អត្ថប្រយោជន៍បន្ថែមថ្មីត្រូវបានផ្ដល់ជូនសម្រាប់បុគ្គលិកព្រូដិនសលកម្ពុជា ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអនុវត្តន៍គម្រោង ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)
- 2022-08-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍បន្ថែមថ្មីត្រូវបានផ្ដល់ជូនសម្រាប់បុគ្គលិកព្រូដិនសលកម្ពុជា ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអនុវត្តន៍គម្រោង ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)
ចន្លោះមិនឃើញ
ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ បានប្រកាសនូវការផ្ដល់ជូនអត្ថប្រយោជន៍បន្ថែមសម្រាប់បុគ្គលិករបស់ខ្លួន ដើម្បីលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូលនៅកន្លែងការងារ ក៏ដូចជាដើម្បីគាំទ្រសុខភាព និងសុខុមាលភាពរបស់បុគ្គលិកផងដែរ។ ការផ្ដល់ជូននេះពិតជាស្របតាមគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយបុគ្គលិករបស់ខ្លួនឱ្យទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ដោយជួយឱ្យពួកគេអាចផ្សារភ្ជាប់ រីកចម្រើន និងទទួលបានភាពជោគជ័យនៅក្រុមហ៊ុនព្រូដិនសល។
អត្ថប្រយោជន៍សម្រាប់បុគ្គលិក គឺផ្តោតចម្បងលើផ្នែកចំនួន ៣។ ផ្នែកទី ១ ផ្តោតលើការផ្តល់ជូនថ្ងៃឈប់សម្រាកបន្ថែមដល់បុគ្គលិក ក្នុងការប្រើប្រាស់សម្រាប់កម្មវិធីស្ម័គ្រចិត្តសប្បុរសធម៌ ឬបន្តការអប់រំ ឬការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ។ ផ្នែកទី ២ គឺផ្តល់ការគាំទ្រកាន់តែខ្លាំងជាងមុនដល់បុគ្គលិកដែលត្រូវមានទំនួលខុសត្រូវជាមាតាបិតាថ្មីថ្មោង។ ផ្នែកទី ៣ គឺផ្តោតលើសុខភាព និងសុខុមាលភាពទូទៅសម្រាប់បុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលទាំងមូល។
បុគ្គលិកក្រុមហ៊ុនព្រូដិនសល នឹងមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលបន្ថែមចំនួន ៣ ថ្ងៃ ដើម្បីចូលរួមកម្មវិធីស្ម័គ្រចិត្តសប្បុរសធម៌ និងអាចទទួលបានថ្ងៃឈប់សម្រាកសម្រាប់ការអភិវឌ្ឍជំនាញរហូតដល់១២ ខែ។
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសល បានមានប្រសាសន៍ថា “យើងជឿជាក់ថាបុគ្គលិករបស់យើងកំពុងបម្រើការជាមួយយើងដោយសារពួកគេបានរួមចំណែកជាមួួយបេសកកម្មរួមក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានការថែទាំសុខភាព និងការធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ ជាមួយនឹងគោលបំណងរួមគ្នានេះ ពួកគេគ្រប់គ្នាចង់រួមចំណែកផ្ដល់ភាពវិជ្ជមានដល់សង្គមកម្ពុជា។ បុគ្គលិកយើងខ្លះបានប្រើប្រាស់អត្ថប្រយោជន៍នេះសម្រាប់ចូលរួមសកម្មភាពសប្បុរសធម៌ដោយស្ម័គ្រចិត្ត និងខ្លះទៀតសម្រាប់បន្តការអប់រំ ឬការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ដូច្នេះ យើងពិតជាចង់ធានាឱ្យបានថា យើងកំពុងជួយដល់បុគ្គលិករបស់យើងឱ្យក្លាយជាកម្លាំងវិជ្ជមានក្នុងសង្គមកម្ពុជា»។
ដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងដល់បុគ្គលិកដែលមានទំនួលខុសត្រូវជាមាតាបិតាថ្មីថ្មោង ក្រុមហ៊ុនព្រូដិនសលបានបង្កើនថ្ងៃឈប់សម្រាកលំហែមាតុភាពជាមួយប្រាក់ឈ្នួលពេញលេញសម្រាប់បុគ្គលិកដែលជាស្រី្តពី ៣ ខែ មកជា ៤ ខែវិញ។ ពួកគាត់ក៏អាចស្នើសុំការឈប់សម្រាករយៈពេល ១ ខែបន្ថែម ឬអាចជ្រើសរើសយកប្រាក់ឧបត្ថម្ភមាតុភាពប្រចាំខែចំនួន ២៥០ ដុល្លារអាមេរិកសម្រាប់រយៈពេល ៦ ខែ ដើម្បីគាំទ្រការវិលត្រឡប់របស់ពួកគេមកកាន់កន្លែងការងារវិញបន្ទាប់ពីការសម្រាលកូន។
បុគ្គលិកបុរសក៏នឹងទទួលបានថ្ងៃឈប់សម្រាកលំហែបិតុភាពដែលមានប្រាក់ឈ្នួលពេញលេញបន្ថែមពី ៥ ថ្ងៃ មកជា ១៥ថ្ងៃវិញ។ ថ្ងៃឈប់សម្រាកទាំងនេះ គឺត្រូវបានផ្ដល់ជូនលើសពីតម្រូវការតាមច្បាប់ ដែលបានកំណត់ដែលមានត្រឹមតែរយៈពេល ៣ ខែ ជាមួយនឹងប្រាក់ឈ្នួល ៥០% សម្រាប់ការឈប់សម្រាកលំហែមាតុភាព និង ៥ ថ្ងៃសម្រាប់ការឈប់សំរាកលំហែបិតុភាព។
លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “យើងបានបង្កើតគំនិតផ្តួចផ្តើមនេះឡើង ដើម្បីផ្តល់ការគាំទ្រកាន់តែប្រសើរជាងមុនដល់បុគ្គលិករបស់យើង នៅពេលដែលពួកគេស្វាគមន៍សមាជិកថ្មីមកក្នុងគ្រួសាររបស់ពួកគេ ហើយយើងជឿជាក់ថាវានឹងជួយផ្តល់ឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍស្ត្រីជាអ្នកដឹកនាំជំនាន់ក្រោយនៅកម្ពុជា។ ”
ដើម្បីបង្កើនគុណភាពនៃសុខភាព និងសុខុមាលភាពទូទៅរបស់បុគ្គលិក ក្រុមហ៊ុនព្រូដិនសល បាននឹងកំពុងផ្តល់សកម្មភាពបណ្តុះបណ្តាលផ្នែកសុខភាពរាងកាយដោយឥតគិតថ្លៃនៅការិយាល័យរបស់ខ្លួន ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យថែរក្សាសុខុមាលភាពរាងកាយរបស់ពួកគេ។ ក្រុមហ៊ុនក៏បានផ្តល់នូវកម្មវិធីបន្ថែមដើម្បីគាំទ្រលើការថែទាំផ្នែកសុខុមាលភាពផ្លូវចិត្ត នៅពេលដែលពួកគេត្រូវការប្រកបដោយភាពងាយស្រួល និងរក្សាការសម្ងាត់ តាមរយៈសេវាកម្មប្រឹក្សា ២៤/៧ របស់ខ្លួន។
លោកស្រី Kerry Ling នាយកផ្នែកធនធានមនុស្ស បានមានប្រសាសន៍ថា “បុគ្គលិករបស់យើងភាគច្រើនស្ថិតនៅក្នុងវ័យក្មេង ជាមួយនឹងអាយុ ២៧ ឆ្នាំជាមធ្យម។ ភាពវ័យក្មេងនេះ តម្រូវឱ្យពួកគេមានទំនួលខុសត្រូវលើការងារ ថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់ និងការចាប់ផ្តើមកសាងគ្រួសារ។ ជំងឺរាតត្បាតបានបង្កើនភាពតានតឹងជាច្រើនសម្រាប់បុគ្គលិករបស់យើង។ ដូច្នេះហើយ យើងបានផ្តល់សេវាកម្មការប្រឹក្សា ២៤/៧ ដល់បុគ្គលិករបស់យើងជាមួយនឹងបរិយាកាសដែលពួកគេអាចទុកចិត្តបាន។
លើសពីនេះ ព្រូដិនសល បានធ្វើការបណ្តុះបណ្តាលបុគ្គលិកមួយចំនួនឱ្យក្លាយជាអ្នកឯកទេសផ្នែកប្រឹក្សាសុខភាពផ្លូវចិត្តបឋម ដើម្បីផ្សាភ្ជាប់បុគ្គលិកជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត។ អ្នកឯកទេសផ្នែកប្រឹក្សាសុខភាពផ្លូវចិត្តបឋមទាំងអស់ត្រូវបានបណ្តុះបណ្តាល ដើម្បីកំណត់ពីបញ្ហាដែលអាចកើតមាន ផ្តល់ជំនួយបឋម និងការណែនាំសម្រាប់សហគមន៍បុគ្គលិករបស់យើង។
នៅឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសលក៏នឹងប្រារព្ធទិវាសុខភាពជាសកលផងដែរ ដើម្បីផ្ដល់ការសម្រាក និងសាកថ្មជីវិតសម្រាប់បុគ្គលិកទាំងអស់។
ក្រុមហ៊ុនព្រូដិនសលបានចាប់ផ្ដើមដំណើរការលើការប្តេជ្ញាចិត្តរយៈពេលវែងចំពោះយុទ្ធសាស្ត្របរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន ក៏ដូចជាវិធីសាស្រ្តជារួមចំពោះការប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់។ កត្តាចម្បង គឺផ្តោតលើការលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូល ក៏ដូចជាដើម្បីជួយឱ្យបុគ្គលិករបស់ខ្លួនគ្រប់រូបអាចបញ្ចេញសក្ដានុពលនៃសមត្ថភាពក្នុងការបំពេញការងាររបស់ពួកគេបានពេញលេញជារៀងរាល់ថ្ងៃ។ គំនិតផ្តួចផ្តើមដែលបានប្រកាសនៅថ្ងៃនេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការឆ្ពោះទៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តនេះ។
ជាមួយនឹងការផ្តល់ជូនផលិតផលស្របតាមតម្រូវការគ្រប់បែបយ៉ាង ការអភិវឌ្ឍន៍ទេពកោសល្យ និងការបន្តវិនិយោគក្នុងសហគមន៍ ក្រុមហ៊ុនព្រូដិនសលកម្ពុជា កំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេតាមរយៈស្ថានភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ដើម្បីអានបន្ថែមអំពីការចូលរួមក្លាយជាសមាជិកមួយរូបនៅព្រូដិនសលកម្ពុជា សូមចុចទីនេះ៕