ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា អបអរសាទរមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងឆ្នើមប្រចាំធនាគារជាដៃគូ

  • 2022-03-03 03:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានប្រារព្ធកម្មវិធីរាត្រីសមោសរដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «នាំមុខគេ-ជានិរន្តរ៍» ដើម្បីអបអរសារទរដល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងឆ្នើមសម្រាប់សមិទ្ធផលនៅក្នុងឆ្នាំ ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាតាមបណ្តាធនាគារដៃគូ (ធនាគារ ABA និង ស្ថាបនា) ផងដែរ។

កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដើម្បីប្រគល់ពានរង្វាន់ និងការទទួលស្គាល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ឆ្នើមៗប្រមាណ ៤០ រូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រចាំការនៅតាមធនាគារដៃគូទាំងពីរគឺ ធនាគារស្ថាបនា និងធនាគារ ABA ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការប្រឹក្សា និងដំណោះស្រាយអនាគតហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ខ្ញុំបាទពិតជាមានមោទនភាពចំពោះសមិទ្ធផលដ៏អស្ចារ្យ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងគ្រប់រូបរហូតទទួលបាន លទ្ធផលជាទីគាប់ចិត្តនេះ បើទោះជាមានការប្រឈមខ្លាំងពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២១ ក៏ដោយ។ ហេតុនេះហើយ ក្រុមហ៊ុននៅតែបន្តកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារក្សាតំណែងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានចំណែកទីផ្សារធំជាងគេនៅកម្ពុជាសម្រាប់ឆ្នាំ ២០២០ និង ២០២១ (យោងតាមចំនួនបុព្វលាភធានារ៉ាប់រងថ្មី)»។

លោកបានបន្តថា៖ «ចាប់តាំងពីយើងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ មក យើងបានការពារអនាគតហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាង ១១ ម៉ឺនគ្រួសារ និងបានផ្តល់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជាង ៧ លានដុល្លារអាមេរិករួចមកហើយ។ ជាមួយនឹងសុខសន្តិភាពពេញលេញ និងកំណើននៃកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ ១០ ឬ ២០ ឬ ៣០ ឆ្នាំខាងមុខ តាមរយ:គម្រោងធានារ៉ាប់រងអាយុជីវិតជាមួយ មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនមានបទពិសោធន៍អាជីវកម្មនៅទូទាំងសកលលោកជាង ១៥៥ ឆ្នាំ ជាមួយភាពរឹងមាំនៃផ្នែកហិរញ្ញវត្ថុ សេវាកម្មបម្រើអតិថិជន និងកិត្តិនាមលំដាប់ពិភពលោករបស់យើង»។

លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានដៃគូចែកចាយតាមធនាគាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា៖ «ភាពជោគជ័យនៅក្នុងការផ្តល់សេវា និងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់គឺជាការសបញ្ជាក់ឲ្យឃើញពីគុណភាព ចំណេះដឹង ភាពមានវិជ្ជាជីវ: ភាពប៉ិនប្រសព្វ និងការបេ្តជ្ញាចិត្តរបស់ មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មដ៏ថ្មីស្រឡាងមួយនេះ។ ខ្ញុំក៏សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូធនាគារទាំងពីរ (ធនាគារស្ថាបនា និង ABA) ដែលតែងតែជួយជ្រោមជ្រែង គាំទ្រ និងផ្តល់ជំនឿចិត្តមកលើក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងបេសកកម្មផ្តល់ការការពារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនធនាគារ»។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា មេនូឡាយហ្វ៍ មានមោទនភាពដែលបានរួមចំណែកក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ដោយយើងឈរលើមូលដ្ឋានចម្បងនៃភាពត្រឹមត្រូវ ការគោរពពាក្យសន្យា និងផ្តល់ទំនុកចិត្តដល់អតិថិជន។ ក្នុងន័យនេះ ការបង្កើត និងបង្កើនទំនុកចិត្តពីមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ក៏ដូចជាបុគ្គលិកគឺជាមូលដ្ឋានដ៏ចាំបាច់ និងជាបុរេលក្ខខណ្ឌមួយរបស់ក្រុមហ៊ុនដើម្បីឈានឆ្ពោះទៅរកការទទួលបានទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជន៕

ដើម្បីក្លាយជាមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមទាក់ទង៖

ដើម្បីក្លាយជាមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមទាក់ទង៖

អ្នកនាង នួន ចន្ទ័នារីរ័ត្ន

អុីមែល៖ channearyroth_noun@manulife.com

លេខទូរស័ព្ទ និងតេឡេក្រាម៖ 086 545 868

សម្រាប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់ https://www.manulife.com.kh/km/products.html

អត្ថបទថ្មី