ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន គ្រប់សាខាទូទាំងប្រទេស

  • 2021-11-25 02:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមកនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធទិវាអតិថិជនដើម្បីថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខាទាំង១៤ និងបង្កើតនូវបរិយាកាសរីករាយថ្មី ព្រមទាំងការផ្តល់វត្ថុអនុស្សាវរីយ៍ ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមកកាន់សាខាធនាគារ។

កាន់តែពិសេស អតិថិជនទទួលបានបទពិសោធន៍សេវាកម្មបម្រើអតិថិជនគួរឲ្យរំភើបភ្ញាក់ផ្អើល ដោយគណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) បានធ្វើការបម្រើសេវាកម្មធនាគារ នៅបញ្ជរសាខាដោយផ្ទាល់ ក្នុងឱកាសនោះទៀតផង។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាវប្បធម៌របស់ធនាគារ CIMB ដើម្បីសម្តែងអំណរគុណ ដល់អតិថិជន ដែលតែងតែបន្តគាំទ្រដល់ធនាគាររៀងរហូតមក ជាពិសេសក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩ ជិតពីរឆ្នាំកន្លងមកនេះ។

មិនតែប៉ុណ្ណោះ នេះក៏ជាឱកាសស្វែងយល់ និងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ រវាងគណៈគ្រប់គ្រងរបស់ធនាគារ និងអតិថិជន ដើម្បីឲ្យធនាគារ CIMB អាចយល់ដឹងកាន់តែច្បាស់ អំពីចំណុចល្អៗ និងខ្វះខាតនានា ដែលអតិថិជនចង់ឲ្យបំពេញបន្ថែម និងកែតម្រូវ ក្នុងគោលបំណងបង្កើននូវសេវាកម្មបម្រើអតិថិជនឲ្យកាន់តែល្អប្រសើរឡើង។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «ក្រៅពីបង្កើនការភ្ជាប់ទំនាក់ទំនង និងភាពស្និទ្ធស្នាល ជាមួយនឹងអតិថិជន ធនាគារ CIMB ប្រារព្ធទិវាអតិថិជននេះជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ ក្នុងការបំពេញសេចក្តីត្រូវការ និងតម្រូវការ ផ្នែកហិរញ្ញវត្ថុរបស់អតិថិជន សំដៅផ្តល់ជូនការបម្រើសេវាកម្មធនាគារកាន់តែប្រសើរឡើង ទន្ទឹមនេះទិវានេះក៏ជាឱកាសសម្រាប់ថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានបង្ហាញនូវការបន្តគាំទ្រដ៏ស្មោះស្ម័គ្រ និងជឿជាក់ ចំពោះធនាគារ CIMB ជានិច្ចជាកាល ជាពិសេសអំឡុងពេលរាតត្បាតជាសកល នៃជំងឺកូវីដ ១៩ ជិតពីរឆ្នាំកន្លងមកនេះ។ ផ្អែកលើបទពិសោធន៍ ដែលបានប្រឈម និងជម្នះជាមួយគ្នាកន្លងមកនេះ បាននាំឲ្យយើងខ្ញុំស្វែងយល់កាន់តែច្បាស់ នូវសេចក្តីត្រូវការ ធានាជោគជ័យ ផ្នែកហិរញ្ញវត្ថុរបស់អតិថិជន។ ឆ្លងតាមការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ ទីបំផុត យើងទាំងអស់បានរីកធំធាត់ព្រមៗគ្នា»។

លោកពិសិដ្ឋ ដែលជាអតិថិជនមួយរូប របស់ធនាគារ CIMB ចាប់តាំងថ្ងៃបើកដំណើរការដំបូង បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ចាប់តាំងពីជ្រើសរើសធនាគារ CIMB ជាដៃគូហិរញ្ញវត្ថុរបស់ខ្ញុំមក អាជីវកម្មខ្ញុំទទួលបានភាពរីកចម្រើនជានិច្ច ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែខ្ពស់ ចំពោះធនាគារនេះ។ ដោយសារធនាគារ CIMB មានបណ្តាញសាខា ក្នុងតំបន់អាស៊ាន វាពិតជាបានជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ ពេលខ្ញុំធ្វើដំណើរក្រៅប្រទេស។ ខ្ញុំពេញចិត្តនូវការយកចិត្តទុកដាក់ ចំពោះអតិថិជន របស់បុគ្គលិកធនាគារនេះ និងការទទួលយកមតិយោបល់ស្ថាបនា និងកែតម្រូវចំណុចខ្វះខាតរហូតមក។ ខ្ញុំធ្លាប់បានចូលរួមកម្មទិវាអតិថិជននៃក្នុងឆ្នាំមុនៗក្នុងបរិយាកាសសប្បាយរីករាយជួបជុំ ជាមួយនឹងសាខាធនាគារ CIMB ផ្សេងទៀតផងដែរ»។

គួរបញ្ជាក់ផងដែរថា មានអតិថិជនរាប់រយនាក់ ដែលបានរីករាយចូលរួមប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខា របស់ធនាគារ CIMB ទូទាំងប្រទេស អំឡុងពេលមួយថ្ងៃនេះ។

ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ នៅកម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍រំភើបរីករាយនេះ ជារៀងរាល់ឆ្នាំ សម្រាប់អតិថិជន ដែលតែងតែបន្តគាំទ្រ និងជួយជំរុញឲ្យធនាគារ CIMB មានភាពរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។

ក្នុងនាមជាធនាគារ ដែលតែងតែផ្តោតការយកចិត្តទុកដាក់បំផុត ចំពោះអតិថិជន ធនាគារ CIMB នឹងរៀបចំកម្មវិធីភ្ជាប់ទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល ជាមួយនឹងអតិថិជនផ្សេងៗទៀត នាពេលខាងមុខផងដែរ៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី