ក្រុមការងាររបស់ក្រុមហ៊ុន FWD Cambodia ចូលរួមចែករំលែកដល់សិស្សវិទ្យាល័យកំពង់ស្ពឺស្ដីពីចំណេះដឹងផ្នែកឌីជីថលក្នុងការសិក្សា

  • 2022-07-14 09:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីព្រឹកថ្ងៃសៅរ៍ ទី ៩ ខែកក្កដា ក្រុមការងារនៃក្រុមហ៊ុន FWD Cambodia បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដើម្បីជួយដល់ការសិក្សាជូនដល់សិស្សានុសិស្សវិទ្យាល័យកំពង់ស្ពឺដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាបន្តនៅសកលវិទ្យាល័យ។ សកម្មភាពនេះជាផ្នែកមួយនៃសកម្មភាពសហគមន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន FWD Cambodia ក្នុងគោលដៅជំរុញឱ្យមានការចូលរួមពីក្រុមការងារគ្រប់ជាន់ថ្នាក់ក្នុងសកម្មភាពនានាដែលអាចជួយដល់សហគមន៍បាន។

សកម្មភាពនៃការបណ្ដុះបណ្ដាល និងការចែករំលែកនេះត្រូវបានដឹកនាំដោយនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន FWD Cambodia ហើយមានបញ្ចូលនូវប្រធានបទដូចជា៖

• ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីទាញយកផលប្រយោជន៍ក្នុងការសិក្សា

• ការប្រើប្រាស់ទូរស័ព្ទដៃដើម្បីស្វែងរកព័ត៌មានសិក្សា និងអាហារូបករណ៍

• ការរៀចំខ្លួនចូលសកលវិទ្យាល័យ។

លោក អ៊ាត ឌីម៉ង់ នាយកនៃនាយកដ្ឋានឌីជីថល និងបច្ចេកវិទ្យា នៃក្រុមហ៊ុន FWD Cambodia បានចូលរួមក្នុងកម្មវិធីនេះ និងចែករំលែកថា៖ “ប្អូនៗទាំងអស់គ្នា ត្រូវហ៊ានគិតស្រមៃក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗនិងគំនិតច្នៃប្រឌិត ព្រោះប្រព័ន្ធឌីជីថល ឬបច្ចេកវិទ្យាទំនើបៗជាច្រើនត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដូច្នេះត្រូវជឿជាក់ថា យើងអាចធ្វើវាបាន។”

លោកស្រី ម៉ៅ ពុទ្ធីរ័ត្ន នាយិកានាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ “ការងារសហគមន៍ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ដែលផ្តល់ឱកាសដល់បុគ្គលិកចូលរួមការងារស្ម័គ្រចិត្ត តាមរយៈការចែករំលែកនូវពេលវេលា ក៏ដូចជាជំនាញនិងបទពិសោធរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សហគមន៍របស់យើង។

សកម្មភាពពេលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់លើការអនុវត្ត និងការអភិវឌ្ឍសមត្ថភាពផ្នែកឌីជីថល ដែលជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការអាជីវកម្មរបស់យើង។ នាងខ្ញុំមានមោទនភាពដែលបានឃើញការចូលរួមយ៉ាងសកម្មក្នុងការងារសហគមន៍ពីសំណាក់ក្រុមការងារ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ក៏ដូចជាសហគមន៍ទាំងមូល។ ”

លោក អេង ថាវុធ នាយកវិទ្យាល័យកំពង់ស្ពឺបានថ្លែងអំណរគុណដល់ក្រុមការងារស្ម័គ្រចិត្តនៃក្រុមហ៊ុន FWD Cambodia ដែលបានចំណាយពេលវេលានាំយកនូវសម្ភារៈសិក្សា និងការចែករំលែកចំណេះដឹងល្អៗ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលឃើញមានសកម្មភាពចែករំលែកពីបទពិសោធ និងចំណេះដឹងក្នុងសង្គមជាក់ស្តែងពាក់ព័ន្ធនិងបច្ចេកវិទ្យា ដែលជាទុនយ៉ាងសំខាន់ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនចូលមហាវិទ្យាល័យ។”

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថលលំដាប់អន្តរជាតិដែលមានទស្សនវិស័យក្នុងការផ្ដល់បទពិសោធថ្មីលើសេវាកម្មធានារ៉ាប់រងជូនដល់អតិថិជន ក៏ដូចជាសហគមន៍ផងដែរ។ ក្រុមហ៊ុនបានបង្កើតកម្មវិធីសហគមន៍ជារួមមួយដែលមានឈ្មោះថា Community Care ដែលផ្តោតលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ការអប់រំបែបឌីជីថល និងសុខុមាលភាព៕

អត្ថបទថ្មី