ម្ចាស់អាជីវកម្មទេសចរណ៍ ងាកមកបើហាងកសិផលធម្មជាតិបន្ថែម និងកំពុងជោគជ័យក្នុងសម័យកូវីដ ១៩

  • 2021-10-31 09:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់អាជីវកម្មជាស្ត្រីម្នាក់ក្នុងវិស័យទេសចរណ៍ បានប្រាប់គន្លឹះសំខាន់ៗក្នុងការជួយឲ្យអាជីវកម្មរបស់ខ្លួនឈរជើងជាង២០ឆ្នាំ ក៏ដូចជា ការបត់បែនក្នុងអាជីវកម្មរបស់លោកស្រី ដើម្បីសម្របខ្លួនទៅតាមបិទរិបទសង្គម ជាពិសេសនាសម័យកូវីដ ១៩ នេះតែម្តង ដើម្បីរក្សាការឈរយ៉ាងមានលំនឹងនៅក្នុងទីផ្សារអាជីវកម្ម។

លោកស្រី ស្រ៊ាត មុំសុភា ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ Sofiya Travel & Tour បានចែករំលែកនូវពិសោធន៍ពីការងាររកស៊ី និងការបង្កើតក្រុមហ៊ុនដំបូង រហូតអាចឈរជើងក្នុងវិ័យទេសចរណ៍បានរហូតដល់២០ឆ្នាំ។ ស្របពេលដែលវិស័យទេសចរណ៍ទាំងក្នុងស្រុក និងពិភពលោកមិនទាន់ត្រូវបានបើកឲ្យទូលំទូលាយឡើងវិញ ដោយសារតែកូវីដ ១៩ ពេលបច្ចុប្បន្ន លោកស្រីបានងាកមកចាប់យកអាជីវកម្មថ្មីពីអាជីវកម្មទេសចរណ៍ តាមរយៈការបើកហាងកសិផលធម្មជាតិវិញ។

ចាប់ផ្ដើមចេញពីអ្នកខេត្តបានប្ដូរទីលំនៅមកភ្នំពេញនៅអំឡុងឆ្នាំ១៩៩៥ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៣ ជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ លោកស្រី ស្រ៊ាត មុំសុភា ធ្លាប់បានឆ្លងកាត់ការងារជាច្រើនទាំងដែលខ្លួនកំពុងបន្តការសិក្សា។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកស្រីក៏បានដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនកូរ៉េមួយ ដែលបានបម្រើការលើវិស័យទេសចរណ៍ និងបានចាប់ឪកាសនេះបើកក្រុមហ៊ុនទេសចណ៍ខ្លួនឯងឈ្មោះថា Sofiya Travel & Tour អំឡុងឆ្នាំ២០០៥ ដែលមានសេវាកម្មដំបូងគ្រាន់តែលក់សំបុត្រយន្តហោះប៉ុណ្ណោះ និងបន្តពង្រីក សេវាកម្ម បន្ថែមកាន់តែធំ ដូចសព្វថ្ងៃ។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្មទេសចរណ៍លក់សំបុត្រយន្តហោះរបស់លោកស្រី ក៏នៅតែបើដំណើរការជាធម្មតាបើទោះជាប្រទេសកម្ពុជាកំពុងជួបប្រទះជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។ រហូតមកដល់ឆ្នាំ២០២០ នេះដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន លោកស្រី ស្រ៊ាត មុំសុភា ក៏បានចាប់ផ្ដើមបើកអាជីវកម្មថ្មីមួយទៀតមានឈ្មោះថា OPHIYA STORE ជាហាងលក់បន្លែ ផ្លែឈើសុវត្ថិភាព ឬឈ្មោះផ្លូវការ ផ្សារកសិផលធម្មជាតិក្នុងស្រុក។

ចង់ដឹងថាម្ចាស់សហគ្រិនដែលជាស្រ្តីរូបនេះ ធ្លាប់ធ្វើការឲ្យគេ និងចាប់អាជីវកម្មរបស់ខ្លួនដោយរបៀបណាខ្លះ? ហើយមានគំនិតបែបណាដែលធ្វើឲ្យលោកស្រី ស្រ៊ាត មុំសុភា ងាកពីអាជីវកម្មទេសចរណ៍ មកបើកហាងកសិផលធម្មជាតិដែលកំពុងទទួលបានភាពជៅកជ័យនៅពេលនេះ៕

ប្រិយមិត្តិអាចទស្សនា ស្ដាប់គន្លឹះថ្មីៗក្នុងវីដេអូខាងក្រោមនេះបាន៖

អត្ថបទ៖ In Sopheng

អត្ថបទថ្មី