7-Eleven បើកសម្ពោធសាខាដំបូងនៅតាមបណ្តាខេត្ត ក្នុងក្រុងប៉ោយប៉ែត

  • 2022-03-12 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ោយប៉ែត៖ សេវេន អុីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយ​មាន​ការ​អញ្ជើញចូលរួម​ជា​គណៈ​អធិបតី​ពីលោកឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក កាលពី​ថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការ​សម្ពោធ​ហាង​ថ្មីនៅ​ក្រុង​ប៉ោងប៉ែតនេះ ក៏មាន​ការ​ចូល​រួម​ពី​សំណាក់លោក​ជំទាវ ភូ ឈារីនណា ដែល​ជា​ជន​ជាតិ​ខ្មែរដំបូង​គេ​ដែល​បាន​​រួម​ធុរកិច្ច​ហាង សេវេន អុីឡេវេន និង​ជាកូន​របស់​លោក​ឯក​ឧត្តម ឧកញ៉ា កុក អាន ផង​ដែរ​។

លោក ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់មួយ នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានបញ្ជាក់ថា៖ «ហាង សេវេន អុីឡេវេន (7-Eleven) សាខា ស៊ីសេនម៉ល ប៉ោយប៉ែត (Season Mall Poipet) ជាសាខាថ្មីចុងក្រោយបង្អស់ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណ ស៊ីសេនម៉ល (Season Mall) ដែលជាមជ្ឈមណ្ឌលផ្សារទំនើបប្រចាំតំបន់ ខ្នាតធំ ព័ទ្ធជុំវិញដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរួមមានធុរកិច្ចជាច្រើនប្រភេទ»។

ចំណុចលេចធ្លោនៃសាខានេះ ក្រៅពីមានទំហំធំទូលាយដល់ទៅ២៦២ ម៉ែត្រការេ តួអគារក៏ស្រស់ឆើត គួរទាក់ភ្នែក ដែលក្នុងថ្ងៃបើកដំណើរការដំបូង មានកម្មវិធីឱ្យចូលរួមសកម្មភាព និងប្រូម៉ូសិនពិសេសផ្សេងៗ ជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ទទួលស្វាគមន៍អតិថិជនដែលអញ្ជើញចូលមកប្រើប្រាស់សេវាកម្ម ដូចជា ការចែកជូនផលិតផលសាកល្បង ការចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់អតិថិជនដែលអញ្ជើញចូលមកទស្សនា និងប្រើប្រាស់សេវាកម្មជាបន្តបន្ទាប់។

លោក ឈុំរម ចេនឆ័យ បានឲ្យដឹងថា៖ «សេវេន អុីឡេវេន (7-Eleven) នៅបន្តយ៉ាងមុតមាំផ្តល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់គុណភាពជីវិតដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅជុំវិញ ដោយនាំមកជូននូវផលិតផលជាច្រើន ដែលសម្រិតសម្រាំងយ៉ាងល្អ រួមទាំងផលិតផលដ៏ពេញនិយម ដូចជាទឹកកកព្រិល ស្លឺបភី (Slurpee) ក៏ដូចជាផលិតផលដែលអាចញ៉ាំបានភ្លាមៗ ផ្សេងៗទៀតផងដែរ។ លើសពីនេះ ស្ថិតក្នុងស្ថានការណ៍ការចម្លងនៃកូវីដ ១៩ ហាង សេវេន អ៊ីឡេវេន គ្រប់សាខានៅកម្ពុជា បានបន្តរឹតបន្តឹងការអនុវត្តវិធានការណ៍បង្ការការចម្លង តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនសុវត្ថិភាពជាអតិបរមាជូនដល់អ្នកប្រើប្រាស់សេវាកម្ម និងបុគ្គលិក ដែលប្រៀបបាននឹងសមាជិកគ្រួសារគ្រប់ៗគ្នា»។

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ សេវេន អុីឡេវេន (7-Eleven) នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc ដែលក្នុងកិច្ចព្រមព្រមព្រៀងនោះ ស៊ីភី អល (ខេមបូឌា) ឯ.ក បានទទួលការផ្តល់សិទ្ធិនៃការចែកចាយហ្វ្រេនឆាយ ក្នុងការបង្កើត និងដំណើរការនៃ ហាង សេវេន អុីឡេវេន (7-Eleven) នៅកម្ពុជា រយៈពេល ៣០ ឆ្នាំ ដែលភាគីនីមួយៗអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល ២០ ឆ្នាំ ចំនួន ២ ដង បន្ថែមទៀតផងដែរ ។

បច្ចុប្បន្ននេះ មានហាង សេវេន អុីឡេវេន (7-Elven) សរុបចំនួន ៧ សាខា ដែលសាខាដំបូង សេវេន អុីឡេវេន ជ្រោយចង្វារ បានបើកបម្រើសេវាកម្មនាខែ សីហា ឆ្នាំ ២០២១ ខណៈដែលសាខា ៦ សាខាដទៃទៀត គឺ សេវេន អុីឡេវេន ភីធីធីព្រែកព្នៅ សេវេន អុីឡេវេន ភីធីធីព្រៃកី សេវេន អុីឡេវេន ភីធីធីច្បារអំពៅ សេវេន អុីឡេវេន ភីធីធីផ្សារតូច សេវេន អុីឡេវេន សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ មុនីវង្ស និង សេវេន អុីឡេវេន ស៊ីសេនម៉ល ប៉ោយប៉ែត៕

អត្ថបទថ្មី