ប្រាក់រ៉ូប៊លរុស្ស៊ី ធ្លាក់ថ្លៃយ៉ាងគំហុក ខណៈប្រាក់អឺរ៉ុប ធ្លាក់បន្តិច ក្រោយពីលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី
- 2022-02-28 04:22:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់រ៉ូប៊លរុស្ស៊ី ធ្លាក់ថ្លៃយ៉ាងគំហុក ខណៈប្រាក់អឺរ៉ុប ធ្លាក់បន្តិច ក្រោយពីលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី
ចន្លោះមិនឃើញ
ប្រាក់រ៉ូប៊លរបស់រុស្ស៊ី បានធ្លាក់ថ្លៃក្នុងកម្រិតដ៏ទាបពោលគឺជិត៣០% បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រាក់អឺរ៉ុប ក៏ធ្លាក់ថ្លៃផងដែរ ក្រោយពីប្រទេសលោកខាងលិច បានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ចំពោះការឈ្លានពានរបស់ប្រទេសនេះ ក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរាប់បញ្ចូលទាំងការប្លុកធនាគារនានា ពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ផងដែរ។
រូបិយប័ណ្ណដែលមានសុវត្ថិភាព ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ដុល្លារអាមេរិក និងយ៉េនដែរនោះ កំពុងតែមានតម្រូវការខ្ពស់ ក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានដាក់កងកម្លាំងប្រដាប់ដោយអាវុធនុយក្លេអែរ ស្ថិតក្នុងការប្រុងជើងការខ្ពស់ កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤នៃការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយ បើគិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
ប្រាក់រ៉ូប៊ល បានធ្លាក់យ៉ាងទាបរហូតដល់ ១១៩រ៉ូប៊ល ក្នុង១ដុល្លារ ហើយតម្លៃចុងក្រោយគឺធ្លាក់ចំនួន២៨,៧៧% ពោលគឺ១១៨រ៉ូប៊ល ក្នុង១ដុល្លារ។
ដោយឡែក ប្រាក់អឺរ៉ូ បានធ្លាក់ចុះ០,៧៦% ដែល១អឺរ៉ូ ស្មើនឹង ១,១១៨៥៥ដុល្លារ ក្រោយពីបានធ្លាក់នៅមុននេះបន្តិចរហូតដល់ទៅ ១,៣៤%។
ក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ Westpac បានសរសេរថា៖ «វិបត្តិដែលកំពុងតែរីកកាន់តែធំ នៅ អ៊ុយក្រែន នឹងបង្ខំឲ្យទីផ្សារនានា កំណត់តម្លៃផ្អែកទៅលើហានិភ័យខ្ពស់នៃទីតាំងភូមិសាស្ត្រ ដែលនឹងធ្វើឲ្យមានសុវត្ថិភាពដល់ប្រាក់ជាច្រើន ដូចជា ដុល្លារ ជាដើម»៕