ធនាគារ ហត្ថា បង្កើនល្បឿនការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើកម្មវិធី Indication Plus Platform

  • 2022-02-04 03:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ទី៣ ខែកុម្ភៈ ២០២២៖ ក្រុមហ៊ុនហ្សីលាននាម ឯ.ក ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ឯ.ក និង ធនាគារ ហត្ថាម.ក នៅថ្ងៃនេះ បានសម្រេចបានកិច្ចសហការគ្នា ដើម្បីស្វែរកដំណោះស្រាយថ្មីៗ សម្តៅរួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យទាំងពីរនេះបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនេះបានរៀបចំចុះហត្ថលេខាលើកិច្ចសហការដាច់ដោយឡែកពីរផ្សេងៗគ្នា ក្នុងពេលតែមួយនាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ នៅឯសណ្ឋាគារ Raffles Hotel Le Royal។ ក្នុងនោះ ក្រុមហ៊ុន Zillennium Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលមានលោកគុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ ធនាគារ ហត្ថា ដែលមានលោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក។ ការសម្រេចចុះ MoU នាពេលនេះ ជាការបើកផ្លូវដល់ក្រុមហ៊ុន Zillennium Co., Ltd និង ធនាគារ ហត្ថា ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។

ការចាប់ដៃគូជាមួយ Zillennium Group បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់កាន់តែជិតរបស់ធនាគារ ក្នុងការបម្រើអតិថិជនរបស់យើងទាំងបុគ្គល និងសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីសម្របខ្លួន និងរីកចម្រើននៅក្នុងបរិបទសង្គមថ្មីក្រោយការរីករាលដាលជំងឺរាតត្បាតកូវីត ១៩។ អតិថិជនរបស់ធនាគារ ហត្ថា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូយុទ្ធសាស្ត្រនេះ។ ជាឧទាហរណ៍ ការវាយតម្លៃការស្នើសុំប្រាក់កម្ចីជាមួយធនាគារ ហត្ថា នឹងមានភាពជឿនលឿន និងរហ័ស ពីព្រោះធនាគារ នឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីវាយតម្លៃទ្រព្យហៅថា «indication plus» របស់ក្រុមហ៊ុន VTrust។

នាពេលអនាគតដ៏ខ្លីខាងមុខនេះ ការទូទាត់សម្រាប់សេវាកម្មអចលនទ្រព្យ នឹងកាន់តែមានភាពងាយស្រួល ដោយសារអតិថិជនអាចប្រើប្រាស់ Hattha mobile និង Z1 App និងអាចធ្វើការបង់ប្រាក់សម្រាប់សេវាកម្មអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស។ តាមរយៈភាពជាដៃគូនេះ ធនាគារ និងក្រុមហ៊ុន Z1 Group នឹងដាក់ឱ្យដំណើរការ «KHQR» ដែលជាសេវាកម្មឌីជីថលរបស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើការទូទាត់នៅតាមភោជនីយដ្ឋានរបស់ភាគីដូចជាPark Cafe និង Pizza Hut។

ទន្ទឹមគ្នានេះ ធនាគារ ហត្ថា និងក្រុមហ៊ុន Vtrust Appraisal Co., Ltd ក៏បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ដ (service agreement) លើការប្រើប្រាស់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថល ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឥណទានរបស់ ធនាគារ ហត្ថា ក៏ដូចជារួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ហត្ថា អាចប្រើប្រាស់កម្មវីធីវាយតម្លៃអចលនទ្រព្យ ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានា មុននឹងអនុម័តកម្ចី។ ដូច្នេះការប្រើប្រាស់សេវាវាយតម្លៃបានត្រឹមត្រូវ តាមរយៈ Indication Plus Platform អតិថិជនមិនត្រឹមតែទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានាប៉ុណ្ណោះទេ តែថែមទាំងទទួលបានសេវាឥណទានឆាប់រហ័ស ងាយស្រួល និង ប្រកបដោយទំនុកចិត្តខ្ពស់។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ដោយសារថា Indication Plus Platform ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យដោយស្វ័យប្រវត្តិ ដោយមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ លោកពន្យល់បន្ថែមថា អ្នកប្រើប្រាស់ទាំងអស់អាចពិនិត្យមើលការវិវឌ្ឍដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរ រហូតដល់ចេញជារបាយការណ៍វាយតម្លៃជាស្ថាពរ។

លោកថ្លែងថា៖ «ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេលខ្លីប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យនោះ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នកប្រើប្រាស់អាចចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់ មានតម្លាភាព និងវិសាលភាពទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ដោយសារតែ អ្នកទទួលកម្ចីទាំងអស់ដែលដាក់ទ្រព្យជាវត្ថុធានា នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និងលទ្ធភាពអាចសងត្រទ្បប់វិញ ខណៈស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាចធ្វើការវាយតម្លៃពីលទ្ធភាពរបស់អតិថិជនបានត្រឹមត្រូវ និងចៀសវាងហានិភ័យនានា ស្របតាមបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យឥណទានដែលបានដាក់ចេញ និងណែនាំដោយធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា ការសម្រេចកិច្ចសហការនៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd។

លោកឧកញ៉ាថ្លែងថា៖ «ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនទាំងអស់គ្នា»។

ធនាគារ ហត្ថា បានវិវឌ្ឍន៍ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា ម.ក បានកើនដល់ប្រមាណ ២ ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ ១៩៩៤។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកសាខារហូតដល់ ១៧៧ សាខា និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួន ១៣៧ នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះ នឹងក្លាយជាការរួមចំណែកដ៏សំខាន់ ក៏ដូចជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី។

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ ក៏បានសម្រេចចុះ MoU ស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដោយភាគីទាំងពីរបានព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម Indication Plus Platform ទៅ ផ្លេតហ្វមនៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុន CBC៕

អត្ថបទពេញនិយម
អត្ថបទថ្មី