្រវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអាជីវកម្មជាដៃគូ នៅកម្ពុជា មានការរីកចម្រើនបន្ថែមទៀត។

តាមរយៈវត្តមានរបស់ខ្លួននៅកម្ពុជា foodpanda បាននាំមកជូននូវបច្ចេកវិទ្យាជាពិសេស ដែលធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងមានអត្ថប្រយោជន៍ ក៏ដូចជាសុវត្ថិភាពមួយកម្រិតទៀត ខណៈដែលអ្នកប្រើប្រាស់អាចកុម្ម៉ង់សម្ភារៈប្រើប្រាស់ ម្ហូបអាហារ និងគ្រៀងទេសនានា តាមតម្រូវការជាមួយសេវាដឹកជញ្ជូនយ៉ាងឆាប់រហ័សក្នុងតម្លៃសមរម្យ។

ក្រៅពីផ្តល់ឪកាសដល់ដៃគូដឹកជញ្ជូន និងបុគ្គលិករបស់ខ្លួនឲ្យនៅតែបន្តមានការងារធ្វើក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ក្រុមហ៊ុនមានការប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មតូចធំជាច្រើន ដើម្បីធានាថា អាជីវកម្មរបស់ពួកគេនៅតែទទួលបានចំណូល និងមានដំណើរការជានិច្ច មិនថា ក្នុងពេលជួបវិបត្តិផ្នែកសុខភាពក៏ដោយ។

ស្របពេលជាមួយគ្នានេះ foodpanda ក៏បានពង្រីសេវាកម្មរបស់ខ្លួនផងដែរ តាមរយៈការពង្រីកមុខងារថ្មី pandamart ដែលផ្តល់ជូននូវជម្រើសទំនិញប្រើប្រាស់ប្រចាំថ្ងៃគ្រឿងទេសនិងសម្ភារៈជាច្រើនរហូតដល់ជាង ៣០០០ប្រភេទ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទី រួមទាំងបង្កើតមុខងារពិសេសៗជាច្រើន ក្នុងកម្មវិធីតែមួយ ដូចជា មុខងារ ចូលទៅយកទំនិញដោយផ្ទាល់ (Pick Up) បន្ទាប់ពីដាក់ការកុម្ម៉ង់ដោយមិនចាំបាច់តម្រង់ជួរ។

ការគិតគូដល់ផាសុកភាព និងសុខុមាលភាពដៃគូដឹកជញ្ជូន បុគ្គលិក និងម្ចាស់អាជីវកម្មជាដៃគូ ក៏ជាបេសកកម្មស្នូលរបស់ foodpanda ផងដែរ ខណៈដែលរាល់ដៃគូដឹកជញ្ជូន និងបុគ្គលិកទាំងអស់សុទ្ធសឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩ គ្រប់ដូស តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការអនាម័យទាំងមុន និងក្រោយផ្តល់ សេវាជូនអតិថិជន។

ជាមួយនឹងការបើកការិយាល័យថ្មីនេះ foodpanda បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការបន្តជួយដល់សហគមន៍ និងពង្រីកសកម្មភាពទំនួលខុសត្រូវក្នុងសង្គមរបស់ខ្លួនឲ្យបានទូលំទូលាយ ផងដែរ ដើម្បីធានាឲ្យបាននូវបរិស្ថានស្អាត សហគមន៍មានការអភិវឌ្ឍ និងចូលរួមក្នុងកិច្ចគាំពារនានាក្នុងពេលមានបញ្ហាប្រឈម ដូចជា ក្នុងអំឡុងវិបត្តិកូវីដ ១៩ ជាដើម។

អគ្គនាយក foodpanda ប្រចាំប្រទេសកម្ពុជា លោក Patrice Vignes បានឲ្យដឹងថា៖ «ការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ការបង្កើនការយល់ដឹងពីការថែរក្សាបរិស្ថាន និងការចូលរួមជាមួយនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសង្គមកម្ពុជា ជួបប្រទះ តែងតែជាគោលដៅស្នូលរបស់យើង។ ជាមួយគ្នានេះ ការបើកការិយាល័យថ្មី ក៏សបញ្ជាក់ពីការតាំងចិត្តខ្ពស់លើការអភិវឌ្ឍន៍បច្ចេកវិជ្ជាថ្មីៗ និងការផ្តល់ផលជូនដល់សហគមន៍ក្នុងរយៈពេលវែងផងដែរ»។

គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ភាពងាយស្រួលជាពិសេសសម្រាប់អតិថិជនរបស់ខ្លួនលើសេវារហ័សទាន់ចិត្តទូទាំងកម្ពុជា foodpanda បានចូលរួមយ៉ាងសកម្មក្នុងការសកម្មភាពទំនួលខុសត្រូវសង្គម និងការការពារបរិស្ថាន ក្នុងដំណើរការអាជីវកម្មក្នុងរយៈពេលត្រឹមតែ២ឆ្នាំកន្លះរបស់ខ្លួន កន្លងមកនេះ។

តួយ៉ាង កាលពីដើមខែមីនា ឆ្នាំ២០២២ ថ្មីៗនេះ foodpanda បានសហការជាមួយនឹងរដ្ឋបាលក្រុងសៀមរាប ក៏ដូចជា រដ្ឋបាលជលផលខេត្ត មន្ទីរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ដើម្បីឧបត្ថម្ភ និងចូលរួមដាំកូនឈើក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប។

បន្ថែមលើនេះទៅទៀត ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជាមួយនេះ ក៏បានគិតគូបរិស្ថានស្អាតតាមរយៈការបំផុសការយល់ដឹងស្តីពីការគ្រប់គ្រងការសំណល់រឹង និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីការថែរក្សាបរិស្ថាន ក្នុងយុទ្ធនាការបរិច្ចាគធុងសំរាម ដល់ខណ្ឌចំនួន១៤ និងសង្កាត់ចំនួន១០៥ ទូទាំងរាធានីភ្នំពេញ។

មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏បានចូលរួមឧបត្ថម្ភសម្ភារៈការពារនានា ដូចជាទឹកអាល់កុលលាងដៃ ម៉ាស ឆត្រ អាហារ និងភេសជ្ជៈ ដល់ មន្ទីពេទ្យ អាជ្ញាធរប្រចាំតំបន់ និងតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង អំឡុងពេលមានការឆ្លងរាតត្បាតខ្លាំងនៃវីរុសកូវីដ ១៩ ទាំងនៅភ្នំពេញ និងបណ្តាខេត្តនានា។

ជាមួយគ្នានេះ foodpanda បានចូលយ៉ាងសកម្មជាមួយអាជ្ញាធរ ដើម្បីដឹកបញ្ជូនសម្ភារៈប្រើប្រាស់ចាំបាច់ និងម្ហូបអាហារ ដល់តំបន់ដែលមានការបិទខ្ទប់ ក៏ដូចជា ឧបត្ថម្ភជាម្ហូបអាហារ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់ នៅខេត្តបាត់ដំបង កាលពីឆ្នាំ២០២១។

សកម្មភាពទាំងនេះ បង្ហាញថា foodpanda មិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមចំណែក ក្នុងអភិវឌ្ឍសហគមន៍ សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថាន ប្រកបដោយចីរភាព ផងដែរ៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី