កាន់តែដុនដាប! Facebook ធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនមានតម្លៃបំផុតទាំង១០ក្នុងពិភពលោក
- 2022-02-18 07:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែដុនដាប! Facebook ធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនមានតម្លៃបំផុតទាំង១០ក្នុងពិភពលោក
ចន្លោះមិនឃើញ
ក្រោយពីជួបភាពរង្គោះរង្គើនៅឆ្នាំនេះ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook លែងស្ថិតក្នុងក្រុមហ៊ុនដែលមានតម្លៃបំផុតទាំង១០របស់ពិភពលោកទៀតហើយ។
តម្លៃភាគហ៊ុនរបស់ Meta ធ្លាក់ចុះប្រមាណជា៤០% តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ក្រោយពីក្រុមហ៊ុននេះ បានបញ្ចេញរបាយការណ៍ថា មូលដ្ឋានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ Facebook បានដាំក្បាលចុះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
បណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ បានបាត់បង់អ្នកប្រើប្រាស់ប្រមាណជា១លាននាក់ ចាប់ពីត្រីមាសទី៣ រហូតដល់ត្រីមាស៤ ក្នុងឆ្នាំ២០២១។
ការប្រកាសពីការធ្លាក់ចុះនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Meta ធ្លាក់ចុះរហូតដល់ ២៦,៤%ត្រឹមតែរយៈពេល១ថ្ងៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ដែលនាំឲ្យមានខាតបងភាគហ៊ុនលើទីផ្សារក្នុងទឹកប្រាក់២៤០លានដុល្លារអាមេរិក។ តួលេខនេះ គឺជាការខាតបង់ប្រាក់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនសាជីវកម្មសហរដ្ឋអាមេរិក។
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់លោក Mark Zuckerberg ក៏បានរងនូវផលប៉ះពាល់ផងដែរ។ ទ្រព្យសម្បត្តិនាពេលបច្ចុប្បន្នរបស់លោក មានចំនួន៧៨,៨ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះប្រមាណជា៤៦ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ។
ចាប់តាំងពីពេលនោះមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានបន្តធ្លាក់ចុះជាលំដាប់ ពោលគឺធ្លាក់ចុះ១៣%បន្ថែមទៀត រហូតមកទល់ពេលនេះ។
ការធ្លាក់ចុះយ៉ាងគំហុកនេះ បានធ្វើឲ្យ Meta ធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមដែលមានតម្លៃបំផុតក្នុងពិភពលោក ដោយសារតែមូលប័ត្រទីផ្សារ។ បើយោងទៅតាមចំណាត់ថ្នាក់ដែលបង្ហាញនៅលើគេហទំព័រ Bloomberg បច្ចុប្បន្ន Meta ស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ក្នុងនាមជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពិភពលោក ដោយមានមូលប័ត្រលើទីផ្សារក្នុងទឹកប្រាក់៥៦៥,៤ពាន់លានដុល្លារអាមេរិក។
បើយោងទៅតាម Bloomberg ដដែល ក្រុមហ៊ុន Meta កាលពីមុន ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយសារតែការកើនឡើងតម្លៃភាគហ៊ុនដ៏ខ្ពស់បំផុតកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១៕