ក្រុមហ៊ុនប្រេង Woodside នឹងចាកចេញពីមីយ៉ាន់ម៉ា ជុំវិញកង្វល់លើបញ្ហាសិទ្ធិមនុស្ស

  • 2022-01-27 04:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនរុករក និងផលិតប្រេង Woodside Petroleum Ltd បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងដកខ្លួនចេញពីប្រតិបត្តិការរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ដោយបង្ហើបពីស្ថានភាពដុនដាបស្តីពីសិទ្ធិមនុស្ស ក្នុងរយៈពេលជិត១ឆ្នាំ ក្រោយពីការធ្វើរដ្ឋប្រហារ បានធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងភាពជ្រួលច្របល់។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតប្រេងរបស់អូស្ត្រាលីមួយនេះ នឹងចាប់ផ្តើមនីតិវិធីផ្លូវការរបស់ខ្លួន ដើម្បីដកខ្លួនចេញពីកន្លែងរុករកប្រេង ដែលខ្លួនកាន់កាប់ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Myanma Oil និង Gas Enterprise និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុន China National Petroleum Corp និង Total ផងដែរ។

ក្រុមហ៊ុន Woodside បានបញ្ជាក់ថា ការចំណាយមិនមែនជាសាច់ប្រាក់ រួមទាំងការដកខ្លួននេះ នឹងផ្តល់ផលប៉ះពាល់ដល់ចំណូលណុលសារពើពន្ធឆ្នាំ២០២១របស់ពួកគេ ប្រមាណជា១៣៨លានដុល្លារអាមេរិក បន្ថែមទៅលើការចំណាយលើការរុករកប្រេងចំនួន៧១លានដុល្លារអាមេរិកទៀត សម្រាប់តែប្លុក១ក្នុងចំណោមប្លុកប្រេងនានា ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលខ្លួនបានកាន់កាប់កាលពីមុន។

លោក Meg O'Neill នាយកប្រតិបត្តិក្រុមហ៊ុន Woodside បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ផ្អែកទៅលើស្ថានភាពដែលកំពុងបន្តនៅមីយ៉ាន់ម៉ា យើងមិនអាចធ្វើការពិចារណាទៅលើការចូលរួមរបស់ Woodside ក្នុងការអភិវឌ្ឍប្លុកប្រភពប្រេង A-6 ឬក៏គិតពីសកម្មភាពនាថ្ងៃអនាគតក្នុងប្រទេសនេះឡើយ។

បើទោះបីក្រុមហ៊ុន Woodside ធ្លាប់បានសង្ឃឹមថា នឹងផ្តល់ថាមពលដែលត្រូវការជាចាំបាច់ទៅឲ្យពលរដ្ឋមីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែ ក្រុមហ៊ុន Woodside លែងមានជម្រើសផ្សេងក្នុងការបន្តសកម្មភាពរបស់ខ្លួនទៀតឡើយ»៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី