អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានច្រើនជាងផែនការ២៤.០២% ក្នុងឆ្នាំ២០២១ ទោះក្នុងវិបត្តិកូវីដ

  • 2022-01-28 04:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលពន្ធបានលើសផែនការកំណត់ក្នុងទឹកប្រាក់រហូតដល់ទៅចំនួន ១១.២៦៦,៧៩ប៊ីលានរៀល ដែលស្មើនឹង២.៧៨១,៩២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំដែលបញ្ចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ស្របពេលជាមួយគ្នានេះ បើយោងទៅតាមរបាយការណ៍ដដែល ចំនួននេះ គឺជាការកើនឡើងលើសចំនួនកំណត់រហូតដល់ទៅ ២៤,០២% ស្មើនឹងទឹកប្រាក់ ២.១៨២,៣៧ប៊ីលានរៀល ដែលស្មើនឹង ៥៣៨,៨៥លានដុល្លារអាមេរិក។ កត្តាចម្បង និងសំខាន់ជាងក្នុងការសម្រេចបាននូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នេះ គឺដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ផ្ទាល់ ក្រោមការតម្រង់ទិសពីរដ្ឋាភិបាលកម្ពុជា។

ការគ្រប់គ្រងស្ថានភាពកូវីដ ១៩ បានល្អ ក៏ដូចជាការជំរុញការចាក់វ៉ាក់សាំងការពារវីរុសដែលបណ្តាលឲ្យបានស្លាប់បាននេះ យ៉ាងទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ក៏ជាផ្នែកមួយដែលធ្វើឲ្យចំណូលពន្ធកើនឡើងផងដែរ។

ដោយឡែក ការចុះបញ្ជីពន្ធដារ ឬបច្ចុប្បន្នភាពព័ត៌មានសហគ្រាស គឺជាចំណុចស្នូលដ៏សំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះវាជាចំណុចចាប់ផ្តើមក្នុងការកំណត់សម្គាល់អត្តសញ្ញាណ និងប្រមូលទិន្នន័យសំខាន់ៗ របស់អ្នកជាប់ពន្ធ។ រាល់ប្រតិបត្តិការសំខាន់ៗរបស់អគ្គនាយកដ្ឋានពន្ធដារ មិនអាចធ្វើឡើងបានទេ បើសិនជាការចុះបញ្ជីអ្នកជាប់ពន្ធ មិនត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងពេញលេញទេនោះ។

ក្នុងឆ្នាំ២០២១ សហគ្រាសដែលបានចុះបញ្ជីជោគជ័យមានចំនួន ៩.០៤៥សហគ្រាស ក្នុងនោះ សហគ្រាសដែលមកចុះបញ្ជីដោយផ្ទាល់មានចំនួន ១.៦៥៣សហគ្រាស និងតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចំនួន៧.៣៩២សហគ្រាស។

លទ្ធផលនៃការសម្រេចបានទាំងនេះ គឺកើនឡើងតាមរយៈការដាក់ចេញនូវវិធានការជាក់លាក់ និងត្រឹមត្រូវដូចជា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-filling) ការខិតខំពង្រឹងការផ្សាយណែនាំ និងការជំរុញការបង់ពន្ធតាមរយៈការរៀបចំកម្មវិធីពន្ធដារកម្ពុជា ការផ្តួចផ្តើមឲ្យមានយន្តការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងមានការអប់រំផ្សព្វផ្សាយតាមមធ្យោបាយផ្សេងៗទៀតជាច្រើន៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី