គិរីសួគ៌ ជា​កសិដ្ឋាន​ដំបូង​គេបង្អស់​ដែលឈ្នះ​ពានមាសឧស្សា​ហកម្ម​បៃ​តងកម្ពុជា

  • 2021-12-17 09:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិរីសួគ៌ ដែលជា​​កសិដ្ឋាន​ចិញ្ចឹម និង​កែ​ច្នៃ​ទឹកដោះគោ​សុទ្ធ បាន​ក្លាយ​ជា​កសិដ្ឋាន​ដំបូង​គេ​​ក្នុងការឈ្នះ «ពានមាសឧស្សា​ហកម្ម​បៃ​តងកម្ពុជា ឬ Cambodia Green Industry Awards» ក្នុង​កម្មវិធីចែក​វិញ្ញាបនបត្រ និង​ប្រគល់​ពានរង្វាន់ ដែលត្រូវ​បាន​រៀប​ចំ​ជាលើក​ទី​១ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​។

កម្ម​វិធី​ផ្តល់​ពាន​រង្វាន់នេះ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរ​ការ​កាល​ពីពាក់​​កណ្តាល​ឆ្នាំនេះ និង​មាន​គោល​បំណង​ក្នុងការ​រៀប​ចំ និង​ប្រគល់​ពាន​រង្វាន់​​ដល់​ក្រុមហ៊ុន និងឧស្សា​ហកម្ម​នានា​ ចំពោះ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា និង​គោល​នយោ​បាយ ក្នុង​ចង្វាក់​ផលិត​កម្ម និង​ផ្គត់ផ្គង់របស់ខ្លួន ​​ដែល​ជួយ​ការ​ពារ​ និង​ផ្តល់​ផល​ប៉ះ​ពាល់តិច​តួច​ដល់​បរិស្ថាន​។

ការ​ប្រគល់​ពាន​​ដល់​ឧស្សា​ហកម្ម​នានា ផ្អែក​ទៅលើកត្តា​ជាច្រើន ដូច​ជា កម្រិត​នៃ​ការ​ប៉ះ​ពាល់​បរិស្ថាន ប្រភព និង​ប្រសិទ្ធភាពនៃ​ចង្វាក់​ផ្គត់ផ្គង់ ការផលិត​ដែល​មានអនាម័យ មានការ​ទទួល​ខុស​ត្រូវ ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (CSR) នានា រួម​ទាំង​ចំណុច​វិនិច្ឆ័យ​ជា​ច្រើនទៀត​។

ទាក់​នឹង​ការ​ឈ្នះពាន​រង្វាន់នេះ លោកឈរ រិទ្ធី នាយក​ប្រតិបត្តិ កសិដ្ឋានគិរីសួគ៌ មាន​ប្រសាសន៍​ថា៖ «ការ​ឈ្នះពានមាស​នេះ បង្ហាញ​ថា ដំណើរ​ការ​ផលិត និង​ផ្គត់ផ្គង់​នៅ​កសិដ្ឋាន​របស់​​យើង ត្រូវ​បាន​ធ្វើ​ឡើង​ប្រកបដោយការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​​លើ​បរិស្ថាន​​​ជុំ​វិញ​កសិដ្ឋាន​​របស់យើង​​។ យើងប្តេជ្ញា​ថា នឹង​បន្ត​សកម្មភាព​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវនេះ និង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​មួយ​កម្រិត​ទៀត ដើម្បី​បង្កើត​ការ​ជឿជាក់​សម្រាប់​ទាំង​អតិថិ​ជន និង​សហ​គមន៍​​ជុំ​វិញ​កសិដ្ឋានរបស់​យើង​»​។

សមិទ្ធផលនេះ បង្ហាញពីការសម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្ការបស់កសិដ្ឋានផលិតទឹកដោះគោសុទ្ធក្នុងស្រុករបស់យើង បើទោះបីស្ថិតក្នុងវិបត្តិកូវីដ ១៩ ក៏ដោយ។ កសិដ្ឋានគិរីសួគ៌ បានដំណើរការលក់យ៉ាងជោគជ័យនូវផលិតផលទឹកដោះគោ២ប្រភេទបន្ថែមទៀតនៅឆ្នាំនេះ គឺ KRISU Barista សម្រាប់ទីផ្សារកាហ្វេដែលកំពុងរីកចម្រើនយ៉ាប់ឆាប់រហ័សនៅកម្ពុជា និង KIRISU 0% Fat សម្រាប់អ្នកដែលផ្តោតលើសុខភាព។ កសិដ្ឋាននេះ ក៏ទើបតែដាក់លក់យ៉ាអួរធម្មជាតិគិរីសួគ៌ (KIRISU All Natural Yogurts) ដែលមានរសជាតិ៤ប្រភេទដូចជា រសជាតិយ៉ាអួរសុទ្ធមានខ្លាញ់៣% រសជាតិស្ត្រប៊ឺរី វ៉ានីឡា និងគ្មានជាតិស្ករ កាលពីពេលថ្មីៗនេះផងដែរ។

បើយោង​ទៅ​តាម​កសិដ្ឋាន​ទឹក​ដោះ​គោគិរីសួគ៌ ទឹក​ដោះ​គោ​សុទ្ធ​១០០%គិរីសួគ៌ គឺ​ជា​ទឹក​ដោះសុទ្ធ​ដែលមាន​ការ​និយម​ចូល​ចិត្ត​ច្រើន​ជាង​គេនៅលើ​ទីផ្សារ ក្រោយ​ពី​ដំណើរ​បាន​ត្រឹម​តែ​រយៈពេល​១​ឆ្នាំ​។ កសិដ្ឋាន​គិរីសួគ៌ គឺ​ជា​កសិដ្ឋាន​ទឹក​ដោះ​គោ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដោយ​កសិដ្ឋាន មាន​គោ​ចិញ្ចឹម​យក​ទឹក​ដោះ​ចំនួន​៨០០ក្បាល ដែល​ត្រូវ​បាន​នាំ​ចូល​មក​ពីប្រទេស​អូស្ត្រាលី ស្ថិត​លើ​លើផ្ទៃ​ដី​៣០០ហិកតា ក្បែរ​​ជើង​ភ្នំតា​ម៉ៅ ស្រុក​បាទី ខេត្ត​តា​កែវ​។

គិរីសួគ៌ មាន​រោង​ចក្រកែច្នៃទឹក​ដោះគោ​ប្រកបដោយ​បច្ចេក​វិទ្យា​ទំនើប​ដោយខ្លួន​ឯង ដែលមាន​សមត្ថភាព​​​ផលិត​ទឹកដោះគោ​បាន​១២០០០លីត្រ​​ជា​រៀង​រាល់ថ្ងៃ​។ ស្រប​ពេល​​ជាមួយ​គ្នានេះ កសិដ្ឋាន​គិរីសួគ៌ បាន​ប្រកាស​ថា ក្រុមហ៊ុន​កំពុង​ផ្តល់​ប្រូម៉ូ​សិន «ទិញ​១ ថែម​១» រហូត​ដល់​ចុង​ឆ្នាំនេះ ដើម្បី​​សម្តែងនូវ​ការ​​ដឹងគុណ​ចំពោះ​ឆ្នាំ​ប្រកប​ដោយ​ផ្លែផ្ការបស់​ខ្លួន និង​ជួយ​​ជំរុញ​ឱ្យ​មានភាព​រីក​ចម្រើន​មួយ​កម្រិត​ទៀត​ក្នុងឆ្នាំ​២០២២​៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី