ការតាំងបង្ហាញ ស្ត្រប៊ឺរី គុណភាពខ្ពស់បំផុតប្រចាំកូរ៉េ ទាក់ទាញម្ចាស់អាជីវកម្មព្រមទាំងបុគ្គលល្បីៗជាច្រើន

  • 2021-12-24 04:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


(ភ្នំពេញ)៖ ទាំងអ្នកចែកចាយ ទាំងម្ចាស់អាជីវកម្មគ្រប់ប្រភេទ និងតារាល្បីក្នុងប្រទេសកម្ពុជាយ៉ាងច្រើនបានភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងជាមួយនឹងព្រឹត្តិការនៃការតាំងបង្ហាញផ្លែស្ត្រុប៊ឺរី «Very Berry K-Strawberry» ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ប្រចាំប្រទេសកូរ៉េដែលត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះ។

អ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍តាំងបង្ហាញនេះ ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរសជាតិដ៏ជាប់ចិត្ត និងក្លិនដ៏ក្រអូបឈ្ងុយនៃស្ត្រប៊ឺរីដែលមានគុណភាពខ្ពស់ប្រចាំប្រទេសកូរ៉េ។ ក្នុងកម្មវិធីនៃការតាំងបង្ហាញនោះក៏មានផ្តល់ជូននូវការភ្លក់អាហារ ភេសជ្ជៈដែលចម្អិន និងរៀបចំឡើងជាពិសេសឥតគិតថ្លៃដោយកំពូលមេចុងភៅ Richard Bias ប្រចាំសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយប្រើស្ត្រប៊ឺរីប្រចាំប្រទេសកូរ៉េធ្វើជាគ្រឿងផ្សំចម្បងផងដែរ។

សូមបញ្ជាក់ថា កម្មវិធីតាំងបង្ហាញនេះមានការចូលរួមពីសំណាក់ពីម្ចាស់អាជីវកម្មក្នុងតំបន់ និងកំពូលមេចុងភៅជាច្រើនក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀលក៏មានការចូលរួមពីសំណាក់សមាជិកសារព័ត៌មានជាតិ អ្នកល្បីៗក្នុងបណ្តាញផ្សព្វផ្សាយសង្គម content creator និងសិល្បករជាច្រើននាក់ផងដែរ។

យោងតាមលោកស្រី SunKyung Kim ដែលជានាយកគ្រប់គ្រង ក្រុមហ៊ុនសាធារណៈដែលទាក់ទងនឹងក្រសួងអាហារ កសិកម្ម រក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសកូរ៉េ ប្រចាំប្រទេសកម្ពុជា (aT Korea Agro-Fisheries & Food Trade Co.,) បានមានប្រសាសន៍ថា៖ «សម្រាប់ទីផ្សារក្នុងតំបន់ពិតជាទទួលបានចំណេះដឹង និងបានស្គាល់ពីគុណភាពនៃស្ត្រុប៊ឺរីប្រចាំប្រទេសកូរ៉េ»។ លោកស្រីក៏បានបន្ថែមផងដែរថា៖ «ផ្លែស្ត្រុប៊ឺរីរបស់យើងគឺត្រូវបានដាំដុះថែទាំ និងធ្វើការប្រមូលផលយ៉ាងយកចិត្តទុកដាក់បំផុតធ្វើយ៉ាងណាទទួលបាននូវស្ត្រុប៊ឺរីដែលមានគុណភាពខ្ពស់បំផុត។ ឥឡូវនេះយើងក៏កំពុងស្វែងរកដៃគូជំនួញ ម្ចាស់អាជីវកម្ម ឬអ្នកចែកចាយបន្តដើម្បីនាំចូលនូវផលិតផលទាំងនេះផងដែរ»។

លោកស្រី Kim ក៏បានបញ្ជាក់ផងដែរថា៖ «ស្ត្រប៊ឺរីដ៏មានគុណភាពខ្ពស់នេះគឺជានិមិត្តរូបមួយដ៏សំខាន់សម្រាប់វប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងតែមានប្រជាប្រិយភាព មានការពេញនិយមគាំទ្រយ៉ាងច្រើនលើសលុបទាំងលើឆាកអន្តរជាតិ និងទីផ្សារក្នុងតំបន់ជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូបឈ្ងុយ និងរសជាតិជូរអែមរបស់វា»។ ស្ត្រប៊ឺរីនេះគឺត្រូវបានគេឱ្យឈ្មោះក្នុងប្រទេសកូរ៉េថាជាស្តេចផ្លែឈើក្នុងរដូវធ្លាក់ទឹកកក ឬ «King of Winter Fruits» ដែលកំពុងតែត្រូវបានប្រមូលផលពេញមួយរដូវធ្លាក់ទឹកកកនេះតែម្តង»។

គួររំឭកផងដែរថា ផ្លែស្ត្រុប៊ឺរីប្រចាំប្រទេសកូរ៉េនេះ មានពណ៌ស្រស់ស្អាត រសជាតិឈ្ងុយឆ្ងាញ់ សាច់មានភាពទន់ផ្អែម ដែលមនុស្សជុំវិញពិភពលោកចូលចិត្តទទួលទាន ហើយឥឡូវនេះក៏កំពុងតែនាំចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ប្រជាជនកម្ពុជាដើម្បីបានភ្លក់ និងរីករាយជាមួយនឹងរសជាតិដែលមិនអាចបំភ្លេចបានព្រមទាំងគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផងដែរ។

ប្រសិនបើលោកអ្នក ឬដៃគូពាណិជ្ជកម្មទាំងអស់ចាប់អារម្មណ៍ចង់ទទួលយកមកចែកចាយលក់បន្តអាចធ្វើការទំនាក់ទំនងដោយផ្ញើអ៊ីមែលទៅកាន់នាយកគ្រប់គ្រង aT Korea ប្រចាំប្រទេសកម្ពុជា (aT Korea Cambodia) លោកស្រី SunKyung Kim តាមរយៈ៖ skkim@at.or.kr៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី