៦សន្លឹក បង្ហាញអំពីសកម្មភាព​ នៃ​ការ​ធ្វើ​ក្អម-ឆ្នាំង របស់​អ្នក​ខេត្ត​ កំពង់ឆ្នាំង

  • 2021-10-27 09:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តកំពង់ឆ្នាំង ជាខេត្តភាគកណ្ដាល​ នៃ​ប្រទេស​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភ្ញៀវ​ទេសចរណ៍​និយមចូលចិត្ត​ទៅកម្សាន្ត​នៅ​តំបន់​នេះ ព្រោះសម្បូរ​ទេសចរណ៍​បែប​ធម្មជាតិ ជាពិសេស​នោះ ភ្ញៀវ​ទេសចរណ៍​រមែង​ចង់​ទៅ​ទស្សនា​ការ​​ធ្វើ​ក្អម-ឆ្នាំង និង​វត្ថុអនុស្សាវរីយ៍​ ធ្វើ​ពី​ដីឥដ្ឋ​ក្នុង​ខេត្ត​នេះ។ ដូច្នេះ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​ សូម​បង្ហាញ​ពី សកម្មភាព​ខ្លះៗ នៃ​សិប្បកម្ម​កុលាលភាជ មួយ​កន្លែង​ក្នុង​ខេត្ត​នេះ ចែកជូនប្រិយមិត្ត​ដូចខាងក្រោម៖

១. អ្នក​ស្រី យឹម ពៅ វ័យ​៤៥ឆ្នាំ ម្ចាស់​សិប្ប​កម្ម​កុលាល​ភាជ និង​ជា​អ្នក​ប្រមូល​ទិញ​កុលាលភាជ​ម្នាក់ នៅ​ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង។ ដូច​អ្នក​ភូមិ​ឯ​ទៀត​ដែរ អ្នក​ស្រី​ចេះ​ផលិត​ក្អមឆ្នាំង​ពី​ដីឥដ្ឋ​ដើម្បី​ប្រើ​ប្រាស់ ត​ពី​មនុស្ស​ចាស់​ជំនាន់​មុន។ ប៉ុន្តែ អ្នកស្រី​បាន​ក្លាយ​ជា​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ​ពី​ដីឥដ្ឋ និង​ជា​អ្នក​ប្រមូល​ទិញ​នៅ​២០០០​បន្ទាប់​ពី​អ្នក​ស្រី​ទទួលការ​បណ្ដុះបណ្ដាល​ការផលិត​ពី​ដីឥដ្ឋ​ពី​អង្គការ​អាល្លឺម៉ង់​មួយ។

២. អ្នកស្រី ជន់ ម៉ុម វ័យ២៤​ឆ្នាំ គឺជា​អ្នក​ផលិត​ក្អមឆ្នាំង និង វត្ថុ​អនុស្សាវរីយ៍ ឬ​របស់​របរ ធ្វើ​ពី​ដីឥដ្ឋ​លក់​ឱ្យ អ្នក​ស្រី យឹម ពៅ។ អ្នក​ស្រី ម៉ុម ចាប់ផ្ដើម​ធ្វើ​ការងារ​របស់​ខ្លួន តាំង​ពី​ព្រឹក​ព្រលឹម​​ទល់​ល្ងាច។ នៅ​ក្នុង​រូប​នេះ អ្នកស្រី ម៉ុម កំពុង​ច្របល់​ដីឥដ្ឋ​ដែល​អ្នក​ស្រី​ទិញ​ពី​ឃុំ​ផ្សេង ឱ្យ​សព្វ​ស្មើ​សាច់​ល្អ មុននឹង​អ្នកស្រី​សូន​វា​ទៅ​ជា​របស់​របរ​ផ្សេងៗ​តាម​តម្រូវ​ការ។

៣. អ្នកស្រី. ម៉ុម កំពុង​សូន​ដីឥដ្ឋ អោយ​ទៅ​ជា​ក្រឡ សម្រាប់​សន្សំ លុយ​។ ក្នុងមួយថ្ងៃ អ្នក​ស្រីម៉ុម អាច​សូន​ដីឥដ្ឋ ផលិត​ជា​ក្រឡ​ បាន​ប្រហែល ៥០​ក្រឡ។​

៤. ក្រឡ​ដែល​ផលិត​រួច​ហើយ ត្រូវ​ដាក់​សំដិល​ឱ្យ​ស្ងួត​ល្មម ។ បន្ទាប់​មក​ទើប​អ្នក​ស្រី ម៉ុម ប្រើ​កូន​កាំបិត ឬ ខ្នោស​កោស​ ឬ​ឆ្លាក់​ផ្នែក​ខ្លះ​នៃ​ក្រឡ​នោះ ឱ្យ​ចេញ​ជា​រូប ឬ​ផ្កា​ភ្ញី​ផ្សេង​ៗ។ ឆ្លាក់​រួច​ហើយ​ គេ​រក្សា​ក្រឡ​នោះ​ក្នុង​ទី​ស្ងួត មុន​នឹង​យក​វា​ទៅ​ដុត​នៅ​ក្នុង​ឡ​។

៥. ប្រហែល​កន្លះ​ខែ បន្ទាប់​ពី​ក្រឡ​ទាំង​នោះ​ស្ងួត​ល្អ​ និង​មាន​ចំនួន​ច្រើន​ល្មម​ហើយ គេ​យក​ក្រឡ​នោះ​ទៅ​ដុត ក្នុង​ឡ​។​ អ្នក​ធ្វើ​ក្អម​ឆ្នាំង​ក្នុង​ឃុំ មិន​មាន​ឡ​ដុត​គ្រប់តែ​ផ្ទះ​នោះ​ទេ។ ដូច្នេះ​ហើយ​ គេ​ត្រូវ​ទៅ​ជួល​ឡ របស់​ម្ចាស់​ណា​ម្នាក់​ក្នុង​ភូមិ។ ការ​ដុត​ក្អម​ឆ្នាំង​នេះ​ ធ្វើ​ឡើង​រយៈ​ពេល១ថ្ងៃ ​រហូត​ដល់​វា​ឆ្អិន​ល្អ និង​ឡើង​ពណ៌​ស្រស់​ស្អាត ទើប​គេ​ឈប់​បន្ថែម​ឧស ហើយបិទឡផ្ងំវា១យប់។ លុះ​ព្រឹក​ស្អែក​ទើប​គេ​បើក​ឡ​យក​ក្រឡ​ចេញ។ នៅ​ក្នុង​រូប​នេះ​ ម្ចាស់​ឡ កំពុង​ជញ្ជូន​ក្រឡ​សន្សំ​ប្រាក់ ដាក់​ចូល​ក្នុង​ឡ​ដើម្បី​ដុត។​

៦. បន្ទាប់ពី ក្អម​ឆ្នាំង ឬ ក្រឡ របស់​ខ្លួន​ដុត​រួច​ហើយ ម្ចាស់​របស់​វា​ តែង​ហៅ​ទូរសព្ទ​ទៅ​អ្នក​ស្រី យឹម ពៅ ឱ្យ​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​។ ការ​បង់​ប្រាក់​ធ្វើ​ឡើង​ភ្លាមៗ​ទៅ​តាម​ចំនួន​មុខ​ទំនិញ​ និង​ទូទាត់​ប្រាក់​ខ្លះ ដែល​អ្នក​ធ្វើ​ក្អម​ឆ្នាំង បាន​បើក​ពី​អ្នក​ស្រី​អ្នក​ស្រី យឹម ពៅ មុន​ពេល​ពួក​គេ​ផលិត​បាន។ ក្អម​ឆ្នាំង ក្រឡ វត្ថុ​អនុស្សាវរីយ៍ ឬ របស់​របរ​ប្រើ​ប្រាស់​ពី​ដីឥដ្ឋ ដែល​ទិញ​បាន​ហើយ អ្នក​ស្រី យឹម ពៅ តែង ដឹក​តាម​រថយន្ត​ទៅ​លក់​បន្ត​នៅ តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​។ នៅ​ក្នុង​រូប​នេះ អ្នក​ស្រី យឹម ពៅ កំពុង​រាប់​ចំនួន​ក្រឡ​សន្សំ​ប្រាក់ នៅ​ក្នុង​ឃ្លាំង​ស្តុក​របស់​អ្នក​ស្រី​ មុន​នឹង​ប្រមូល​ដាក់​រថយន្ត​ដឹក​ទៅ​តាម​ខេត្ត៕

អត្ថបទពេញនិយម
អត្ថបទថ្មី