«មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤» សម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការហើយ

  • 2022-05-27 08:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីសម្ពោធ និងដាក់ឱ្យដំណើរកាជាផ្លូវការនូវ “មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤” ដែលមានទីតាំងស្ថិតនៅច្រកចូលធំនៃបុរីអ័រគីដេឌឹរ៉ូយ៉ាល់នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ ជាសាខាទី៣ បន្ថែមទៅលើសាខាពីរទៀតដែលកំពុងផ្តល់សេវាកម្មវេជ្ជសាស្រ្តអស់រយៈពេល១០ឆ្នាំមកហើយ គឺ“មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទួលគោក” ដែលមានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង“មន្ទីរពហុព្យាបាលអន្តរជាតិខេមា បឹងកេងកង” ដែលមានទីតាំងនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ សេវាសំខាន់ៗនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ រួមមាន ផ្នែកព្យាបាលរបួសនិងសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យសុខភាព ពិគ្រោះនិងព្យាបាលជំងឺទូទៅនិងឯកទេស ផ្នែកជំងឺកុមារ ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ។

លោកវេជ្ជបណ្ឌិត សោម លក្ខិណា ដែលជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានរំឮកឡើងវិញថា មន្ទីរសម្រាកព្យាបាលទាំងបីនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង និងដើម្បីឆ្លើយតបនឹងតម្រូវការសេវាថែទាំសុខភាពឯកជនដែលមានគុណភាពនិងស្តង់ដាខ្ពស់ ដូចនៅក្នុងបណ្តាប្រទេសមានការអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោក។ ជាមួយនឹងការចូលរួមពីដៃគូវិយោគថ្មីៗ ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុកនិងនៅក្រៅប្រទេសមួយចំនួនទៀត មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានបន្តពង្រឹងគុណភាពនិងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិយោគថ្មី អី.អិម.អាយ.អេ (EMIA) បានមានប្រសាសន៍ផងដែរថាក្រុមវិនិយោគិនរបស់លោកគាំទ្រពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុនខេមាគ្លូប៊ល ក្នុងការស្ថាបនានិងដាក់អោយដំណើរការជាបន្តបន្ទាប់នូវសេវាវេជ្ជសាស្រ្តដែលផ្តោតជាចម្បងទៅលើគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ទុនវិយោគរបស់ អ៊ី.អិម.អាយ.អេ នឹងជួយជម្រុញអោយក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតំបន់យុទ្ធសាស្ត្រថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹងនិងពង្រីកការផ្តល់សេវាកម្មវេជ្ជសាស្រ្តសំខាន់ៗដល់សាធារណជន។

ដើម្បីអបអរការដាក់ដំណើរការជាផ្លូវការរបស់ខ្លួន “មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤” នឹង ផ្តល់ការបញ្ចុះតំលៃ ២០% លើរាល់ការពិគ្រោះ និងព្យាបាលនៅសាខាថ្មីនេះរហូតដល់ដំណាច់ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិក្រុមហ៊ុនខេមាគ្លូប៊ល ទូរសព្ទលេខ ០៩៩ ៥៨៨ ៥៨៨

អត្ថបទពេញនិយម
អត្ថបទថ្មី