JS Land PLC ចុះបញ្ជី IPO នៅលើទីផ្សារមូលបត្រកម្ពុជា ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន

  • 2022-02-10 10:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


JS Land PLC ("JSL") បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន តាមរយៈការក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទី២ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាកំណើននៃទីផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

ក្រុមហ៊ុន JSL បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៨ ឆ្នាំមកហើយ ហើយក៏បានបង្កើតកំណត់ត្រានៃការបញ្ចប់គម្រោងដោយជោគជ័យលើគម្រោងខុនដូ Garden Residency ក្នុងខណ្ឌសែនសុខក្នុងឆ្នាំ ២០១៩ ផងដែរ។

ខុនដូនេះមានកម្ពស់ ១៩ ជាន់ និងមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញតែម្ដង ដោយហេតុនេះហើយទើបខុនដូនេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ព្រោះវាជាខុនដូដែរមានតម្លៃសមរម្យដំបូងគេក្នុងរាជធានីភ្នំពេញ ខណៈដែលរាជរដ្ឋាភិបាលក៏បានបញ្ជាក់ថា ខណ្ឌសែនសុខនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រស់រវើកនាពេលអនាគត។

JSL បានបើកដំណើរការគម្រោង The Garden Residency 2 នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ គម្រោងនេះមានទីតាំងថិតនៅលើតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយជុំវិញសុទ្ធតែជាផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏គ្រោងនឹងបើកដំណើរការ Garden Residency 3 ក្នុងឆ្នាំ ២០២២ ជាមួយនឹងផែនការអភិវឌ្ឍន៍ ២០ ឆ្នាំនាពេលអនាគតផងដែរ។

ហើយថ្ងៃនេះ គឺជាថ្ងៃចុះបញ្ជីជាផ្លូវការនៃភាគហ៊ុនរបស់ក្រុមហ៊ុន JS Land Plc និងជាថ្ងៃដែលក្រុមហ៊ុនបានបើកទំព័រថ្មីមួយ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ៨ ឆ្នាំ ដើម្បីពង្រឹងជំហររបស់ខ្លួន និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា កុយ ឡឺសាន ប្រធានប្រតិបត្តិក្រុមហ៊ុន JS LAND JS Land PLC បានប្តេជ្ញាចិត្តថា៖ «ក្នុងរយៈពេលវែងខាងមុខ យើងនឹងបង្កើនអាជីវកម្មរបស់ខ្លួនអោយកាន់តែរីកចម្រើនខ្លាំង ហើយយើងជឿជាក់ថាការចេញលក់ជាសាធារណៈ និងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នឹងជួយយើងសម្រេចបាននូវគោលដៅនេះ។ ការរៃអង្គាសប្រាក់នៅក្នុង IPO នេះនឹងអនុញ្ញាតឱ្យយើងពង្រីក និងពន្លឿនផែនការមេរបស់យើងដែលយើងបានដាក់ចុះរួចជាស្រេចហើយ។ សំខាន់ជាងនេះទៅទៀត យើងជឿថាការក្លាយជាក្រុមហ៊ុនដែលបានចុះបញ្ជីនឹងផ្តល់ឱ្យយើងនូវការប្រកួតប្រជែងខុសគ្នាទាំងស្រុងលើដៃគូប្រកួតប្រជែងរបស់យើង នៅក្នុងពេលតែមួយនេះ យើងក៏អាចបង្កើតទំនុកចិត្តខ្ពស់ដល់អ្នកទិញ អ្នកវិនិយោគ និងអាជីវកម្មរបស់យើងទាំងអស់គ្នាផងដែរ»។

លោក Dato' Jack Yap នាយកប្រតិបត្តិនៃ JS LAND៖ «ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសម្រាប់ខុនដូដែលមានតម្លៃសមរម្យមួយនេះ ហើយរួមជាមួយការចុះបញ្ជីជាសាធារណៈរបស់យើង យើងនឹងអាចឈានចូលបានយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ និង ចាប់យកចំណែកទីផ្សារខុនដូដែលមានតម្លៃសមរម្យបន្ថែមទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងចង់ផ្តល់រង្វាន់ដល់ម្ចាស់ភាគហ៊ុនរបស់យើងជាមួយនឹងការកើនឡើងដើមទុនពិតប្រាកដ និងការទូទាត់ភាគលាភប្រកបដោយនិរន្តរភាព»។

លោក Ranarith Iv នាយកប្រតិបត្តិនៃក្រុមហ៊ុន RHB Securities Cambodia ដែលជាទីប្រឹក្សាចម្បងរបស់ក្រុមហ៊ុន និងជាអ្នកធានាទិញមូលបត្រសម្រាប់ IPO មានប្រសាសន៍ថា៖ «JS Land បានបង្កើតកំណត់ត្រាល្អក្នុងការ​អភិវឌ្ឍន៍​គម្រោងខុនដូរបៀបរស់នៅដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។ JS LAND នឹងក្លាយជាអ្នកអភិវឌ្ឍន៍ដំបូងគេដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ហើយនេះនឹងផ្តល់ឱកាសដល់សាធារណជនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យលំនៅដ្ឋានដែលកំពុងរីកចម្រើន ជាពិសេសផ្នែកខុនដូតម្លៃសមរម្យ ដែលបានចាប់ផ្តើមទទួលបានប្រជាប្រិយភាពពីសាធារណជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ IPO របស់ JSL គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទីផ្សារមូលធនកម្ពុជា ហើយខ្ញុំផ្ទាល់សង្ឃឹម និងជឿជាក់ថា IPO នេះនឹងត្រួសត្រាយផ្លូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគួរឱ្យគោរពកាន់តែច្រើនក្នុងការចុះបញ្ជីនៅក្នុង CSX។ IPO ប្រមូលបានទុនសរុបចំនួន 3.8 លានដុល្លារពីភាគហ៊ុនសរុប ៨,១ លាន ក្នុងតម្លៃ ០,៤៦៧ដុល្លារអាមេរិកក្នុងមួយហ៊ុន»៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី