ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ឧបត្ថម្ភអំពូលសូឡាចំនួន ២០០ ដើមជូនកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ

  • 2022-04-20 02:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ២០០ ដើម ជូនដល់កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ តាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង”។ កម្មវិធីប្រគល់អំពូលជាតំណាងនេះត្រូវបានប្រារព្ធឡើងនៅ PREMIUM SPORT CLUB ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន FWD Cambodia បានបង្កើតយុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” នេះឡើងក្នុងគោលដៅជួយបំភ្លឺដល់សហគមន៍តាមរយៈការបរិច្ចាគបង្គោល និងអំពូលសូឡាក្រោមការគាំទ្រពីអតិថិជនរបស់ខ្លួន។ រាល់ការជាវបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងបរិច្ចាគបង្គោល និងអំពូលសូឡាមួយដើម ដែលមានភ្ជាប់ឈ្មោះអតិថិជននៅបង្គោលនោះ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន FWD Cambodia មានកិត្តិយសដែលបានឧបត្ថម្ភអំពូលសូឡាជូនដល់ខេត្តកំពង់ស្ពឺ ដើម្បីបំភ្លឺកីឡដ្ឋានបាល់ទាត់ខេត្ត។ កន្លងមក ក្រុមហ៊ុន FWD Cambodia បានធ្វើការឧបត្ថម្ភអំពូលសូឡាជូនដល់សហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) និងខេត្តផ្សេងៗដូចជា មណ្ឌលគិរី តាកែវ កណ្តាល (កៀនស្វាយ) និងខេត្តបាត់ដំបង ចំនួនប្រមាណជិត ៨០០ ដើមរួចមកហើយ ដែលនេះជាជោគជ័យមួយដ៏ធំធេងដែលកើតឡើងពីការរួមចំណែក របស់អតិថិជនក្រុមហ៊ុន FWD Cambodia។” លោកបន្ថែមថា៖ “តាមរយៈប្រតិបត្តិការអាជីវកម្មដោយយកបច្ចេកវិទ្យាឌីជីថលជាគោល យើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងសហគមន៍។ យើងបានកាត់បន្ថយការប្រើប្រាស់ក្រដាសជាច្រើន ហើយអំពូលសូឡានេះបានមកពីថវិកាដែលយើងសន្សំបានពីការមិនប្រើក្រដាសបូករួមនឹងការរួមចំណែកពីអតិថិជនរបសយើងផងដែរ។ នេះជាការតបស្នងទៅអតិថិជន និងសហគមន៍ដែលខ្ញុំ និងក្រុមការងារពិតជាមោទនភាពជាខ្លាំង។

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលបាននាំយកអំពូលសូឡាមកប្រគល់ជូនកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលឃើញក្រុមហ៊ុន FWD Cambodia យកចិត្តទុកដាក់ជួយដល់សហគមន៍កម្ពុជា។ អំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់សកម្មភាពកីឡាក្នុងកីឡដ្ឋាន ក៏ដូចជាផ្ដល់នូវទិដ្ឋភាពស្រស់បំព្រងនៃទីធ្លាកីឡដ្ឋាននាពេលរាត្រីផងដែរ។ ខ្ញុំជឿជាក់ថាការបំភ្លឺសហគមន៍នេះនឹងផ្ដល់នូវស្នាមញញឹម និងភាពរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផងដែរ។”

ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ “ខ្ញុំសូមសម្ដែងការកោតសរសើរដល់ក្រុមហ៊ុន FWD Cambodia សម្រាប់ការផ្ដួចផ្ដើមនូវសកម្មភាពដ៏ល្អនេះ ហើយខ្ញុំលើកទឹកចិត្ត និងអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពីសំណាក់បណ្ដាក្រុមហ៊ុន និងស្ថាប័ននានាផងដែរ។ ខ្ញុំពេញចិត្តនូវជំហររបស់ក្រុមហ៊ុនក្នុងការយកបច្ចេកវិទ្យាឌីជីថលជាគោលដែលអនុញ្ញាតឱ្យក្រុមហ៊ុនសន្សំសំចៃថវិកាពីការប្រើប្រាស់ក្រដាសដើម្បីគាំទ្រសកម្មភាពមនុស្សធម៌នៅកម្ពុជា។ ជំហរនេះដើរស្របគ្នាល្អបំផុតទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឧស្សាហកម្ម ៤.០៕”

អត្ថបទថ្មី