ធនាគារ CIMB បន្តកម្មវិធីបរិច្ចាគឈាម ដើម្បីជួយជនរងគ្រោះ

  • 2022-05-09 04:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើតាមការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រទេសកម្ពុជាមានតម្រូវការឈាមប្រមាណចំនួន ១១ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ក្នុងឆ្នាំ២០២២នេះ។ ដើម្បីរួមចំណែកបំពេញតម្រូវការឈាមចាំបាច់ សម្រាប់ជនរងគ្រោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីបរិច្ចាគឈាមជារឿយៗ ដោយមានការស្ម័គ្រចិត្តយ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ តាមរយៈកិច្ចសហការ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅនេះ ធនាគារ CIMB ទើបតែបានរៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្រោយពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេស មានភាពធូរស្បើយ។

លោកស្រីអុំ ចិន្តាភក្តី នាយកធនធានក្រុមហ៊ុន នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «យើងខ្ញុំទាំងអស់គ្នា នៅធនាគារ CIMB មានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមផ្តល់ឈាម ជួយដល់ជនរងគ្រោះ តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាពេលនេះ។ វាគឺជាផ្នែកមួយ ដែលយើងអាចចូលរួមបេសកកម្មសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាមបន្ទាន់ ហើយយើងសង្ឃឹមថា ដោយចាប់ផ្តើមពីយើងគ្រប់គ្នា ការបរិច្ចាគឈាមនឹងកាន់តែផុសផុលឡើង ក្នុងចំណោមសង្គមខ្មែរ។ ការបរិច្ចាគឈាម គឺជាការកសាងអំពើល្អប្រពៃមួយ ដោយមិនមែនតែសម្រាប់សាច់ញាតិ ឬបងប្អូនរបស់យើងប៉ុណ្ណោះទេ តែវាគួរតែធ្វើឡើងសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏នឹងជួយយើងវិញ នៅពេលណាដែលយើងត្រូវការវាវិញផងដែរ»។

ជាការពិតណាស់ ការបរិច្ចាគឈាម មិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ ចំពោះអ្នកសុខភាពល្អប្រក្រតី ហើយគ្រូពេទ្យជំនាញតែងតែពិនិត្យសុខភាពជាមុនយ៉ាងហ្មត់ចត់ មុននឹងអនុញ្ញាតឲ្យធ្វើការបរិច្ចាគឈាម។ ក្រៅពីបានជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាម ការបរិច្ចាគឈាម ក៏ផ្តល់នូវអត្ថប្រយោជន៍មួយចំនួន ដល់សុខភាពរបស់អ្នកបរិចាគផ្ទាល់ផងដែរ ដូចជាកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង ជំងឺមហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងបំពង់កជាដើម ។ល។ ដូច្នេះយើងទាំងអស់លើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមកាន់តែច្រើនឡើង ពីសំណាក់ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្នុងសង្គម។

សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា នៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម៕

អត្ថបទពេញនិយម
អត្ថបទថ្មី