កម្ពុជា បាននាំចេញទំនិញទៅ កាណាដា ក្នុងទឹកប្រាក់ ៩៥៤,៨២ លានដុល្លារ ក្នុងឆ្នាំ២០២១
- 2022-02-11 09:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បាននាំចេញទំនិញទៅ កាណាដា ក្នុងទឹកប្រាក់ ៩៥៤,៨២ លានដុល្លារ ក្នុងឆ្នាំ២០២១
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បាននាំចេញទំនិញនានាទៅកាន់ប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយនឹងលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទាំង២ បានជួបពិភាក្សាគ្នា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំង២ ក៏ផ្តោតទៅលើការអភិវឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសដល់កម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ បានស្នើ លោកស្រីជាឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា។
ភាគីខាងកម្ពុជា ក៏បានស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ ផងដែរ។
លើសពីនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សម្តៅជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើកំណែទម្រង់គោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា៖ «កាណាដានឹងជំរុញការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ភាគីកាណាដាគាំទ្រជានិច្ចចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា»។
ម្យ៉ាងទៀត លោកស្រីបានសន្យាថានឹងយកសំណើខាងលើទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកាលើកសំណើជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា៕