កសិដ្ឋានគិរីសួគ៌ ផ្តើមយុទ្ធនាការ «យើងជួយយើង! » ដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជា

  • 2022-02-27 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ៖ កសិដ្ឋានទឹកដោះគោ គិរីសួគ៌ ដែលជាកសិដ្ឋានទំនើបបំផុតមួយ នៅកម្ពុជា ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កំពុងបើកយុទ្ធនាការមួយ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា ជម្នះលើបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុមួយចំនួនដែលបណ្តាលមកពីជំងឺកូវីដ ១៩។

កសិដ្ឋាន គិរីសួគ៌ ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងមានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ នឹងជួយម្ចាស់អាជីវកម្មខ្នាតតូចដែលកំពុងជួបការលំបាកឲ្យ «ងើបឡើងវិញ» ដោយការជួយផ្នែកទីផ្សារ និងការបណ្តុះបណ្តាល ដោយឥតគិតថ្លៃដល់ម្ចាស់ហាងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ។ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុននេះ មានគោលបំណងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតជាសកលនេះ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក បានមានប្រសាសន៍ថា៖ «ជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឱ្យមានផលប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន នេះជាមូលហេតុដែលយើងចង់ជួយតាមរយៈការផ្តើមយុទ្ធនាការ «យើងជួយយើង» ដែលរៀបចំឡើងក្នុងគោលបំណងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចទាំងនោះដែលកំពុងត្រូវការជំនួយ»។

លោក រិទ្ធី បានបន្ថែមទៀតថា៖ «តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកទីផ្សារ និងការគាំទ្រផ្សេងៗដោយឥតគិតថ្លៃ យើងសង្ឃឹមថាវានឹងអាចជួយធ្វើឱ្យម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនអាច «ងើបឡើងវិញ» ។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមយុទ្ធនាការ «យើងជួយយើង» របស់កសិដ្ឋាន គិរីសួគ៌ នឹងផ្តល់នូវការបណ្តុះបណ្តាលផ្នែកទីផ្សារដោយឥតគិតថ្លៃដល់ម្ចាស់ហាងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ ដើម្បីជួយអោយម្ចាស់អាជីវកម្មទទួលបានប្រាក់ចំណូលបន្ថែមពីការលក់ផលិតផល គិរីសួគ៌ ដែលកំពុងពេញនិយម។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាម្ចាស់ «ផ្ទះគិរីសួគ៌» ដែលជាអ្នកលក់ផលិតផល គិរីសួគ៌ តែមួយមុខ ម្ចាស់អាជីវកម្មខ្នាតតូចទំាងអស់ត្រូវមានទូរត្រជាក់ដែលមានសមត្ថភាពអាចដាក់ផលិតផលបានចំនួន 200 ដប ព្រមទាំងមានម៉ូតូសម្រាប់ចែកចាយផងដែរ។ ជាការតបស្នង កសិដ្ឋាន គិរីសួគ៌ នឹងផ្តល់អោយម្ចាស់អាជីវកម្មឥតគិតថ្លៃនូវស្លាកយីហោ សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ខិតប័ណ្ណ នាមប័ណ្ណ និងជួយជាកម្មវិធីផ្សេងៗដើម្បីជំរុញដល់ការលក់។ កសិដ្ឋាន គិរីសួគ៌ ក៏នឹងផ្តល់ការបណ្តុះបណ្តាលផ្នែកទីផ្សារ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមផ្សេងៗដោយឥតគិតថ្លៃផងដែរ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក បានបន្ថែមទៀតថា៖ «អាជីវកម្មដែលក្លាយជាម្ចាស់ «ផ្ទះគិរីសួគ៌» ដែលជាអ្នកលក់ផលិតផល គិរីសួគ៌ តែមួយមុខ នឹងក្លាយជាផ្នែកមួយនៃគ្រួសារ គិរីសួគ៌ ហើយក៏នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាន»។

លោក ឈរ រិទ្ធី បានបន្តទៀតថា៖ «ការក្លាយជាផ្នែកមួយនៃ គ្រួសារ គិរីសួគ៌ មានន័យថា អ្នកមានសិទ្ធិប្រើប្រាស់កម្មវិធីផ្សព្វផ្សាយនានាដ៏គួរឱ្យទាក់ទាញ និងទទួលបានព័ត៌មានផ្សេងៗទៀតមុនអាជីវកម្មដ៏ទៃទៀត។ កសិដ្ឋាន គិរីសួគ៌ យើងពិតជាចង់ជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់អោយមានដំណើរការឡើងវិញ និងជួយសេដ្ឋកិច្ចក្នុងស្រុកអោយមានចលនាម្តងទៀត ដែលនេះជាមូលហេតុដែលយើងចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ»។

គិរីសួគ៌ គឺជាកសិដ្ឋាន និងមានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅក្នុងជ្រលងភ្នំដ៏ស្ងាត់ជ្រងំភ្នំតាម៉ៅក្នុងស្រុកបាទី ខេត្តតាកែវ ចម្ងាយតែជាង ៣០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។

កសិដ្ឋានផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ដីសម្បូរជីវជាតិ និងភាពស្ងប់ស្ងាត់ប្រកបដោយបរិយាកាសដ៏ល្អៗ សម្រាប់ហ្វូងគោប្រភេទ Holstein ដែលបាននាំចូល ដោយមានរបបអាហារភាគច្រើនជាចំណីដែលដាំដុះ និង កែច្នៃនៅក្នុង កសិដ្ឋានផ្ទាល់រួមមាន ពោត សណ្តែកដី ស្មៅ Stylo ស្មៅមូមបាសា (Mombasa) ជាដើម។

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលធ្វើប្រតិបត្តិការកសិដ្ឋាន និងរោងចក្រកែច្នៃទឹកដោះគោ បានកកើតចេញពីការចាប់ដៃគូររវាងមូលលនិធិ Cambodia-Laos-Myanmar Development Fund II ស្ថិតនៅប្រទេសសិង្ហបុរី ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិរបស់ជប៉ុន Nexasia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់រួមមានសហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអុីស្រាអែល។

ដៃគូផ្នែកបច្ចេកវិទ្យា Afimilk ដែលជាក្រុមហ៊ុនរបស់ប្រទេសអុីស្រាអែល គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតផ្នែកបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះនៅលើពិភពលោក។

ក្រុមហ៊ុន Afimilk បានទទួលជោគជ័យជាច្រើនមកហើយក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក៕

សូម​ទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី