១០ជំហានជាគន្លឹះសំខាន់ៗក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវសម្រាប់សហគ្រាសធុនតូចនិងមធ្យម

  • 2022-04-19 04:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវរួមបញ្ចូលការប្រមូលទិន្នន័យហិរញ្ញវត្ថុសរុបឱ្យទៅជារបាយការណ៍ហិរញ្ញវត្ថុស្តង់ដារមួយ។ នៅប្រទេសកម្ពុជា ច្បាប់តម្រូវឱ្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យមត្រូវអនុលោមតាមស្តង់តារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្បម។ របាយការណ៍ហិរញ្ញវត្ថុដែលពេញលេញជាទូទៅត្រូវបានប្រើប្រាស់ក្រោមរូបភាពផ្សេងៗគ្នាដោយ អ្នកគ្រប់គ្រង ម្ចាស់បំណុល អ្នកវិនិយោគ អគ្គនាយកដ្ឋានពន្ធដារ និយ័តករគណនេយ្យនិងសវនកម្មនិង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ខាងក្រោមនេះជាជំហានសំខាន់ៗទាំង១០ដែលអស់លោកអ្នកអាចពិចារណាក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖

ជំហានទី 1: ផ្ទៀងផ្ទាត់ការទទួលវិក្កយបត្រពីអ្នកផ្គត់ផ្គង់នៅការិយបរិច្ឆេទចុងក្រោយ

លោកអ្នកគួរប្រៀបធៀបកំណត់ហេតុប្រតិបត្តិការគណនេយ្យជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗទៅនឹងគណនីដែលត្រូវបង់ ដើម្បីធានាថាវិក្កយបត្រអ្នកផ្គត់ផ្គង់ទាំងអស់ត្រូវបានទទួល។ ធ្វើបង្គរ (Accrue expense) ការចំណាយសម្រាប់វិក្កយបត្រដែលមិនទាន់បានទទួល។

ជំហានទី 2៖ ផ្ទៀងផ្ទាត់ការចេញវិក្កយបត្រដែលបានចេញជូនអតិថិជន

បើក្រុមហ៊ុនលោកអ្នកលក់ទំនិញ លោកអ្នកអាចប្រៀបធៀបកំណត់ហេតុដឹកជញ្ជូនទៅនឹងគណនីត្រូវទទួល ដើម្បីធានាថាវិក្កយបត្រលក់ទាំងអស់ត្រូវបានចេញ។ លោកអ្នកគួរចេញវិក្កយបត្រណាមួយដែលមិនទាន់បានរៀបចំ។

ជំហានទី 3៖ បង្គរនិងទទួលស្គាល់ចំណាយប្រាក់បៀវត្សដែលមិនទាន់បានបង់

ប្រសិនបើលោកអ្នកមិនទាន់បានទទួលស្គាល់ចំណាយប្រាក់បៀវត្សនៅសល់ដែលលោកអ្នកមិនទាន់បានបើកឱ្យកម្មករនិងបុគ្គលិកទេ លោកអ្នកគួរបង្គរនិងទទួលស្គាល់ចំណាយទាំងនោះ។ ប្រាក់បៀវត្សមានដូចជាប្រាក់ខែទី១៣ ប្រាក់រង្វាន់ ប្រាក់ថែមម៉ោងជាដើម។

ជំហានទី 4: គណនារំលស់ឱ្យបានត្រឹមត្រូវ

លោកអ្នកត្រូវធ្វើការគណនារំលស់សម្រាប់ទ្រព្យសកម្មថេរទាំងអស់ក្នុងបញ្ជីគណនេយ្យ។ លោកអ្នកត្រូវប្រាកដថាការគណនារំលស់គឺស្របតាមគោលនយោបាយក្រុមហ៊ុន។

ជំហានទី 5: វាយតម្លៃសន្និធិ

លោកអ្នកត្រូវធ្វើការបញ្ចប់ការរាប់សន្និធិជាក់ស្តែង ឬប្រើវិធីជំនួសដើម្បីប៉ាន់ប្រមាណតម្លៃសន្និធិនៅចុងការិយបរិច្ឆេទនីមួយៗ។ លោកអ្នកអាចប្រើព័ត៌មាននេះដើម្បីទាញយកថ្លៃដើមនៃទំនិញដែលបានលក់ និងកត់ត្រាតម្លៃនៃសន្និធិនោះនៅក្នុងកំណត់ត្រាគណនេយ្យ។

ជំហានទី 6: ផ្ទៀងផ្ទាត់គណនីធនាគារនិងសមតុល្យសាច់ប្រាក់ក្នុងដៃ

លោកអ្នកត្រូវអនុវត្តការផ្ទៀងផ្ទាត់ធនាគារ និងបង្កើតធាតុទិនានុប្បវត្តិ(Journal Entries) ដើម្បីកត់ត្រាការកែតម្រូវទាំងអស់ដែលត្រូវការដើម្បីផ្គូផ្គងកំណត់ត្រាគណនេយ្យសាច់ប្រាក់ទៅនឹងរបាយការណ៍ធនាគារ។

ជំហានទី 7: ពិនិត្យមើលសមតុល្យគណនីនីមួយៗ

លោកអ្នកត្រូវពិនិត្យមើលគណនីនីមួយៗក្នុងតារាងតុល្យការ ហើយប្រើធាតុទិនានុប្បវត្តិ (Journal Entries) ដើម្បីកែតម្រូវសមតុល្យគណនីដើម្បីផ្គូផ្គងព័ត៌មានលម្អិតជំនួយ។

ជំហានទី 8: ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុបឋម

លោកអ្នកត្រូវបោះពុម្ពកំណែបឋមនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយពិនិត្យមើលវាសម្រាប់កំហុស។ វាទំនងជាមានកំហុសជាច្រើន ដូច្នេះសូមបង្កើតធាតុទិនានុប្បវត្តិ (Journal Entries) ដើម្បីកែកំហុសនោះ ហើយបោះពុម្ពរបាយការណ៍ហិរញ្ញវត្ថុម្តងទៀត។ ធ្វើម្តងហើយម្តងទៀតរហូតដល់កំហុសទាំងអស់ត្រូវបានកែតម្រូវ។

ជំហានទី 9: បង្គរនិងទទួលស្គាល់ពន្ធលើប្រាក់ចំណូល

លោកអ្នកត្រូវទទួលស្គាល់ការចំណាយលើពន្ធលើប្រាក់ចំណូល ដោយផ្អែកលើរបាយការណ៍ប្រាក់ចំណូលដែលបានកែតម្រូវ។ ពន្ធលើប្រាក់ចំណូលគួររួមបញ្ចូលទាំងពន្ធបច្ចុប្បន្ននិងពន្ធពន្យារ។

ជំហានទី 1០: ចេញរបាយការណ៍ហិរញ្ញវត្ថុ

បោះពុម្ពកំណែចុងក្រោយនៃរបាយការណ៍ហិរញ្ញវត្ថុ។ ផ្អែកលើព័ត៌មាននេះ សូមសរសេរលេខយោង ដើម្បីភ្ជាប់ជាមួយសេចក្តីថ្លែងការណ៍។ និយ័តករគណនេយ្យនិងសវនកម្មក៏បានចេញរបាយការណ៍គំរូរួចហើហើយដែរ ដូច្នេះលោកអ្នកត្រូវអនុលោមតាមរបាយការណ៍ហិរញ្ញវត្ថុគំរូនោះ។

រៀបរៀងដោយ៖ លោក សាន្ត ចន្ទកុម្ភៈ

តំណែង៖ គណនេយ្យករជំនាញនិងសវនករឯករាជ្យ

ក្រុមហ៊ុន: Apollo Investment & Consulting Co., Ltd.

លេខទូរសព្ទ/Telegram៖ 081288 858

Email: apolloinvestment.manager@gmail.com / sankompheak@gmail.com

អត្ថបទពេញនិយម
អត្ថបទថ្មី