ABA ត្រូវបានប្រសិទ្ធនាមជា ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2022 ដោយទស្សនាវដ្ដី Global Finance
- 2022-04-05 07:24:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ABA ត្រូវបានប្រសិទ្ធនាមជា ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2022 ដោយទស្សនាវដ្ដី Global Finance
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា ត្រូវបានប្រសិទ្ធនាមជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2022” ដោយទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Global Finance នៅក្នុងកម្មវិធី ពានរង្វាន់ធនាគារឆ្នើមពិភពលោកប្រចាំឆ្នាំ លើកទី 29 ប្រព្រឹត្តទៅនៅ ទីក្រុងញូយ៉ក។ គណៈវិនិច្ឆ័យបានទទួលស្គាល់ធនាគារ ABA ចំពោះការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើតម្រូវការរបស់អតិថិជន ហើយសម្រេច បានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ ទាំងអស់ នេះសម្រេចបានក្នុងអំឡុងពេលពីរឆ្នាំនៃការរីករាលដាលជាសកលនៃកូវីដ19។
គណៈវិនិច្ឆ័យ Global Finance សាទរ ABA ចំពោះការអភិវឌ្ឍថ្មីៗដ៏គួរឲ្យកត់សម្គាល់នៃប្រព័ន្ធអេកូរបស់ខ្លួន និងការពង្រឹងសមត្ថភាពលើ ផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ផងដែរ ក្នុងនោះរួមមាន៖
-ការអភិវឌ្ឍមុខងារ គណនីរហ័ស របស់ ABA Mobile ជាមួយការបើកគណនីបានច្រើន, កម្ចីភ្លាមៗ និងការពង្រឹងសមត្ថភាពមុខងារផ្សេងៗទៀត
-ការភ្ជាប់សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ជាមួយផ្លែតហ្វមគណនេយ្យអនឡាញឈានមុខ
-ការដំណើរការសេវាប្រមូលពន្ធដារជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមបណ្ដាញផ្សេងៗជាច្រើន
-ការអភិវឌ្ឍសេវាទូទាត់បែបឌីជីថលតាមរយៈភាពជាដៃគូជាមួយអ្នកលក់រាយធំៗ និងការពង្រីកបណ្ដាញពាណិជ្ជកររបស់ខ្លួន
-ការពង្រីកបណ្ដាញទីតាំងស្វ័យសេវា ABA 24/7 ទូទាំងប្រទេស
-ការណែនាំមុខងារផ្ទេរពីគណនីទៅគណនី កាន់តែងាយស្រួលជាមួយកូដ QR ABA ID ផ្ទាល់ខ្លួន និងមធ្យោបាយផ្សេងៗទៀត។
មានមតិក្នុងឱកាសប្រគល់ពានរង្វាន់នេះ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “នេះជាពានរង្វាន់ ប្រាំបីឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញា ចិត្តខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិករបស់យើង និងក្នុងនាមដៃគូធនាគារដ៏ល្អបំផុតសម្រាប់ ប្រជាជនកម្ពុជា។”
លោកបានបន្ថែមថា “ក្នុងឆ្នាំ 2021 យើងបានណែនាំនូវនវានុវត្តសេវាកម្មជាច្រើន ដោយនាំយកដំណោះស្រាយ ហិរញ្ញវត្ថុទំនើបជូនអតិថិជនកាន់តែច្រើន បានពង្រីកបណ្ដាញសាខា និងទីតាំងស្វ័យសេវា 24/7 សហការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងក្រុមហ៊ុន ឬអាជីវកម្មឯកជន ដើម្បីជំរុញសេវាទូទាត់បែបឌីជីថល និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបន្ថែម។ ដូចសព្វដង យើងខ្ញុំសូមចែករំលែកកិត្តិនាមនេះជូនដល់អតិថិជនទាំងអស់សម្រាប់ការបន្តគាំទ្រ!”
ក្នុងនាមជាធនាគារឈានមុខនៅកម្ពុជា ABA ត្រូវបានទទួលស្គាល់ចំពោះការនាំយកនូវហិរញ្ញវត្ថុឌីជីថលងាយស្រួល និងទំនើបជូនអតិថិជន។ គិតត្រូវថ្ងៃ 31 មីនា 2021 ធនាគារ ABA មានទ្រព្យសកម្ម 8.3 ប៊ីលានដុល្លារអាមេរិក និងអតិថិជនជាង 2.1 លាននាក់។
ធនាគារ ABA ជាម្ចាស់ពានរង្វាន់អន្ដរជាតិជាច្រើននៅក្នុងវិស័យនេះ។ គិតក្នុងឆ្នាំមុនប៉ុណ្ណោះ ធនាគារឈ្នះពានរង្វាន់ ធនាគារដ៏ឆ្នើមនៅកម្ពុជា ប្រាំពីរឆ្នាំជាប់គ្នា ពីទស្សនាវដ្ដី Global Finance, ត្រូវបានទទួលស្គាល់ជាធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2021 ដោយទស្សនាវដ្ដី The Banker, ធនាគារដ៏ឆ្នើមនៅកម្ពុជា ដោយទស្សនាវដ្ដី Euromoney ជាលើកទីប្រាំបី និងធនាគារក្នុងស្រុកឆ្នើមបំផុត នៅកម្ពុជា ប្រចាំឆ្នាំ 2021 ដោយទស្សនាវដ្ដី Asiamoney។
អំពីទស្សនាវដ្ដី Global Finance
ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក៕