សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែង រកកិច្ចសហការបន្ថែម
- 2022-07-29 12:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែង រកកិច្ចសហការបន្ថែម
ចន្លោះមិនឃើញ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ជំនួបដៃគូ” នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូជាតិ និងអន្តរជាតិ។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងអំណរគុណដល់ដៃគូ នៅក្នុងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព ដែលបានសហការជាមួយសហគ្រិនខ្មែរតាំងពីបង្កើតឡើងរហូតដល់បច្ចុប្បន្ន និងបន្តចូលរួមក្នុងកម្មវិធី “ជំនួបដៃគូ” របស់សហគ្រិនខ្មែរ។
កម្មវិធីនេះ បានផ្តល់ជាវេទិកាមួយក្នុងគោលបំណងលើកម្ពស់ភាពជាដៃគូ រវាងដៃគូពាក់ព័ន្ធក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពទាំងវិស័យសាធារណៈ និងឯកជន ដើម្បីកំណត់ និងបង្កើតនូវគំនិត ផ្ដួចផ្ដើមថ្មីៗបន្ថែម។ លើសពីនេះ ដៃគូទាំងអស់មានឱកាសជួប និងយល់ដឹងកាន់តែច្បាស់អំពី កិច្ចការស្នូលរបស់ស្ថាប័ននីមួយៗនៅក្នុងវិស័យសហគ្រិនភាព។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តថា “សហគ្រិនខ្មែរ នឹងបន្តធ្វើជាកាតាលីករក្នុងការកំណត់ និងដោះស្រាយភាពស្មុគស្មាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការសហការជាមួយដៃគូ ដោយផ្អែកលើភាពខ្លាំង និងជំនាញ ដែលជាចំណុចពិសេសរបស់ដៃគូនីមួយៗក្នុងន័យបំពេញ ឱ្យគ្នាទៅវិញទៅមក ទៅតាមតម្រូវការ និងភាពអាចធ្វើទៅបាន ដើម្បីផ្តល់នូវការគាំទ្រដ៏ល្អបំផុតដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក”។
សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានស្របច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា, វិស័យសេវាកម្ម, វិស័យកសិកម្ម និងវិស័យកម្មន្តសាល៕