ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ក្រុមហ៊ុន FWD Cambodia ចូលរួមសន្និបាតអន្តរជាតិ MDRT នៅទីក្រុងស៊ីដនី

  • 2022-09-09 04:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីចុងខែសីហា ឆ្នាំ២០២២ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតមួយរូបពីក្រុមហ៊ុន FWD Cambodia កញ្ញា កែវ ណារ៉េន បានចូលរួមសន្និបាតអន្តរជាតិ Million Dollar Round Table (MDRT) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌជាសមាជិកលំដាប់ពិភពលោក MDRT ឆ្នាំ២០២២។

ការចូលរួមនេះកើតឡើងក្រោមការអញ្ជើញពីសមាគមន៍ MDRT និងការជ្រោមជ្រែងពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដោយការខិតប្រឹងប្រែងរបស់កញ្ញា ណារ៉េន ក្នុងការប្រឹក្សា និងការផ្ដល់ដំណោះស្រាយការពារហិរញ្ញវត្ថុដ៏ល្អជូនអតិថិជន។សន្និបាតអន្តរជាតិ MDRT ឆ្នាំ២០២២ នេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ដើម្បីផ្តល់ឱកាសឱ្យទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ជួបសំណេះសំណាល និងភ្ជាប់ចំណងមិត្តភាពជាមួយគ្នា ហើយមានឱកាសបានរៀនសូត្រពង្រឹងសមត្ថភាពជាមួយអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «នេះជាមោទនភាពសម្រាប់យើងខ្ញុំដែលមានក្រុមការងារអាចឈានដល់ឆាកអន្តរជាតិ ហើយនេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងពីវិជ្ជាជីវៈ ការយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន និងដំណោះស្រាយបែបឌីជីថល ដែលទីប្រឹក្សារបស់យើងបានបំពេញដើម្បីផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជនផងដែរ»។

កញ្ញា កែវ ណារ៉េន ដែលបច្ចុប្បន្នគឺជាប្រធានអភិវឌ្ឍសមាជិក MDRT នៃក្រុមហ៊ុន FWD Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានមោទនភាពជាខ្លាំងក្នុងនាមជាកូនខ្មែរមួយរូប ដែលរួមចំណែកតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងសន្និបាតអន្តរជាតិមួយនេះ។ ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលបានផ្ដល់ទំនុកចិត្តដល់នាងខ្ញុំ ក៏ដូចជាដល់ក្រុមហ៊ុនដើម្បីការពារអនាគតហិរញ្ញវត្ថុក្នុងគ្រួសារ។ នាងខ្ញុំនឹងយកចំណេះដឹងថ្មីៗដែលទទួលបានពីសន្និបាតនេះដើម្បីផ្ដល់បទពិសោធន៍កាន់តែល្អជូនដល់អតិថិជន ក៏ដូចជាក្រុមការងារផងដែរ។»

MDRT គឺជាសមាគមឯករាជ្យលំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់លើស្តង់ដារនៃភាពល្អឥតខ្ចោះក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុ។ សមាជិករបស់សមាគមនេះត្រូវផ្ដល់សេវាកម្មល្អដែលមានគុណភាពខ្ពស់ប្រកបដោយក្រមសីលធម៌ ចំណេះដឹង និងផលិតភាពដល់អតិថិជន៕

អត្ថបទថ្មី