បើមានទម្លាប់ចាយលុយ៥យ៉ាងនេះរាល់ថ្ងៃ ទោះប្រាក់ខែប៉ុន្មានលានក៏គ្មានថ្ងៃសល់ដែរ

  • 2021-10-28 07:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្មាន​នរណា​ម្នាក់​ដែល​ថា មិន​ចង់​សល់​លុយ​ឡើយ តែ​មនុស្ស​តិច​ណាស់​ចេះ​ច្បាស់​ពី​ក្បួន​ចាយ​លុយ ព្រោះ​មនុស្ស​ភាគ​ច្រើន​ចាយ​លុយ​ទៅ​តាម​ខួរ​ក្បាល​បញ្ជា។ ដូច្នេះ​ហើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឲ្យ​សល់​លុយ? ខាង​ក្រោម​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទម្លាប់​ចាយ​លុយ​មិន​ល្អ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​នឹង​សល់​លុយ៖

១. យក​ការ​ចំណាយ​អត់​ចាំបាច់ និង​ចំណាយ​ចាំបាច់​មក​ច្របល់​ជាមួយ​គ្នា

ចំណុច​នេះ គឺ​មានន័យ​ថា​ប្រាក់​ខែ​ដែល​បើក​ភ្លាម​ គួរ​លៃលក​លើ​ការ​ចំណាយ​ណា​ដែល​ចាំបាច់​ឲ្យ​អស់​សិន។ អ្វី​ដែល​ត្រូវ​ការ​ចំណាយ​ដើម​ខែ​ដូចជា៖ ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​សាលា​ជាដើម។ ឯ​ការ​ចំណាយ​ណា​ដែល​មិន​សូវ​ចាំបាច់​ដូច​ជា​សំលៀក​បំពាក់ កាបូប ស្បែក​ជើង សម្ភារៈ​និយម​មួយ​ចំនួន​ទៀត មិន​គួរ​យក​មក​បូក​លាយ​ឡំ​នោះ​ទេ។ កាល​ណា​យក​ទាំង​២​យ៉ាង​មក​ច្របូក​ចូល​គ្នា​នៅ​ដើម​ខែ ប្រាកដ​ជា​មិន​ដឹង​ថា​ចំណាយ​អស់​ទៅ​លើ​អ្វី​ខ្លះ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ពាក់​កណ្ដាល​ខែ​អស់​លុយ​ចាយ​រលីង​ក៏​មាន។

២. ចូលចិត្ត​តែ​ចំណាយ​អ្វី​ដែល​លើស​ពី​សមត្ថភាព

មាន​លទ្ធភាព​ចូល​ហាង​ទំនើប​រាល់​ថ្ងៃ មាន​សមត្ថភាព​ទិញ​របស់​ថ្លៃ​ប្រើ​តាម​ចិត្ត​ចង់​ តាម​កម្រិត​ប្រាក់​ខែ តែ​បាន​ត្រឹម​មួយ​គ្រប់​ៗ ហើយ​ចុង​ខែ​គ្មាន​លុយ​សល់​ គេ​មិន​ហៅ​អ្នក​ធូរធារ​ឡើយ គឺ​ហៅ​ថា​មនុស្ស​ចាយ​មិន​ចេះ​ប្រមាណ​ខ្លួន​ទៅ​វិញ​ទេ។ អ្វី​ដែល​គួរ​ធ្វើ គួរ​តែ​ទុក​លុយ​សម្រាប់​ការ​ចំណាយ​លើ​អាហារ​ថ្លៃៗ និង​របស់​ថ្លៃ​ៗ​ទាំង​នោះ មក​ជា​ប្រាក់​សម្រាប់​សន្សំ​ ហើយ​គួរ​ងាក​មក​ប្រើ​របស់​ណា អាហារ​ណា​ដែល​សមរម្យ​វិញ​ទើប​ជា​ការ​ប្រសើរ។ ប្រសិន​បើ​ចំណាយ​ទៅ​តាម​ទឹក​លុយ​ដែល​មាន​នៅ​ក្នុង​ដៃ ទោះ​អ្នក​ធ្វើ​ការ​រាប់​ឆ្នាំ​ទៀត​ក៏​មិន​សល់​លុយ​ផង។

៣. ឃើញ​សល់​លុយ​ច្រើន​នៅ​ចុង​ខែ​ខំ​បង្ហើយ​ឲ្យ​អស់

ចំពោះ​គំនិត​អ្នក​មាន​មិន​ថា​លុយ​ប៉ុន្មាន​សុទ្ធ​តែ​អាច​ទុក​សន្សំ​បាន​ទាំង​អស់​​ តែ​ផ្ទុយ​មក​វិញ​អ្នក​ដែល​មិនមាន​ផែនការ​សន្សំ បើ​ឃើញ​ចុង​ខែ​នៅ​សល់​លុយ​ច្រើន បែរ​ជា​ខំចាយ​ឲ្យ​អស់ ព្រោះ​អាង​ជិត​បើក​ប្រាក់​ខែ។ នេះ​ជា​ការ​យល់​ឃើញ​ខុស​ទាំង​ស្រុង បើ​ខំ​ចាយ​ត្បិតត្បៀត​តាំង​ពី​ដើម ខែ​បែរ​មក​ព្រលែង​ចោល​ចុង​ខែ តើ​មាន​ន័យ​អ្វី? លុយ​ចុង​ខែ​នេះ​ហើយ ជា​ឱកាស​ល្អ​ដែល​យើង​អាច​ទុក​សន្សំ​បាន មិន​ថា​លុយ​នោះ​ច្រើន ឬ​តិច​យ៉ាង​ណា​ក្ដី។

៤. ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ចុះ​ជាមួយ​អ្នក​មាន​ទាំង​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់

ការ​សេព​គប់​មិត្ត​ភក្ដិ​ក៏​ជា​កត្តា​សំខាន់ ក្នុង​ការ​ចាយ​វាយ​ដែរ ដើរ​ជាមួយ​អ្នក​អត់​ដូចគ្នា ទោះ​ហូប​តាម​ចិញ្ចើម​ផ្លូវ​អ្វី​ក៏​ឆ្ងាញ់ តែ​កូន​អ្នក​មាន​លុះ​ត្រា​ហាង​ទំនើប​ទើប​ទាន់​សម័យ។ អ្នក​មាន​ខ្លាំង​ទោះ​មួយ​ថ្ងៃ​គេ​ចំណាយ​ប៉ុន្មាន​ក៏​មិន​ខ្វល់ តែ​ចំពោះ​យើង​ត្រឹម​មាន​ប្រាក់​ខែ​ល្មម​មួយ​គ្រប់ៗ បើ​ហ៊ាន​តែ​ធ្វើ​ដូច​គេ​ប្រាកដ​ជា​វេទនា​ដល់​ខ្លួន​ឯង​មិន​ខាន។ ដូច្នេះ​ហើយ​បើ​មិន​ហ៊ាន​ប្រកែក​ការ​ណាត់ ការ​ជួប​ជុំ​ខ្លះ នោះ​ប្រាកដ​ជា​គ្មាន​ថ្ងៃ​សល់​លុយ​ឡើយ ព្រោះ​លុយ​ដែល​បម្រុង​នឹង​សល់​ត្រូវ​យក​ទៅ​ចំណាយ​ជាមួយ​នឹង​មនុស្ស​ទាំង​នោះ។

៥. ចាយ​ដោយ​ផ្អែក​តាម​អារម្មណ៍​មិន​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្ដែង

ចាយ​ទៅ​តាម​តម្រូវ​ការ​ចាំបាច់​ដែល​ខាន​មិន​បាន និង​ចាយ​ទៅ​តាម​អារម្មណ៍​គឺ​មាន​លក្ខណៈ​ខុស​គ្នា។ ចាយ​ទៅ​តាម​អារម្មណ៍​បញ្ជា​ជួន​កាល​វាមិន​មែន​ជាតម្រូវ​ការ​ចាំ​បាច់​ឡើយ មាន​ន័យ​ថា​ចាយ​ក៏​បាន​អត់​ក៏​បាន។ ជួន​កាល​ចំណាយ​លើ​របស់​អ្វីមួយ​ហើយ យើង​អាច​នឹង​នឹក​ឃើញ​ថា បើ​ពេល​នោះ​ខ្ញុំ​មិន​ទិញ​របស់​ហ្នឹង​ក៏​បាន ព្រោះ​ពេល​ទិញ​មក​ហើយ​ទុក​ចោល​ដដែល។ ដូច្នេះ​មុន​ចាយ​ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា តើ​វា​ពិត​ជា​តម្រូវ​ការ​ចាំបាច់​ដែរ​ទេ? ត្រូវ​សួរ​ខ្លួន​ឯង​គ្រប់​ពេល​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​សល់​លុយ​មែន៕ ​​

អត្ថបទថ្មី