សហគ្រិនខ្មែរ ដំណើរការកម្មវិធីត្រៀមខ្លួនវិនិយោគលើ SME ដំបូងបង្អស់នៅកម្ពុជា ដើម្បីពង្រឹងធុរកិច្ចបង្កើតថ្មី

  • 2021-12-17 03:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២១៖ «សហគ្រិនខ្មែរ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដាក់ចេញនូវកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ ដើម្បីពង្រឹងធុរកិច្ចបង្កើតថ្មី (startups) និងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុង ការគៀងគរហិរញ្ញប្បទានពីខាងក្រៅ តាមរយៈការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព ព្រមទាំងបង្កើតបណ្តាញវិនិយោគិន និង ធនាគារិកនានា។

កម្មវិធីនេះទទួលបានការគាំទ្រថវិកាផ្តាច់មុខពី «សហគ្រិនខ្មែរ» និងអនុវត្តដោយ OBOR។ កម្មវិធីនេះនឹងជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និង ស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន បន្ថែមឡើងមួយកម្រិតទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានថ្លែងថា៖ «ការលើកកម្ពស់ លទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានគាំទ្រដល់ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាធាតុសំខាន់មួយ ក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចរបស់ពួកគាត់។ កង្វះខាតនៃលទ្ធភាពទទួលបាន ហិរញ្ញប្បទានគាំទ្រនេះ គឺជា ឧបសគ្គដ៏ធំមួយចំពោះធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្រោយបញ្ចប់កម្មវិធីនេះទៅ យើងសង្ឃឹមថា ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមអាចគៀគរទុនបន្ថែមថ្មីបានកាន់តែច្រើន»។

ក្រៅពីការបណ្តុះបណ្តាល និងការគាំទ្រ១ ទល់ ១ កម្មវិធីនឹងមានកញ្ចប់ប្រាក់រង្វាន់សរុប១៥០០០ដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យមឆ្នើមៗ អមជាមួយទុនថ្មីៗផងដែរ។ រង្វាន់ទឹកប្រាក់នេះគឺទទួលបានការឧបត្ថម្ភពីធនាគារ ABA ស្ថាប័នមីក្រូហរិញ្ញវត្ថុ AMK ធនាគារ Wing និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

អាស្រ័យដោយ OBOR មានសមាសភាពជាវិនិយោគិន សហគ្រិន និងប្រតិបត្តករ ក្រុមហ៊ុននឹងជួយផ្តល់ វគ្គបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាពជាក់ស្តែងដែលអាចឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនេះគៀងគរបានទាំងកម្ចី និងទុន។

កន្លងមក OBOR បានវិនិយោគ និងបណ្តុះបណ្ដាលដំណាលគ្នានូវសហគ្រាសធុនតូច និងមធ្យមឈានមុនគេជាច្រើននៅកម្ពុជា ក្នុងវិស័យចម្បងៗដូចជា ផ្នែកគ្រប់គ្រងកាកសំណល់ ផ្គត់ផ្គង់ទឹក ពាណិជ្ជកម្មតាមអនឡាញ កក់សំបុត្រតាមអនឡាញ ដោយត្រួសត្រាយវិធីសាស្រ្ត ផ្ទេរជំនាញពិតៗ ទៅកាន់ទីផ្សារ។

OBOR បានកសាងអាជីវកម្មជាមួយក្រុមហ៊ុនឈានមុខគេចំនួន៣នៅកម្ពុជារួមមាន GAEA (ក្រុមហ៊ុនប្រមូលកាកសំណល់លេខ១នៅកម្ពុជា) KWSH (ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅជនបទឈានមុខគេ) និង Camboticket (ប្រព័ន្ធប្រមូលផ្តុំភ្នាក់ងារទេសចរណ៍ដ៏ធំមួយ)។

លោក Christophe Forsinetti អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន OBOR បានថ្លែងថា៖ «យើងខ្ញុំមានក្តីសោមនស្សជាខ្លាំងដែលបានធ្វើការជាមួយ «សហគ្រិនខ្មែរ» ក្នុងកម្មវិធីនេះ ដោយសារនេះជាជំហានសំខាន់មួយក្នុងការពង្រឹងបរិប្រព័ន្ធគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ដែលជាការយកចិត្តទុកដាក់របស់ OBOR អស់ជាច្រើនឆ្នាំមកហើយ។ យើងខ្ញុំទន្ទឹងនឹងគាំទ្រ ឱ្យក្រុមហ៊ុនកម្ពុជាថ្មីៗ ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខក្នុងវិស័យរបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ»។

កម្មវិធីនឹងរើសយកសហគ្រាសធុនតូច និងមធ្យមឆ្នើមៗ នៅកម្ពុជាដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និងស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ថែមឡើងមួយកម្រិតទៀត។

មានហេតុផលសាមញ្ញៗ៣យ៉ាងដែលសហគ្រាសធុនតូច និងមធ្យមនានា គួរដាក់ពាក្យចូលរួម ពោលគឺ ទី១ នេះជាកម្មវិធី សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេ នៅកម្ពុជាដែលដឹកនាំដោយវិនិយោគិនក្នុងស្រុកដែលមានបទពិសោធន៍មួយរូប។ ទី២ នឹងមានកញ្ចប់ប្រាក់រង្វាន់សរុប ១៥ ០០០ដុល្លារ ផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមឆ្នើមៗ។ ហើយទី៣ សហគ្រាស ធុនតូច និងមធ្យមនឹងទទួលបានការបណ្តុះបណ្តាល១ទល់១ ជាប្រចាំជាមួយទីប្រឹក្សា និងប្រតិបត្តិករធុរកិច្ចដែលមកពី សហគ្រាសធុនតូច និងមធ្យមឈានមុខគេក្នុងទីផ្សារ។

បេក្ខជនសហគ្រាសធុនតូច និងមធ្យមដែលសក្តិសម គួររកចំណូលបានជាង១០០ពាន់ដុល្លាររួចហើយ ហើយអាចតាំងចិត្ត ចូលរួម សិក្ខាសាលាកន្លះថ្ងៃ ជាភាសាអង់គ្លេស រៀងរាល់ថ្ងៃសៅរ៍ នៅការិយាល័យកណ្តាលរបស់ «សហគ្រិនខ្មែរ» ដោយកម្មវិធីស្នូល នឹងប្រព្រឹត្តទៅ ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២នេះ។

ការរើសយកបេក្ខភាពចូលរួមកម្មវិធីនេះនឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់ខែមករា ឆ្នាំ២០២២។ វគ្គទី១នឹងដំណើរការពីខែកុម្ភៈ ដល់ ខែមិនា ឆ្នាំ២០២២ ដោយ១ជំនាន់មានសហគ្រាសធុនតូច និងមធ្យម២៥ក្រុមហ៊ុន ដែលនឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ជាសិក្ខាសាលា។ ពេលចប់ការបណ្តុះបណ្តាលជាក្រុមនេះរួច OBOR រួមជាមួយនឹងដៃគូកម្មវិធីនានា នឹងជ្រើសរើសសហគ្រាស ធុនតូច និងមធ្យមឆ្នើមៗក្នុងចំណោម២៥ក្រុមហ៊ុនទាំងនោះ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រនេះនឹងដំណើរការពី ខែ មេសា ដល់ខែឧសភា ឆ្នាំ២០២២ ដោយមានកម្មវិធីជាប់លាប់ ដែលអាចឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបានជំនួយ ១ទល់១ពីសំណាក់ទីប្រឹក្សា និងប្រតិបត្តិករធុរកិច្ចដែលមកពី សហគ្រាសធុនតូច និងមធ្យមឈានមុខគេក្នុងទីផ្សារថែមទៀត៕

បើចង់ដឹងបន្ថែម និងដាក់ពាក្យចូលរួម សូមចូលទៅកាន់តំណនេះ៖ https://forms.gle/tT1vVasVtaSHeS9b9

អត្ថបទថ្មី