ចុងភៅល្បីឈ្មោះ២រូប នៅសាំងហ្គាពួរធ្វើដំណើរមកកម្ពុជា បង្កើតមុខម្ហូបថ្មីៗឱ្យភោជនីយដ្ឋាន The Asian Kitchen(TAK) ជាម៉ាកយីហោភោជនីយដ្ឋានបង្កើតឡើងដោយកូនខ្មែរ

  • 2022-04-02 09:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងចុងខែមីនា ឆ្នាំ២០២២ នេះ ចុងភៅល្បីឈ្មោះ២រូប មកពីសាំងហ្គាពួរ គឺលោក Too Heng Kiam និងលោក Teck Soon Yong ដែលមានបទពិសោធន៍ជាចុងភៅនៅសាំងហ្គាពួរជាង ៣០ ឆ្នាំ បានធ្វើដំណើរឆ្លងប្រទេសមកដល់ភោជនីយដ្ឋាន The Asian Kitchen (TAK) ជាម៉ាកយីហោភោជនីយដ្ឋានក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរផ្ទាល់ គឺលោក គួច សុខលី ជាអគ្គនាយកក្រុមហ៊ុនយីនកុកហ្វូដខប។ ការមកដល់កម្ពុជារបស់ចុងភៅល្បីឈ្មោះនៅសាំងហ្គាពួរទាំង ២ រូប នេះ គឺដើម្បីស្រាវជ្រាវបង្កើតមុខម្ហូបថ្មីៗពិសេសៗបន្ថែមទៀត ដាក់បញ្ចូលក្នុងបញ្ជីរមុខម្ហូបរបស់ភោជនីយដ្ឋាន The Asian Kitchen (TAK) តាមរសជាតិដើមរបស់អាហារបែបសាំងហ្គាពួរ ចិន និងម៉ាឡេស៊ី។

តាំងពីពេលបើកដំណើរការដំបូងក្នុងឆ្នាំ២០១៣ ភោជនីយដ្ឋាន The Asian Kitchen (TAK) មានមោទនភាពជាភោជនីយដ្ឋានម៉ាកយីហោរបស់ខ្មែរដំបូងគេ ដែលមានចុងភៅល្បីឈ្មោះមកពីសាំងហ្គាពួរផ្ទាល់ បានមកស្រាវជ្រាវបង្កើតមុខម្ហូបពិសេសៗប្រចាំហាងតាមរសជាតិដើមរបស់អាហារបែបសាំងហ្គាពួរ ចិន និងម៉ាឡេស៊ី រួមមានប្រភេទសាច់ខ្វៃពិសេស ដូចជាសាច់ទាខ្វៃ មាន់ខ្វៃ ជ្រូកខ្វៃ ឆាស៊ីវ ក៏ដូចជាបាយសាច់ខ្វៃ មីសាច់ខ្វៃ បន្លែជ្រក់តៃវ៉ាន់ តៅហ៊ូ សាយ៉ និងគាវជាដើម។

តាមរយៈការមកដល់កម្ពុជាក្នុងឆ្នាំ២០២២នេះ ចុងភៅជំនាញទាំង ២ រូប ក៏បានស្រាវជ្រាវច្នៃប្រឌិតបង្កើតបានជាមុខម្ហូបថ្មីៗជាច្រើនមុខបន្ថែមទៀត ដូចជា មីចាជាំង មីចំឡកគោគោក មីទាញក្តាមសកហឹរ មីគាវបំពង បាយឆាសាច់គោពិសេស ស៊ុបខ្យងផ្លិតសាច់មាន់ ស៊ុបគាវ ស៊ុបជូរហឹរ ខគោពិសេស ស្លាបមាន់កាពិ ឆាសាច់គោម្រេចខ្មៅនិងខ្ទឹមស សាច់ជ្រូកបីជាន់រុំបង្គារ និងត្រីចំហុយបន្ទះ។ ជាមួយគ្នានេះ ក៏មានបង្អែមនិងភេសជ្ជៈជាច្រើនមុខទៀតដូចជា តែទឹកដោះគោសណ្តែកក្រហម ទឹកកកឈូសពិសេស ចាប់លៀង ទឹកចាហួយខ្មៅ និងទឹកពុទ្រានិងទឹកមៀនជាដើម។

ការស្រាវជ្រាវបង្កើតមុខម្ហូបថ្មីៗបន្ថែមទៀតនេះ គឺដើម្បីធានាថា អតិថិជនដែលមកទទួលទានអាហារនៅ The Asian Kitchen (TAK) នឹងទទួលបានជម្រើសអាហារកាន់តែសម្បូរបែបជាមួយរសជាតិដូចគ្នា នឹងរសជាតិដើមរបស់អាហារនៅសាំងហ្គាពួរ ចិន និងម៉ាឡេស៊ី។ ដូច្នេះអតិថិជនមិនពិបាកចំណាយពេលធ្វើដំណើរទៅក្រៅប្រទេសទៀតនោះទេ នៅពេលដែលចង់ទទួលទានអាហារបែបសាំងហ្គាពួរ ចិន និងម៉ាឡេស៊ី។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ លោក Too Heng Kiam និងលោក Teck Soon Yong ក៏បានបញ្ចេញស្នាដៃចម្អិនមុខម្ហូបពិសេសៗបង្កើតថ្មីទាំងនោះដោយផ្ទាល់ដៃ ជូនដល់ភ្ញៀវកិត្តិយសជាច្រើនរូប ដែលជាដៃគូសហការជាមួយភោជនីយដ្ឋាន The Asian Kitchen(TAK) បានសាកល្បងទទួលទានមុនគេផងដែរ មុននឹងការដាក់បញ្ចូលក្នុងបញ្ជីរមុខម្ហូបប្រចាំភោជនីយដ្ឋាន The Asian Kitchen (TAK) នៅពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីបានទទួលទានភ្លក្សរសជាតិរួច ភ្ញៀវកិត្តិយសទាំងអស់មានការកោតសរសើរនិងពេញចិត្តយ៉ាងខ្លាំង ចំពោះរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមុខម្ហូបថ្មីៗទាំងអស់ ដែលពិតជាមានរសជាតិដូចជាម្ហូបអាហារនៅសាំងហ្គាពួរ ចិន និងម៉ាឡេស៊ី ពិតមែន។

គួរបញ្ជាក់ថា ភោជនីយដ្ឋាន The Asian Kitchen (TAK) ជាម៉ាកយីហោភោជនីយដ្ឋានក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ ដែលបម្រើជូនអាហារឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ ស្តង់ដារចម្អិនអាហារមានគុណភាពនិងអនាម័យខ្ពស់លំដាប់អន្តរជាតិ អមដោយសេវាកម្មរួសរាយរាក់ទាក់ និងមានកន្លែងអង្គុយប្រកបដោយផាសុកភាពធំទូលាយ។ បច្ចុប្បន្នភោជនីយដ្ឋាន The Asian Kitchen (TAK) មាន ៣ សាខា នៅរាជធានីភ្នំពេញ រួមមានសាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ សាខាផ្សារទំនើបសុរិយា និងសាខាផ្លូវ 222៕

អត្ថបទពេញនិយម
អត្ថបទថ្មី