ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ឧបត្ថម្ភអំពូលសូឡាចំនួន ២២០ ដើមទៅសហគមន៍ក្នុង មូលដ្ឋានឃុំរាមអណ្តើក ខេត្តតាកែវ

  • 2022-05-27 08:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្មី​ៗ​នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ២២០ ដើម ជូនទៅសហគមន៍ក្នុងមូលដ្ឋានរដ្ឋបាលឃុំរាមអណ្តើក ក្នុងស្រុកគិរីវង់ ខេត្តតាកែវ តាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា «ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា។

«ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង» ជាយុទ្ធនាការមួយបង្កើតឡើងដោយក្រុមហ៊ុន FWD Cambodia ក្នុងគោលដៅជួយបំភ្លឺដល់សហគមន៍តាមរយៈការបរិច្ចាគបង្គោល និងអំពូលសូឡាក្រោមការគាំទ្រពីអតិថិជនរបស់ខ្លួន។ រាល់ការទិញបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងបរិច្ចាគបង្គោល និងអំពូលសូឡាមួយដើម ដែលមានភ្ជាប់ឈ្មោះអតិថិជននៅបង្គោលនោះ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានកិត្តិយស និងរីករាយយ៉ាងខ្លាំងដែលបានឧបត្ថម្ភអំពូលសូឡាសម្រាប់បំភ្លឺក្នុងសហគមន៍ឃុំរាមអណ្តើក។ យុទ្ធនាការនេះកើតឡើងបានដោយសារការចូលរួមពីសំណាក់អតិថិជនរបស់ FWD Cambodia ដែលបានគាំទ្រលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនយើង ដោយយកបច្ចេកវិទ្យាឌីជីថលជាគោលក្នុងការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជន ឱ្យមានភាពរហ័ស ងាយស្រួល និងសាមញ្ញ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែល ជួយកាត់បន្ថយការប្រើប្រាស់ក្រដាសជាច្រើន។

នេះជាមោទនភាពមួយរបស់ក្រុមការងារ និងក្រុមហ៊ុនទាំងមូលដែលអាចប្រើប្រាស់ថវិកាដែលសន្សំបានពីការកាត់បន្ថយការប្រើប្រាស់ក្រដាសនេះមកជាសកម្មភាពតបស្នងទៅកាន់សហគមន៍វិញ។»

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសម្ដែងការត្រេកអរចំពោះសហគមន៍ក្នុងឃុំរាមអណ្តើក ដែលទទួលបានអំពូលសូឡាទាំងនេះដើម្បីបំភ្លឺសហគមន៍របស់ខ្លួន ហើយខ្ញុំសូមសរសើរចំពោះក្រុមហ៊ុន FWD Cambodia ដែលបានបង្កើតឱ្យមានសកម្មភាពដ៏ល្អប្រសើរនេះឡើង។

យុទ្ធនាការនេះបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនក្នុងកិច្ចការសង្គម ហើយនេះជាគម្រូដ៏ល្អមួយដែលខ្ញុំលើកទឹកចិត្ត និងសង្ឃឹមថានឹងឃើញសកម្មភាពបែបនេះជាច្រើនបន្តទៀតជាពិសេសក្នុងវិស័យធានារ៉ាប់រងទាំងមូលផងដែរ។»

អត្ថបទពេញនិយម
អត្ថបទថ្មី