តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បង្រៀន​និយោ​ជិត​​កម្ពុជា​ជំនាន់ក្រោយ?

  • 2021-10-28 04:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ដំណើរឆ្ពោះ​ទៅកាន់​អនា​គត រាល់​ធាតុ​ផ្សំ​ទាំង​អស់ សុទ្ធ​សឹង​​ជាផ្នែក​ដ៏សំខាន់​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ជាមួយ​​គ្នានេះ ប្រទេស​ជា​ច្រើន​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្វើ​ការ​​ប្រកួត​ប្រជែង​គ្នា​ផ្នែក​សេដ្ឋ​កិច្ច​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​​ប្រទេស​ជិត​ជិត​ខាង​របស់​ខ្លួន ដែលកំពុង​តែមាន​​ការ​អភិវឌ្ឍ​លឿន​។

ប៉ុន្តែ បើ​ទោះ​បីកម្ពុជា មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​នៅ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុង​នេះ​ក៏ដោយ ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែមួយ ពី​អង្គភាព​ក្នុងស្រុក ដូច​ជា ភ្នាក់​ងារ​ជាតិ​ការ​ងារ និង​មុខរបរ និង​អង្គភាព​កម្រិត​ពិភព​លោក​ដូច​ជា ធនា​គារ​ពិភព​លោក រក​ឃើញ​ថា «គម្លាត​​ជំនាញ​» របស់ប្រទេស​កម្ពុជា បានថយ​ចុះ​យ៉ាង​យឺត​​។ បើ​ទោះ​បី​​កម្លាំង​ពល​កម្ម​ជា​សកល ជួប​ការលំបាក​ក្នុងការ​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវ​ការមិនជាក់​លាក់​នៃ​សង្គម​ឌីជីថល​ដែលមាន​ការ​កើន​ឡើង​ក៏ដោយ ប៉ុន្តែ កម្ពុជា​ អាច​នឹង​ចាញ់​ប្រៀប​ខ្លាំង ប្រសិន​បើ​វិស័យ​សា​ធារណៈ និង​ឯក​ជន​របស់​ប្រទេស​នេះ មិន​អាច​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ផល​​ប្រយោជន៍​រួម​បាន​ទេ​នោះ​​។

ដើម្បី​អាន​ព័ត៌មាន​នេះ ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់៖ Sea Globe

លោកម៉ សុភា អ្នក​ជំនាញ​ផ្នែក​បណ្តុះ​បណ្តាលនៅ​ការិយាល័យ​ប្រចាំ​កម្ពុជា​របស់​ធនា​គារអភវិឌ្ឍន៍​អាស៊ី បាន​ឲ្យដឹងថា កាលពីមុន ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នេះ មិន​​អាច​រក​ឲ្យ​ឃើញមតិ​ស្រប​គ្នា​ទៅលើ​របៀប​ក្នុងការ​ដោះស្រាយ​គម្លាត​ជំនាញឡើយ​។

លោកសុភា បាន​ឲ្យដឹងថា៖​ «ភាគី​ទាំង​២ដែលរួម​មាន​វិស័យ​សា​ធារណៈ និង​ឯក​ជន បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​​ទៅមក​។ វិស័យ​ឯក​ជនបាន​យល់​ឃើញ​ថា នេះ​មិនមែន​ជាការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឡើយ ប៉ុន្តែ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុងការ​ផលិតកម្លាំង​ពល​កម្ម​ដែល​មានគុណភាព​»​។

លោក​សុភា បាន​និយាយ​ថា ការ​​ខ្វែង​គំនិត​គ្នា​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​បង្កើត​ឲ្យមាន​ឧបសគ្គ​ដ៏ធំមួយ​ចំពោះ​ការ​សហ​ការ​គ្នា​ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​បណ្តុះ​បណ្តាល​កម្មករ ឬ​ការ​អប់រំ​ជា​បន្ត​បន្ទាប់​​។ ប៉ុន្តែ បច្ចុប្បន្ន លោក​ជឿជាក់​ថា មេដឹកនាំ​ឧស្សា​ហកម្ម នៅព្រះ​រាជាណាចក្រ​កម្ពុជា កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ចំណុចផ្លាស់ប្តូរមួយ ដើម្បី​ទទួលយក​តួនាទី​ដ៏សំខាន់ ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​។

គោល​ដៅ​នោះ​ត្រូវ​បាន​ធ្វើ​ឲ្យ​សម្រេច​មួយ​ផ្នែក​ធំតាមរយៈ​​ការ​បណ្តាក់​ទុន​នា​ពេល​ថ្មី​ៗ​នេះ​ទៅលើ​បណ្តាញ​នៃ​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេសរបស់​កម្ពុជា​ ដែលជា​ចំណុច​មនុស្ស​ជា​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​ជា​យូរ​មកហើយ​កាលពីមុន​។

ក្រោម​ជំនួយ​ពី​ធនា​គារ​អភិវឌ្ឍ​អាស៊ី ចាប់​តាំងពីឆ្នាំ​២០១៧ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ បាន​អនុវត្ត​ផែន​ការ​សាក​ល្បងមួយ​ស្តីពី​មូលនិធិភិវឌ្ឍ​ជំនាញ ដើម្បី​​កសាង​ភាព​ជា​ដៃគូរវាង​អ្នក​ផ្តល់​​វគ្គ​បណ្តុះ​បណ្តាល និង​អ្នក​តំណាង​ឲ្យ​ឧស្សា​ហកម្ម ពីមក​វិស័យ​នានា​ដែលមាន​អាទិភាពខ្ពស់​។

គោល​ដៅនៃមូលនិធិនេះ ដែលត្រូវ​បាន​ដំណើរ​ការ​ជាមួយ​នឹង​ទឹកប្រាក់​៥​លានដុល្លារ​​អាមេរិក ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ គឺចង់​ឲ្យមានការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​លើ​ផ្នែក​បច្ចេក​ទេស និង​កម្មវិធី​ដែលផ្តល់​មូល​និធិ​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​នានា ដែល​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅនឹង​តម្រូវ​ការ​​នៃ​ចំណុច​ដែល​មាន​ការ​រីក​ចម្រើន​ទាំង​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បច្ចេក​វិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង ក៏ដូច​ជា​សំណង់ អេឡិចត្រូនិក និង​ការ​ផលិត ផងដែរ​។

លោក​សុភា បាន​បញ្ជាក់ថា មក​ទល់ពេលនេះ ឧស្សាហកម្ម បាន​ធ្វើ​ការ​​លើ​ការ​អភិវឌ្ឍ​របស់​កម្មវិធី​​បណ្តុះ​​បណ្តាល​រួម​គ្នា​ចំនួន​២០ ដែល​បាន​​ផ្តល់​ទៅ​ឲ្យ​សិក្ខា​កាម​ប្រមាណ​ជា​៤០០០នាក់ ចាប់​តាំងពី​ឆ្នាំ​២០១៨​មក​។ ការ​ចំណាយ​រួម​គ្នា​ពី​វិស័យ​ឯក​ជន គឺ​មាន​ចន្លោះ​ចាប់ពី​២៥ ទៅ​៥០% ដែល​ជា​វិភាគ​ទាន​ទៅលើ​ផ្នែក​ហិរញ្ញ​វត្ថុ ឬប្រភេទ​ជា​អំណោយ​នានា​។ វិភាគ​ទាន​ជា​​អំណោយទាំងនោះ រួមមាន សម្ភារ​បណ្តុះ​បណ្តាល និង​ឧបករណ៍​នានា ក៏ដូច​ជា​ពេល​វេលា​ពី​គ្រូឧទ្ទេស​ដែល​មាន​បទពិសោធ​ច្រើនក្នុង​វិស័យ​ឧស្សា​ហកម្ម​។

ក្នុង​ឆ្នាំ​២០២១នេះ ធនា​គារ​អភិវឌ្ឍ​អាស៊ី មានគម្រោងផ្តល់​វិភាគ​ទាន​បន្ថែម​ចំនួន​៧លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​មូល​និធិ​សាក​ល្បង និង​អភិវឌ្ឍ​សមត្ថភាព​រដ្ឋា​ភិបាល ដើម្បី​​គ្រប់គ្រង​កម្មវិធីនេះ​ឲ្យ​បាន​ប្រកប​ដោយ​និរន្ត​រ​ភាព​។

លោក​សុវភា បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា បន្ទាប់​ពី​គម្រោង​សាកល្បងនេះ និង​រាល់កិច្ច​ខិត​ខំ​ប្រឹង​ប្រែងកសាង​ការ​យល់​ដឹង និង​ការ​ផ្តល់​ប្រឹក្សា​នានា ទី​បំផុត​វិស័យ​ឯក​ជន បាន​ចាប់​អារម្មណ៍កាន់​តែ​ខ្លាំង​លើ​​ការ​រៀប​ចំកម្មវិធីបែបនេះ​​។ ពួកគេ​យល់​ដឹង​ពីកន្លែង​ដែល​វិទ្យាស្ថាន​បណ្តុះ​បណ្តាល ត្រូវ​ការ​ការ​បណ្តាក់ទុន ហើយ​នរណា​ដែលអាចផ្តល់​ឲ្យ​ពួក​គេ​នូវកម្មវិធី​បណ្តុះ​បណ្តាល​ប្រកបដោយ​គុណ​ភាព​។ បន្ទាប់​មក វិស័យ​ឯក​ជន​ អាច​សហ​កា​រជាមួយ​នឹង​ស្ថាប័ន​បណ្តុះ​បណ្តាល​ ដើម្បី​បង្កើត​កម្មវិធីនានា និង​បញ្ជូន​ទៅកាន់​មូលនិធិ​អភិវឌ្ឍ​ជំនាញសាកល្បង ដើម្បី​ទទួលបាន​កម្មវិធី​បណ្តុះ​បណ្តាល​ទាំង​នោះ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​»​។

ផែន​ការ​ការ​ងារ​រវាង​​វិស័យ​សា​ធារណៈ និង​ឯក​ជន​សម្រាប់​ការ​​បណ្តុះ​បណ្តាល​ថ្មីនេះ កំពុង​តែ​បង្ហាញពី​សញ្ញា​នៃ​ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​អនា​គត ហើយ​លោក​សុភា បាន​និយាយ​ថា កម្ចី​​ជា​បន្ត​បន្ទាប់​ពី​ធនា​គារ​អភិវឌ្ឍ​អាស៊ី និង​ស្ថាប័ន​ផ្សេង​ទៀត អាច​ធ្វើការ​ពង្រីក​វិសាល​ភាព​បច្ចេក​ទេស​កាន់​តែ​ឆាប់​រហ័ស​បន្ថែមទៀត នៅ​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា​។

ប៉ុន្តែ បើយោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ទៅលើ​ផល​វិបាក​រយៈពេល​វែង​នៃ​គម្លាត​ជំនាញ វាពិត​ជាលំបាក​ណាស់ក្នុងការ​និយាយ​ឲ្យហួសពី​ការ​ពិត​ពី​ភាព​​ចាំ​បាច់ចំពោះ​​តម្រូវ​ការ​សម្រាប់ការប្រមូល​ផ្តុំ​​ការ​បណ្តុះបណ្តាលក្នុង​ទំហំដ៏ធំ​។

គ្រប់ករណី​​ទាំង​អស់ កម្មករនិយោជិត​​នៅព្រះ​រាជា​ណាចក្រកម្ពុជា ពិត​​ជា​មានផលវិបាក​ចំពោះ​​ការ​​ទទួល​បាន​ជំនាញ ខណៈ​ដែល​អង្គ​ការ​ពល​កម្ម​អន្ត​រជាតិ បាន​បញ្ជាក់កាលពីឆ្នាំ​២០១៨​​ថា ការ​រួម​ចំណែកក្នុង​អត្រា​ចូលរួម​​កម្លាំង​ពល​កម្ម​សរុប គឺ​ជា​អត្រា​មួយ​ក្នុងចំណោម​អត្រា​ខ្ពស់​បំផុត​នៅអាស៊ី​។

ប៉ុន្តែ ស្រ​ប​ពេល​ជាមួយ​គ្នា​នេះ អង្គ​ការ​ជាច្រើន ដូច​ជា ធនា​គារ​ពិភព​លោក បានបង្ហាញពី​កង្វល់​ដ៏ធំ​ស្តីពី​ការ​ខ្វះ​ជំនាញ និង​ផល​វិបាក​​ផ្នែក​សេដ្ឋ​កិច្ច​រយៈពេល​វែង​ជា​សក្តានុពលរបស់ខ្លួន​។

អ្នក​និពន្ធរបាយ​ការណ៍​​ការ​ងារ​នាពេល​អនាគត​របស់កម្ពុជាឆ្នាំ​២០១៩ ឲ្យ​ធនា​គារ​ពិភព​លោក កត់​សម្គាល់​ឃើញ​ថា កម្មករជា​មធ្យម នៅកម្ពុជា ទទួល​បាន​ការ​អប់​រំ​សរុប​តិច​ជាង ៦,៥​ឆ្នាំ និង​មាន​ឱកាស​តិច​តួច​ណាស់ក្នុងការ​រៀន​សូត្រ​ពី​ជំនាញថ្មី នៅក្នុង​អាជីព​របស់​ពួក​គេ​។ របាយ​ការណ៍​ដដែល បង្ហាញ​ថា ក្រុមហ៊ុនច្រើន​ជាង​១៧% ដែល​ត្រូវ​បាន​ស្ទង់​មតិ​ដោយ​ធ​នា​គារ បានរក​ឃើញ​ថា «កម្លាំង​​ពល​កម្ម​ដែលមាន​ជំនាញ​មិនគ្រប់គ្រាន់» គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​អាជី​វកម្ម ខណៈ​ដែល​នៅ​អាស៊ី​ខាង​កើត​កើត មាន​តែ​ឡាវ​ប៉ុណ្ណោះ ដែល​ឈរ​លើ​គេ​។

បើ​ក្រឡេក​មើល​​​ឆ្នាំ​នៃ​ការ​រក​ឃើញ​ដូចគ្នា​នេះ លោក​ជា តារា ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ នៅ​អង្គ​ការ វិទិការអនាគត Future Forum មើលឃើញពី​លំនាំដែល​កើត​ឡើង​ដដែលៗនៃ​ភាព​មិនស៊ី​សង្វាក់គ្នា​រវាង​ប្រព័ន្ធ​អប់​រំ និង​ទីផ្សារ​ការ​ងារ​​។

លោក​តារា បាន​​ឲ្យដឹងថា៖ «យ៉ាង​ណា​មិញ នៅពេល​ដែល​សិស្ស-និស្សិត កំពុងបញ្ចប់​ការ​អប់​រំ ឬ​កម្មវិធី​បណ្តុះ​បណ្តាល​របស់​ពួក​គេ ជំនាញ​ដែលពួក​គេ​បាន​ទទួល​ មិន​មាន​តម្រូវ​ការ​ជា​ពិសេសនៅក្នុង​ទីផ្សារ​ការ​ងារ​ឡើយ​។ គម្លាត​ទំនាញ គឺ​ជា​បញ្ហា​ដ៏ធំមួយ [នៅកម្ពុជា] ដែល​បង្ហាញ​ប្រាប់​យើង​ថា មាន​ការ​បរា​ជ័យ​លើផ្នែក​ផ្គត់ផ្គង់ពោលគឺ​ប្រព័ន្ធ​អប់​រំតែម្តង​»​។

អ្នក​និពន្ធ​ជាច្រើន​​របស់​ធនា​គា​រពិភព​លោក បាន​អធិប្បាយ​យ៉ាង​វែង​ន​អន្លាយ​ទៅលើ​ភាព​បរា​ជ័យ​នោះ នៅក្នុង​របាយ​ការណ៍​ ការ​ងារ​នាពេល​អនា​គត​របស់ពួកគេ​។

ក្នុង​ពេល​សង្កត់​ធ្ងន់​ទៅលើ​ភាព​យឺត​យ៉ាវ​នៃ​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើងក្នុង​វិស័យ​​អប់​រំ អ្នក​និពន្ធដាស់​តឿន​រំឭក​​ក្នុង​របាយ​ការណ៍​ថា ប្រព័ន្ធ​សាលារៀន​លក្ខខណៈ​ប្រពៃណី ប្រហែល​ជា «មិនមែន​ជា​ដំណោះស្រាយ» ចំពោះ​កម្លាំង​ការ​ងារ​ពេល​បច្ចុប្បន្នឡើយ​។ អ្នកនិពន្ធ​ទាំង​នោះ ក៏​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈ​មនានា​​ដែលនៅ​ចំពោះមុខ ក្នុងនោះ​រាប់​បញ្ចូល​ទាំងប្រព័ន្ធ «ដែល​ត្រូវ​បាន​បំ​បែក​ជា​កំណាត់ៗ និង​តូច​ៗ» ស្តីពី​​ការអភិវឌ្ឍជំនាញ​ដែលមាន​ក្នុង​ពេល​​ចេញផ្សាយ​​។

នៅក្នុង​អ៊ីម៉ែល​ឆ្លើយ​ទៅ​កាន់ Globe លោកហេង សួ អ្នក​នាំ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​និយាយ​ថា ក្រសួង កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​​អង្គ​ការ​ជា​ដៃគូ​ជាច្រើន ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់​លើ​ចំណុច​នានា​ដែល​ត្រូវ​ធ្វើ​ការ​កែ​សម្រួល​ឲ្យល្អ​ប្រសើរ​ឡើង​។ ភាព​ជា​ដៃគូ​ទាំង​នោះ​រួម​មាន កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយនឹង​ក្រុម​អភិវឌ្ឍ​អន្តរ​ជាតិ​ ដូច​ជា​ធនា​គារ​អភិវឌ្ឍ​អាស៊ី និង​​អង្គ​ភាព​គាំទ្រ​ដោយ​រដ្ឋរួម​មាន ភ្នាក់ងារ​អភិវឌ្ឍ​បារាំង និង​ភ្នាក់​ងារ​អភិវឌ្ឍ​ជប៉ុនហៅ​កាត់ថា JICA។

ទាក់នឹង​ខាង​សា​ជីវកម្ម​វិញ លោក​ហេង សួ បាន​បញ្ជាក់​ថា ក្រសួង បាន​ធ្វើ​ការ​ជាមួយ​នឹងក្រុមហ៊ុន​លក់​រថយន្ត Toyota និងក្រុមហ៊ុន​ពហុសាជីវកម្ម​ក្នុង​ស្រុក​មួយ​​ចំនួន​ដូច​ជា ខេ ស៊ីមែន និង​ជីប ម៉ុង ដើម្បី​វាស់​វែង​តម្រូវ​ការ​​របស់​ទីផ្សារ​ការ​ងារក្នុងស្រុក​។

លោក​មិន​បាន​រៀប​រាប់​ឲ្យបាន​លម្អិត​ពី​​ការ​សហ​ការ​គ្នា​ទាំង​នេះ​ឡើយ ប៉ុន្តែ លោក​ហេង សួ បានផ្តល់​ទិន្នន័យ​ពីការ​របាយ​ការណ៍​អង្កេត​ដែល​ប្រមូល​បាន​សម្រាប់​របាយ​ការណ៍​ការងារ​ឆ្នាំ​២០២០ និងត្រូវ​បាន​ផលិត​ដោយភ្នាក់ងារការ​ងារ​ជាតិ (NEA) ដោយ​របាយ​ការណ៍​នេះ បាន​បង្ហាញ​ទាំង​ជំនាញ​ដែល​​និយោ​ជិត​កម្ពុជា​ភាគ​ច្រើន​ឲ្យ​​តម្លៃ និង​គិត​ថា មាន​តម្រូវ​​ការ​ខ្ពស់​នា​ពេល​អនា​គត ក៏ដូច​ជា​ទំនាញ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា កំពុង​តែ​ខ្វះ​ខាត​បំផុត​ក្នុង​ទីផ្សារ​ការ​ងារ​ថ្មី​ ផង​ដែរ​។

ជំនាញ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ និងកំពុង​តែ​ខ្វះ​ខាត​ជាង​គេ​ចំនួន​៤ រួម​មាន​ភាសា​អង់គ្លេស ជំនាញផ្នែក​បច្ចេក​ទេស ទំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​អនុ​វត្តផ្ទាល់​។

ទាក់​នឹង​ផ្នែក​​ផ្សេ​ង​ទៀត​ស្តីពី​ការ​អង្កេតដដែលនេះដែល​និយាយ​ពី​សេចក្តី​លម្អិតពី​​ដើម​ហេតុនៃ​នានា «នៃ​ទីផ្សារ​ការ​ងារ​ដែល​ពិបាករក​​អ្នក​បំពេញ» ក្នុង​បញ្ជី​ឈ្មោះ​បុគ្គលិក និយោ​ជក​ជា​ច្រើន បានបញ្ជាក់​ប្រាប់​ភ្នាក់ងារការ​ងារ​ជាតិថា ពួ​ក​គេ​មាន​ការ​ពិបាកក្នុងការ​​ប្រកួតប្រជែង​ជាមួយនឹងក្រុមហ៊ុនផ្សេង​ ដើម្បី​ទាក់​ទាញ​បេក្ខ​ភាព​ដែល​ឆ្លង​កាត់​​ការ​បណ្តុះបណ្តាល​។

ករណី​ពិត​ទាំ​ង​នេះ ស្ទើរ​តែ​មិនមានព្រំ​ដែន​ឡើយចំពោះ​កម្ពុជា ប៉ុន្តែ វា​ជា​រឿង​ធម្ម​តា​​សម្រាប់​និយោជកក្នុង​ស្រុក ក្នុងការ​ធ្លាក់​ចូល​ក្នុង​ឧបសគ្គ​ទាំង​នេះ នៅពេល​ដែលស្វែង​អ្នក​ជំនាញ​ផ្នែក​បច្ចេក​ទេស ឬ​ជំនាញ​ជាន់ខ្ពស់​​។

លោក Ken White នា​យក​គេហ​ទំ​ព័រ​ស្វែ​ងរក​ការ​ងារ​ធ្វើ​របស់​កម្ពុជា Bongthom.com បាន​បញ្ជាក់​ថា បើ​ទោះ​បី​​គេហ​ទំ​ព័រ​រក​ការ​ងារ​ធ្វើ​របស់​លោក បាន​បង្ហាញ​ពី​និន្នា​ការ​ឆ្ពោះ​ទៅកាន់​ទី​តាំង​រឹង​មាំ​ជាង​មុន​នៃការ​ប្រមូលផ្តុំ​ដោយ​អ្នក​មាន​ទេពកោសល្យ​ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះ​បណ្តាលក្នុង​ស្រុក​ក៏ដោយ ប៉ុន្តែ ក្រុមហ៊ុន​ជាច្រើន ដែលលោក​ធ្វើ​ការ​ជាមួយ នៅ​តែមាន​តម្រូវ​ការ​ខ្ពស់​ជាង​នេះ ដើម្បី​ជួល​​បុគ្លលិក​ជាន់​ខ្ពស់​។

លោក White បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា ការ​ងារ​ជាច្រើន​ដូច​ជា​ការ​ងារ​​ប្រតិបត្តិ​កម្រិត​ខ្ពស់ នៅ​តែ​ត្រូវ​បាន​បំពេញ​ដោយ​អ្នក​ដែលមក​ពី​ខាងក្រៅ ឬ​អ្នក​ដែល​បញ្ចប់ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ការ​ងារ​ទាំងនោះ មិនត្រឹម​តែ​ត្រូវ​ការ​ចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ត្រូវ​​ការ​បទពិសោធ​ផង​ដែរ​»​។

ការ​ខ្វះ​ខាត​និយោជិត​​ដែល​ទទួល​បានការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេក​ទេស មិនធ្វើ​ឲ្យ​បាត់​បង់​សន្ទុះ​នៃ​សដ្ឋ​កិច្ច​កម្ពុជា ឡើយ ខណៈ​ដែលភាគី​ពាក់​ព័ន្ធ​សង្ឃឹម​ថា នឹង​ជួយជំរុញ​ឲ្យប្រទេស​​នេះ​ក្លាយ​ជា​ប្រភព​ផ្តល់​ប្រាក់ខែ​ខ្ពស់ នៅ​ត្រឹម​ឆ្នាំ​២០៥០​។

វិល​ត្រឡប់​ទៅ​កាន់​ក្រសួ​ង​ការ​ពារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ លោក​ហេង សួរ បាន​បញ្ជាក់​ថា ការិយាល័យ​របស់​លោក​បាន​សហ​ការ​ជាមួយនឹង​​ក្រសួង​​ជាច្រើនដូចជា ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​កិច្ច​ការ​នារី ដើម្បី​ព្យាយាម​ជំ​រុញ​ឲ្យមាន​ការផ្លាស់ប្តូរ​ក្នុងកម្លាំង​​ពលកម្ម ដូច​ជា ការផ្លាស់​​ប្រព័ន្ធ​អប់​រំ និងលើកកម្ពស់​ឱកាស​ការ​ងារ​សម្រាប់​ស្ត្រី ផងដែរ​។

ការ​កែ​ទម្រង់​កាន់​តែ​ទូលាយ​បន្ថែម​ទៀត​លើ​វិស័យ​អប់​រំ​សា​ធារណៈ​របស់​កម្ពុជា ដែល​បាន​ជួបផល​វិបាក​​​អស់​រយៈ​ពេល​ជា​យូរ​មក​​ហើយ​ជាមួយនឹង​ការ​ខ្វះ​ធន​ធាននានា ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​គ្រូបង្រៀន​ដែល​​ទទួល​បាន​ប្រាក់​ខែ​តិច និង​ទទួលការ​បណ្តុះ​បណ្តាល​តិច​តួច​ផ​ង​ដែរ អាច​ជា​ច្រក​ចេញ​មួយ​។

ស្រប​ពេលជាមួយគ្នានេះ គ្រាប់​ពូជ​នៃ​ដំណោះ​ស្រាយពីវិស័យ​ឯក​ជន ចំពោះ​គម្លាត​ទំនាញ បានផ្តល់​ផ្លែផ្កា​ហើយ ដោយ​​ភាគ​ច្រើន​នៃ​សមិទ្ធផល​ទាំ​ងនេះ បាន​កើត​ចេញពីការ​ខិតខំព្យាយាម​ជាច្រើន ពោល​គឺ​ចាប់​ពី​កម្មវិធី​សប្បុរស​ធម៌ រហូត​ដល់​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​។

DataU ដែល​ជាក្រុមហ៊ុន​វិភាគ​ទិន្នន័យ និង​​ជា​ក្រុមហ៊ុន​ស្វែង​រក​ការ​ងារ​ឲ្យធ្វើ គឺ​ជា​​អង្គភាពមួយ​ក្នុងចំណោម​អង្គភាព​ជួយ​ផ្តល់​វគ្គ​បណ្តាល​ផ្នែក​បច្ចេក​ទេស​។ ក្រុមហ៊ុននេះ បាន​ដំណើរ​ការ DataU ដើម្បី​ផ្តល់​ការ​បណ្តុះ​បណ្តាល​ឧស្សា​ហកម្ម​ដើម្បី​ដុះ​ខាត់​ជំនាញ​អ្នក​វិភាគ​។ មក​ទល់​ពេលនេះ សិក្ខាកាម​២៥នាក់ បាន​ឆ្លង​កាត់​ការ​បណ្តុះ​នេះ ហើយ​សិក្ខាកាម​៤៥នាក់ផ្សេង​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​វគ្គ​បណ្តុះ​បណ្តាល​របស់​ខ្លួនក្នុងឆ្នាំ​២០២១​នេះ​​វិញ​៕

ប្រភព​ព័ត៌​មាន៖ Sea Globe

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី