៥ សមិទ្ធផលធំពីក្រសួងពាណិជ្ជកម្មលើវិស័យ E-commerce នៅកម្ពុជា ត្រូវបានបង្ហាញក្នុងពិធីសម្ពោធ «របាយការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២២ ដោយ PROFITENCE»
- 2023-01-18 17:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សមិទ្ធផលធំពីក្រសួងពាណិជ្ជកម្មលើវិស័យ E-commerce នៅកម្ពុជា ត្រូវបានបង្ហាញក្នុងពិធីសម្ពោធ «របាយការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២២ ដោយ PROFITENCE»
ចន្លោះមិនឃើញ
ពីចាប់ដំណើរអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ក្នុងឆ្នាំ ២០១៧ ក្រោមការគាំទ្ររបស់អង្គការ UNCTAD តាមរយៈការបង្កើតការវិភាគ ការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្ម អេឡិចត្រូនិក (eTrade Readiness Assessment) ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានអត្រាអនុវត្តបាន ៩២ភាគរយ ក្នុងរបាយការណ៍ពិនិត្យឡើងវិញជាលើទីពីរ សមត្ថភាពខ្ពស់ជាងគេជាមួយកម្រិតអនុវត្តបាន ៩២ភាគរយ នៅក្នុងការរបាយការណ៍ពិនិត្យមើលឡើងវិញជាលើកទីពីរនៃ eTrade Readiness Assessment ឆ្នាំ ២០២២។
យោងតាមឯកសារចុះផ្សាយដោយក្រសួងពាណិជ្ជកម្ម ការវិភាគនេះមានសារៈសំខាន់ ក្នុងការចង្អុលបង្ហាញ ភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញ ផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម តាមអេឡិចត្រូនិក នៅកម្ពុជា តាមរយៈ គោលនយោបាយអភិវឌ្ឍន៍ ចំនួន ៧ រួមមាន គោលនយោបាយ និងយុទ្ធសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ICT, ការសម្របសម្រួល និងឡូជី ស្ទីកពាណិជ្ជកម្ម, ដំណោះស្រាយលើការទូទាត់, ក្របខ័ណ្ឌនិងបទប្បញ្ញត្តិច្បាប់, ការអភិវឌ្ឍជំនាញ និងលទ្ធភាព ក្នុងការទទួលបានហិរញ្ញវត្ថុ។
ទាំងនេះត្រូវបានចាត់ទុកជាជោគជ័យរបស់ក្រសួងពាណិជ្ជកម្ម។ ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវការណ៍នៃ «របាយការណ៍ Ecommerce ឆ្នាំ ២០២២ ដោយ PROFITENCE» កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងនូវសមិទ្ធផលសំខាន់ៗពីក្រសួងពាណិជ្ជកម្មលើវិស័យ E-commerce នៅកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍ពីសមិទ្ធផលចម្បងទី១យ៉ាងដូច្នេះថា៖ «ការវិភាគយ៉ាងលឿនអំពីការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្ម អេឡិចត្រូនិកនៅប្រទេសកម្ពុជា បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទទួលបានអត្ថប្រយោជន៍ដំបូងគេពីការវិភាគ ការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្ម អេឡិចត្រូនិក (eTrade Readiness Assessment) ដែលត្រូវបនធ្វើឡើងដំបូងបង្អស់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦។ លទ្ធផលនៃរបាយការណ៍ដើរតួនាទីជាការចូលរួមដ៏មានតម្លៃរបស់ប្រទេសមួយក្នុងការសកម្មនឹងកិច្ចពិភាក្សាជាច្រើនទាក់ទងនឹង e-commer និងពាណិជ្ជកម្មឌីជីថល។ លទ្ធផលរកឃើញពីរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរនូវឧបសគ្គ ក៏ដូចជាផ្ដល់នូវតួលេខក្នុងការធ្វើសកម្មភាពរយៈពេលខ្លី និងមធ្យម ដើម្បីគាំទ្រការពន្លឿនការចាប់យកអនុវត្តន៍ e-commerce នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា»។
ចំណុចទី ២ នៃសមិទ្ធផលជោគជ័យរបស់ក្រសួងផងដែរថា ចាប់តាំងពីច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានអនុម័តកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយវាបានដើរតួនាទីជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ក្នុងការគ្រប់គ្រង និងអភិបាលលើសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។
ចំណុចទី ៣ នៃសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា បានបន្តថា៖ «ជំពូក ពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មនៅកម្ពុជាឆ្នាំ ២០១៩-២០២៣។ អង្គការ UNCTAD បានផ្ដល់នូវការឧបត្ថម្ភគាំទ្រ ក្នុងការផលិត និងសរសេរជំពូកមួយនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មនៅកម្ពុជាឆ្នាំ ២០១៩-២០២៣ ដោយចង្អុរបង្ហាញនូវវិស័យពាណិជ្ជកម្មអេឡិចត្រូនិកថាជាប្រភពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា»។
យុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក ជាសមិទ្ធផលទី ៤ ដែលត្រូវបានបង្កើត និងសម្ពោធចាផ្លូវការកាលពី ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមការចូលរួមពីបណ្ដាក្រសួង ដៃគូអភិវឌ្ឍ និងវិស័យឯកជននៅកម្ពុជា។ យុទ្ធសាស្ត្រនេះបានក្ដោបនូវធាតុសំខាន់ទាំង១០ ដែលត្រូវបានបង្ហាញនៅក្នុងស្ថានភាបបច្ចុប្បន្ន ឧបសគ្គ ឱកាស និងសកម្មភាពគោលនយោបាយ រាប់តាំងពីគម្រោងផែនការ និងគោលនយោបាយស្ថាប័ន រហូតដល់ព័ត៌មាន និងការផ្សព្វផ្សាយពីពាណិជ្ជកម្មឌីជីថល។
សមិទ្ធផលសំខាន់ទី ៥ គឺគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) របស់ក្រសួងពាណិជ្ជកម្ម ដោយឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា៖ «វាមានកម្មវត្ថុបង្កើនឱកាសសេដ្ឋកិច្ចនៅកម្ពុជា សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ ក្រោមគម្រោងនេះ យើងបាននិងកំពុងអភិវឌ្ឍទីផ្សារអេឡិចត្រូនិក B2B2C មានឈ្មោះថា Cambodiatrade.com សម្រាប់សហគ្រាសធុនតូច និងមធ្យមអាចដាក់លក់នូវផលិតផលក្នុងស្រុក និងទីផ្សារឆ្លងព្រំដែន ដោយផ្ដោតលើការបញ្ជ្រាបឌីជីថល និងគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម នៅតាមបណ្ដាខេត្ត និងការចូលរួមពីសហគ្រិនស្ត្រីផងដែរ»៕