វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបនៅកម្ពុជា ផ្តោតលើប្រធានបទ៣ធំៗ និងបញ្ចប់ដោយរលូន

  • 2021-11-25 06:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាតាមបែបរូបវ័ន្ត និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ការអមនៃកិច្ចប្រជុំកំពូល ASEM13 បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាជាទីមោទនៈ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាសរបស់​ក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃម្សិលមិញ​។

សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន សែន បានធ្វើជាអធិបតី និងបានថ្លែងសុន្ទរកថាដ៏ខ្លីមួយដើម្បីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នេះឡើង ស្របពេលដែលវេទិកា បានផ្តោតជាពិសេសលើការពិភាក្សាលើចំណុច៣ធំៗ។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប នេះ ត្រូវបានរៀបចឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអនុភាវូនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ក្នុងគោលបំណងពង្រឹងភាគីនិយម ដើម្បីកំណើនរួមគ្នា។

ជាមួយគ្នានេះ អង្គភាពពាក់ព័ន្ធទាំងអស់មកពីវិស័យសាធារណៈ និងឯកជន ក៏បានធ្វើបទបង្ហាញលើប្រធានបទ៣ផ្សេងទៀត ក៏ដូចជាចែករំលែកទស្សនៈ បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន នៃប្រទសសមាជិក ASEM ផងដែរ។

បទបង្ហាញទាំង៣នោះ ផ្តោតខ្លឹមសារជាសារវ័ន្ត ជុំវិញសារៈសំខាន់នៃពហុភាគីនិយម ដោយផ្សារភ្ជាប់នឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជសេរី ទ្វេភាគី និងពហុភាគី។

ទាំងនេះ នៅតែជាកត្តាគន្លឹះក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងកំណើន ដែលក្នុងនោះមានបដិវត្តឧស្សាហកម្ម៤.០ ឌីជីថលនីយកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជំរុញឲ្យមានផលិតភាពផលិតកម្ម ភាពប្រកួតប្រជែង និងពិពិធកម្មសដ្ឋកិច្ច សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃការបង្កើនចំណូល និងការងារ ព្រមទាំងសហគ្រិនភាពសម្រាប់យុវជន និងស្ត្រី។

បទបង្ហាញដដែល ក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ី និងអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅធានាភាពធន់នៃខ្សែច្រវាក់តម្លៃ និងខ្សែក្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ដែលរួមចំណែកជាកម្លាំងចលករដល់ការអភិវឌ្ឍពាណិជ្ជកម្ម វិនិយោគ និងការបង្កើតការងារ ពិសេសជំរុញឧស្សាហូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។

តំបន់អាស៊ី និងអឺរ៉ុប ចាំបាច់ត្រូវរួមដៃគ្នាអនុវត្ត សំដៅធានាកំណើន ក្នុងបរិបទនៃសក្តានុពលពាណិជ្ជកម្មសកលដែលពោរពេញដោយភាពធន់ ភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងបញ្ញាសិប្បនិម្មិត គឺជាចំណុចផ្តើម និងជាមធ្យោបាយដែលភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវតែចាប់យក ដើម្បីធ្វើជាឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទនៃឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី។

វេទិកានេះ ក៏ផ្តោតជាពិសេសលើការពិភាក្សាលើចំណុច៣សំខាន់ៗ រួមមាន ភាពរឹងមាំនៃឧស្សាហកម្ម ៤.០ និងភាពប្រស៊ីគ្នានៃពាណិជ្ជកម្មអាស៊ី និងអឺរ៉ុប អំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩ ដើម្បីធានាឲ្យបានបរិយាកាស និងមូលដ្ឋានគ្រឹះនៃកំណើនប្រកបដោយបរិយាប័ន្ន បង្កើតស្ថានប័នតាមកម្រិតជំនាញនីមួយៗ ក្នុងន័យ​បញ្ជ្រៀប​បដិវត្តឧស្សាហកម្ម ៤.០ ប្រកបដោយប្រសិទ្ធិភាព ត្រៀមលក្ខខណៈរៀបចំកម្លាំងពលកម្ម និងរៀបចំរចនាសម្ព័ន្ធធុរកិច្ចឲ្យល្អប្រសើរឡើងវិញ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ទាំងក្នុងតំបន់ និងអន្តរជាតិ។

ដោយឡែក កិច្ចពិភាក្សាទី២ ផ្តោតលើ ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្ម ៤.០៖ ការរួមបញ្ចូលពហុភាគីនិយម និងឌីជីថលនីយកម្ម ដើម្បីបន្តពង្រឹងយន្តការពហុភាគី ផ្តោតសំខាន់លើភាពជាដៃគូយ៉ាងសកម្មភាពរវាងរដ្ឋ និងឯកជន និងផ្តល់ការអនុចាំបាច់ និងការលើកទឹកចិត្ត ក្នុងគោលបំណងលើកកម្ពស់ការចូលរួមពីសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម។

ជាចុងក្រោយ កិច្ចពិភាក្សាលើកទី៣ ផ្តោតលើជាសំខាន់លើ ការលើកកម្ពស់ខ្សែវាក់តម្លៃ និងច្រវាក់ផ្គត់ផ្គង់សកល ដើម្បីកាត់បន្ថយបញ្ហាប្រឈមដែលជាផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី