ហេតុផលសំខាន់ៗ៨យ៉ាងដែលក្រុមហ៊ុនលោកអ្នកត្រូវការសេវាសវនកម្មផ្ទៃក្រៅ (External Audit)

  • 2021-12-07 02:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចលោកអ្នកបានដឹងស្រាប់ខ្លះៗហើយថា ភាគច្រើន ទាំងអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ (មិនត្រឹមតែសាជីវកម្មធំៗប៉ុណ្ណោះទេ) បាននិងកំពុងមើលឃើញអំពីអត្ថប្រយោជន៍នៃការមានសវនករផ្ទៃក្រៅពិនិត្យមើលអាជីវកម្ម និងបញ្ជាក់ពីជំហរហិរញ្ញវត្ថុរបស់ពួកគេ។ នៅពេលដែលអាជីវកម្មរបស់អ្នករីកចម្រើនកាន់តែច្រើន ការចុះបញ្ចីគណនេយ្យមានប្រតិបត្តិការកាន់តែច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃប្រហែលជាមិនត្រឹមតែនាំមកនូវហានិភ័យជាមូលដ្ឋានដូចជាការក្លែងបន្លំ ឬការមិនអនុលោមតាមបទប្បញ្ញត្តិនោះទេ ថែមទាំងនាំមកនូវហានិភ័យពន្ធដារជាដើមផងដែរ។ ហេតុដូច្នេះ សូមមកដឹងពីហេតុផលប្រាំបីយ៉ាងសំខាន់ដែលលោកអ្នកគួរចាប់ដៃគូជាមួយសវនករផ្ទៃក្រៅឆាប់ៗនេះដើម្បីទទួលបានសេវាសវនកម្មផ្ទៃក្រៅជាជាងចាំពេលក្រោយ៖

១. ការអនុលោមតាមច្បាប់បញ្ញត្តិផ្សេងៗ៖ អាជីវកម្មរបស់អ្នកអាចត្រូវបានតម្រូវឱ្យធ្វើសវនកម្មផ្ទៃក្រៅ ដោយសារបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដូចជាច្បាប់ស្តីពីការបោះមូលបត្រ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឬច្បាប់ស្តីពីគម្រោងដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ជាដើម។ ភាគីសវនកម្មផ្ទៃក្រៅអាចជួយធានាថាអ្នកកំពុងអនុវត្តតាមច្បាប់របស់រដ្ឋផ្សេងៗដែលទាក់ទិនទៅនឹងអាជីវកម្មរបស់អ្នក។ ការត្រួតពិនិត្យឯករាជ្យនេះអាចផ្តល់ឱ្យអ្នកនូវភាពប្រាកដថាអាជីវកម្មរបស់អ្នកកំពុងអនុលោមតាមបទប្បញ្ញត្តិទាំងនោះ។

២. អភិបាលកិច្ចល្អ៖ ការមានសវនកម្មផ្ទៃក្រៅជាប្រចាំបង្ហាញទៅកាន់អ្នកខាងក្រៅថាអាជីវកម្មរបស់អ្នកបាន នឹងកំពុងខិតខំដើម្បីសម្រេចបាននូវស្តង់ដារល្អបំផុតមួយដែលអាចធ្វើទៅបាន។ ដូចនេះហើយ អាជីវកម្មនោះ មិនបាច់មានការព្រួយបារម្មណ៍ចំពោះការត្រួតពិនិត្យរបស់សវនករផ្ទៃក្រៅទេ។ ច្រើនជាងនេះទៅទៀត នៅពេលដែលអាជីវកម្មមានការពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុនឬវិនិយោគិនដែលមិនបានធ្វើសកម្មភាពគ្រប់គ្រងដោយផ្ទាល់ក្នុងអាជីវកម្មនោះសេវាសវនកម្មផ្ទៃក្រៅជួយបន្ថែមទំនុកចិត្តបន្ថែមដល់ ភាគីទាំងនោះដោយសារតែអាជីវកម្មបានធ្វើឡើងស្របតាមគោលការណ៍ត្រឹមត្រូវ។

៣. ការទប់ស្កាត់ការក្លែងបន្លំ៖ ប្រសិនបើយើងគិតថា យើងជាម្ចាស់អាជីវកម្ម យើង នឹងជួលតែមនុស្សដែលយើងមានទុកចិត្តបំផុតតែប៉ុណ្ណោះ តែយើងមិនអាចដឹងទេថា គេជាអ្នកកេងបន្លំ ឬមិនមែន ដោយគ្រាន់តែក្រលេកមើលពួកគេតែមួយភ្លេត។ សវនកម្មផ្ទៃក្រៅនឹងពិនិត្យឡើងវិញនូវកំណត់ត្រាអាជីវកម្ម និងដំណើរការអាជីវកម្ម ដោយគ្មានទំនាស់ផលប្រយោជន៍ នៃទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។

៤. ការដេញថ្លៃការងារ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងឧស្សាហកម្មដែលការដេញថ្លៃការងារននោះវាគឺជារឿងធម្មតាទៅហើយដូចជាឧស្សាហកម្មសំណង់ដែលជារឿយៗគេតម្រូវអោយក្រុមហ៊ុនទាំងនោះមានរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករឯករាជ្យ។ ការនេះជាផ្នែកមួយ នៃដំណើរការដេញថ្លៃអាចផ្តល់ឱ្យអ្នកនូវអទិភាពឈ្នះការដេញថ្លៃទៅលើអាជីវកម្មដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

៥. តម្រូវការធនាគារ៖ ការផ្តល់ហិរញ្ញប្បទានជាញឹកញាប់អាចជាឧបសគ្គចម្បងសម្រាប់អាជីវកម្ម។ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទៅកាន់ធនាគារនៅពេលរៀបចំស្នើសុំកម្ចី អាចជួយបន្ថែមអត្រាជោគជ័យកាន់តែច្រើនចំពោះពាក្យស្នើរសុំរបស់អ្នក ដោយសារវាបានផ្តល់នូវទំនុកចិត្ត បន្ថែមទៀតដល់ធនាគារចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដំណើរការដែលបានអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នក។

៦. ការជួយកែលម្អប្រព័ន្ធដំណើរការអាជីវកម្ម៖ ទោះបីជាមិនមានភាពទន់ខ្សោយ ឬ ភាពខ្វះចម្លោះ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរកឃើញនៅពេលធ្វើសវនកម្មផ្ទៃក្រៅក៏ដោយ ក៏ការមានសវនកម្មផ្ទៃក្រៅអាចជួយស្វែងរកនូវផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់អ្នក ដែលប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុង របស់អ្នកអាចត្រូវបានកែលម្អអោយកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធ។

៧. ការផ្តល់ទំនុកចិត្តជូនអ្នកផ្តត់ផ្គង់សំខាន់៖ ប្រសិនបើអាជីវកម្មលោកអ្នកតម្រូវត្រូវទិញផលិតផលសំខាន់ៗពីអ្នកផ្គត់ផ្គង់អន្តរជាតិ ក្រុមហ៊ុនធំៗទាំងនោះតម្រូវអោយលោកអ្នកផ្ញើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យដើម្បីអោយប្រាកដថាក្រុមហ៊ុនលោកអ្នកមិនជាប់ទណ្ឌកម្មអន្តរជាតិ ជាក្រុមហ៊ុនស្អាតស្អំជាដើម។

៨. ការត្រៀមខ្លួនរួចជាស្រេចដើម្បីចុះបញ្ចីផ្សារមូលប័ត្រឬលក់ភាគហ៊ុន៖ នៅពេលអាជីវកម្មគ្រួសារមានការធំធាត់ដល់ចំនុចរបត់មួយ ការបង្វែរខ្លួនទៅជាក្រុមហ៊ុនសាធារណៈមិនមែនមួយថ្ងៃឬពីរថ្ងៃទេ។ ការមានសេវាសវនកម្មជាប្រចាំគឺជាការត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ចីនៅផ្សារមូលប័ត្រព្រោះច្បាប់តម្រូវអោយមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យយ៉ាងហោចណាស់ក៏ពីរទៅបីឆ្នាំដែរ។ ម្យ៉ាងវិញទៀតអ្នកវិនិយោគបុគ្គលដែលមានសក្តានុពលក៏ត្រូវការរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករឯករាជ្យផងដែរមុនសម្រេចចិត្តធ្វើការវិនិយោគ។

រៀបរៀងដោយ៖ លោក សាន្តចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ លេខចុះបញ្ចី៖ I-00344 Email: sankompheak@gmail.com Tel: 081 288 858

អត្ថបទថ្មី