ដាយ អុិឈិ ឡាយហ្វ៍ នាំយកមូលនិធិឲ្យអង្គការការីតាស ដើម្បីគាំទ្រសុខុមាលភាពពលរដ្ឋងាយរងគ្រោះនៅកម្ពុជា
- 2022-01-14 08:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាយ អុិឈិ ឡាយហ្វ៍ នាំយកមូលនិធិឲ្យអង្គការការីតាស ដើម្បីគាំទ្រសុខុមាលភាពពលរដ្ឋងាយរងគ្រោះនៅកម្ពុជា
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២៖ ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការការីតាសអូស្ត្រាលី ដើម្បីផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី Upholding Community Dignity Together (UCDT) នៅប្រទេសកម្ពុជា ដោយការបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក។ ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រដល់ប្រជាសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានអាហារ ប្រាក់ចំណូល និងសេវាជាមូលដ្ឋានប្រកបដោយនិរន្តរភាព។ ការគាំទ្រនេះ ក៏នឹងរួមចំណែកធ្វើឱ្យមានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយសមធម៌នៅក្នុងសហគមន៍កម្ពុជាផងដែរ។
លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយអង្គការ ការីតាសអូស្ត្រាលី ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាទំនួលខុសត្រូវក្នុងសង្គមមួយក្នុងចំណោមសកម្មភាពជាច្រើនដែលក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បាន និងកំពុងអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ យើងមានបំណងចូលរួមចំណែកជួយដល់សហគមន៍ដែលយើងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត»។
កម្មវិធី UCDT គ្រប់គ្រងដោយអង្គការ ការីតាសអូស្ត្រាលី ដោយសហការជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៨ផ្សេងទៀត។ កម្មវិធីនេះ អនុវត្តនៅក្នុងភូមិគោលដៅចំនួន៥១ នៃស្រុកចំនួន១១ ស្ថិត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ រួមជាមួយនឹងការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា កម្មវិធីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី។
លោក ឡាយ សុធី តំណាងអង្គការការីតាសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាបាននិយាយថា៖ «យើងពិតជារីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា។ វាពិតអស្ចារ្យណាស់ក្នុងការធ្វើការជាមួយស្ថាប័ននានាដែលមានគោលដៅបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍»។
កម្មវិធីរួមគ្នាលើកកម្ពស់សេចក្តីថ្លៃថ្នូរសហគមន៍ (UCDT) ផ្តោតលើចំណុចខ្លាំងដែលមានស្រាប់នៅក្នុងសហគមន៍ដោយប្រើប្រាស់ធនធាន និងកម្លាំងពលកម្មក្នុងស្រុក។ យើងអាចបង្កើនចំនួនធុងទឹក អណ្តូងទឹក ប្រព័ន្ធចែកចាយទឹក និងបង្គន់អនាម័យដែលត្រូវបានសាងសង់ឡើងដោយគ្រួសារនីមួយៗក្នុងការចូលរួមចំណែកសាងសង់ដោយខ្លួនឯង។ នេះវាក៏មានន័យថា សហគមន៍បានបណ្តាក់ទុនកាន់តែច្រើនដើម្បីបានជាលទ្ធផលព្រោះពួកគេមានមោទនភាពចំពោះការរួមចំណែក និងលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកគេ៕