ធនាគារ ABA បានក្លាយជាសហគ្រាសបង់ពន្ធធំបំផុតទាំងបីនៅកម្ពុជាប្រចាំឆ្នាំ 2021!

  • 2022-05-10 10:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា បានទទួលលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសាទរចំពោះការរួមចំណែករបស់ធនាគារក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេទាំងបី ប្រចាំឆ្នាំ 2021 ដោយឆ្នាំមុន ស្ថិតក្នុង ចំណោមអ្នកបង់ពន្ធច្រើនជាងគេលំដាប់ទី 12។

ការអភិវឌ្ឍនៃចំណាត់ថ្នាក់នេះ បានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។

ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។ ABA ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះអនុលោមភាពសារពើពន្ធ ។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។”

ក្នុងខែធ្នូ ឆ្នាំ 2020 ធនាគារ ABA ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដាររយៈពេល 2 ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំហិរញ្ញវត្ថុ 2021 និង 2022 ដែលជាសមិទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះអនុលោមភាពពន្ធដារនៅកម្ពុជា៕

អត្ថបទពេញនិយម
អត្ថបទថ្មី