ធនាគារ ស្ថាបនា ចាប់ផ្តើមដំណើរការ កម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' ជាផ្លូវការ ដើម្បីគាំទ្រ និងលើកកម្ពស់ស្ត្រីក្នុងវិស័យអាជីវកម្ម និងសហគ្រិនក្នុងប្រទេសកម្ពុជា
- 2022-08-28 09:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា ចាប់ផ្តើមដំណើរការ កម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' ជាផ្លូវការ ដើម្បីគាំទ្រ និងលើកកម្ពស់ស្ត្រីក្នុងវិស័យអាជីវកម្ម និងសហគ្រិនក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជាពិសេស ដែលមានការចូលរួមសហការជាមួយ សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមដំណើរការកម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' ជាផ្លូវការ ដែលមានការចូលរួមសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់ខ្លួនមានដូចជា សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍អាជីវកម្ម និងឱកាសភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្មសម្រាប់ជួយដល់ស្ត្រីក្នុងវិស័យអាជីវកម្ម មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម។
កម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» គឺបង្កើតឡើងដើម្បីចូលរួមលើកកម្ពស់ និងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្មតាមរយៈការផ្ដល់វគ្គបណ្តុះបណ្តាលដ៏មួយនេះ។ ធនាគារ ស្ថាបនា ពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយ សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាដៃគូសហការដែលមានចក្ខុវិស័យដូចគ្នា ក្នុងការផ្ដល់ឱកាស និងលើកកម្ពស់ស្ត្រីក្នុងវិស័យអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះមានបញ្ចូលវគ្គសិក្សាដូចជា ការអភិវឌ្ឍន៍ជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រិន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ និងលក់។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីរំភើបជាខ្លាំងដែលកម្មវិធីបណ្តុះបណ្តាលនេះបានកើតចេញជារូបរាងជាផ្លូវការ សម្រាប់ផ្ដល់ជូននូវដំណោះស្រាយដល់សហគ្រិនស្ត្រីដែលមានឧបសគ្គក្នុងការរក្សាស្ថិរភាពអាជីវកម្ម និងបន្តពង្រីកអាជីវកម្មរបស់ពួកគាត់។ ភាពជោគជ័យនៃកម្មវិធីនេះនឹងបង្កើតនូវផលជាវិជ្ជមានរយៈពេលវែងទៅដល់សង្គម និងសេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាជនកម្ពុជា និងសហគមន៍ទាំងមូលផងដែរ។
កញ្ញា Jennifer Lee អគ្គនាយិកាប្រតិបត្តិ អភិវឌ្ឍន៍ បានមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា យើងដើរតួនាទីយ៉ាងសកម្មបំផុតលើការលើកកម្ពស់សហគ្រិនស្ត្រី និងគាំទ្ររាល់គម្រោងដែលពង្រីកដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងមិនមែនសេវាហិរញ្ញវត្ថុ។
កញ្ញាបានបន្ថែមទៀតថា៖ “ជាមួយនឹងកម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' យើងមានគោលបំណងបង្កើតថ្នាក់រៀន និងសហគមន៍មួយដែលមាន សារៈប្រយោជន៍ក្នុងការបង្វិល និងផ្តល់ការយកចិត្តទុកដាក់ទៅលើសហគ្រិនស្ត្រី។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមយ៉ាងមុតមាំថា សហគ្រិនទាំងអស់នឹងមានវត្តមានចូលរួមសិក្សា ដើម្បីមកទទួលយកចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនងទៅវិញទៅមក។”
កម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' នឹងផ្ដល់ជូននៅវគ្គសិក្សាចំនួន ៥ក្រុម ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានចំនួន ៤វគ្គក្នុងមួយក្រុម។ ក្រុមនីមួយនឹងត្រូវបានបង្រៀនដោយអ្នកជំនាញបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មចំនួនពីររូប។
សម្រាប់ក្រុមទីមួយនឹងធ្វើការទទួលពាក្យចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះតទៅ ដោយអាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ via https://forms.microsoft.com/r/dNausSrKxK ដែលមាននៅលើទំព័រ Facebook របស់ធនាគារ ស្ថាបនា។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្ដល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្ដល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេរលុយ អ៉ីម៉ាន់នី និងបាគង ដើម្បីផ្ដល់ជូន ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុន ជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕