អាមេរិក ចោទប្រកាន់អតីតបុគ្គលិក Apple ពីបទឆោកបោកប្រាក់ច្រើនជាង១០លានដុល្លារ
- 2022-03-21 04:27:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ចោទប្រកាន់អតីតបុគ្គលិក Apple ពីបទឆោកបោកប្រាក់ច្រើនជាង១០លានដុល្លារ
ចន្លោះមិនឃើញ
រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចោទប្រកាន់អតីតបុគ្គលិកម្នាក់របស់ Apple Inc ពីបទឆបោកក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ ក្នុងទឹកប្រាក់ច្រើនជាង១០លានដុល្លារអាមេរិក តាមរយៈផែនការជាច្រើន។
លោក Dhirendra Prasad ប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌចំនួន៥ករណី ក្រោយពីរំលោភលើ «សេចក្តីទុកចិត្តក្នុងតួនាទីរបស់ខ្លួន» តាមរយៈការដើរតួជាអ្នកទិញក្នុងសង្វាក់ផ្គត់ផ្គង់សេវាកម្មរបស់ Apple ដើម្បីឆបោកប្រាក់ពីក្រុមហ៊ុន។ នេះបើយោងទៅតាមពាក្យបណ្តឹងនានាកាលពីថ្ងៃស្រុក ដែលត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធ ក្នុងទីក្រុង San Jose រដ្ឋ California។
រដ្ឋអាជ្ញា បានបញ្ជាក់ថា ក្នុងនាមជាអ្នកទិញទូរស័ព្ទ Apple ម្នាក់ លោក Prasad បានចរចាជាមួយនឹងក្រុមហ៊ុនជាអ្នកលក់ និងបានដាក់ការកុម្ម៉ង់ជាច្រើន ហើយធ្វើការទូទាត់ឲ្យក្រុមហ៊ុន Apple ផ្អែកទៅតាមចំនួននៃវិក្កយបត្រដែលរូបគេបានវាយបញ្ចូលក្នុងប្រព័ន្ធទិញរបស់ក្រុមហ៊ុន។
លោក Prasad បានឆបោកក្រុមហ៊ុន Apple តាមរយៈការទទួលសំណូកនានា លួចយកគ្រឿងបន្លាស់ ដោយប្រើការកុម្ម៉ង់ការជួសជុលក្លែងក្លាយ និងតម្រូវឲ្យក្រុម Apple បង់ប្រាក់លើសម្ភារៈ និងសេវានានា ដែលក្រុមហ៊ុនមិនធ្លាប់បានទទួល។
រដ្ឋអាជ្ញា បានបញ្ជាក់ថា លោក Prasad ក៏បានគេចវេសការបង់ពន្ធនានា និងបានលាងលុយ តាមរយៈផែនការជាច្រើនរបស់លោក។ ក្រុមហ៊ុន Apple បានបញ្ឈប់ការងាររបស់លោកកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបំពេញការងារអស់រយៈពេល១ទសវត្សរ៍។
វាមិនច្បាស់ថា តើលោក Prasad មានមេធាវីការពារ ឬយ៉ាងណាឡើយ។ គេមិនអាចសុំការបកស្រាយពីលោក Prasad បានភ្លាមៗឡើយកាលពីថ្ងៃអាទិត្យ។ លេខទូរស័ព្ទដែលត្រូវបានកត់ត្រាចូលក្នុងសំណុំរឿងដើម្បីទាក់ទងរូបគេ ក៏ត្រូវបានបិទផងដែរ៕