ខ្វះទ្រព្យតម្កល់? ឱកាសល្អសម្រាប់អាជីវកម្ម រួមទាំងខ្នាតតូច មធ្យម និងខ្នាតធំ អាចកម្ចីប្រាក់បានយ៉ាងស្រួល

  • 2022-02-09 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធនាគារ កម្ពុជា អាស៊ី (Cambodia Asia Bank) បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh។

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ពីស្ថាប័នទាំងពីរនេះបានចូលរួមដឹងឮជាមួយគ្នាផងដែរ។

ថ្លែងក្នុងពិធីនោះ លោក Mitra Dwaipayan បានបញ្ជាក់ថា៖ “ធនាគារ កម្ពុជា អាស៊ី រីករាយស្វាគមន៏រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។

ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ កម្ពុជា អាស៊ី សម្រាប់ពង្រីក និងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្ដល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ គួរបញ្ជាក់ផងដែរថា៖ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្ដួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា។”

លោកបានបន្ថែមថា៖ “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្ដល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់ វិស័យអាទិភាព ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និងវិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៍បន្ថែមទៀត។”

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Wong Keet Long បានមានប្រសាសន៍ថា៖ “ភាពជាដៃគូវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្ដល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្ដល់កម្ចីកាន់តែច្រើន និងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ។”

លោកបានបន្ថែមថា៖ “ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។”

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

អត្ថបទពេញនិយម
អត្ថបទថ្មី