បើកយុគសម័យថ្មីនៃវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់នៅកម្ពុជា! ក្រុមហ៊ុន LIXIN GROUP នឹងវិនិយោគចូលហ៊ុនក្នុងក្រុមហ៊ុន HANA JIA ER CO., LTD

  • 2022-09-04 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីរសៀលថ្ងៃទី៣០ ខែសីហា នៅអគារ LIXIN CEO Center បានប្រារព្ធពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន LIXIN Group លើការវិនិយោគចូលហ៊ុនក្នុងក្រុមហ៊ុន Hana Jia Er CO., LTD យ៉ាងអធិកអធម ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោកស្រី Carey Liu ប្រធានក្រុមហ៊ុន LIXINYI លោកស្រី Chu Cheng ប្រធានក្រុមហ៊ុន Hana Jia Er CO., LTD និងបណ្តាម្ចាស់ភាគហ៊ុនដទៃទៀត ហើយភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចូលហ៊ុន ដើម្បីឈានទៅសម្រេចសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

ពិធីចុះហត្ថលេខានេះជាការបើកទំព័រថ្មី នៃកិច្ចសហការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ និងជាការកំណត់គោលដៅថ្មី សម្រាប់ការអភិវឌ្ឍវិស័យភស្តុភារខ្សែសង្វាក់ត្រជាក់ (Cold Chain Logistics) នៅកម្ពុជា។ តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំនេះ ភាគីទាំងពីរនឹងរួមគ្នាបង្កើនសមត្ថភាពវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់កម្ពុជា និងពន្លឿនការធ្វើលើកកម្ពស់វិស័យនេះឱ្យកាន់តែប្រសើរឡើង។

ក្រុមហ៊ុន Hana Jia Er CO., LTD គឺជាអ្នកទទួលបានសិទ្ធិចែកចាយផលិតផលខ្សែសង្វាក់ត្រជាក់ប្រចាំនៅកម្ពុជា ពីក្រុមហ៊ុន AICE (Mengniu Holdings)។ យីហោភេសជ្ជៈត្រជាក់ AICE ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរី និងគ្រប់គ្រងដោយក្រុមហ៊ុន Mengniu Group ហើយបានឡើងទៅដល់លំដាប់ទី ១ ក្នុងទីផ្សារការ៉េមនៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ដោយទទួលបានចំណូលពីការលក់ដល់ទៅ ៥២០ លានដុល្លារ ក្នុងឆ្នាំ ២០២១។ AICE ក៏ត្រូវបានជ្រើសរើសជាភេសជ្ជៈត្រជាក់ឧបត្ថម្ភសម្រាប់កីឡាស៊ីហ្គេមហ្សាកាតា និងជាអ្នកឧបត្ថម្ភការ៉េមផ្តាច់មុខក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាផងដែរ។

ក្រៅពីជាអ្នកទទួលបានសិទ្ធិចែកចាយរបស់ AICE នោះ ក្រុមហ៊ុន Hana Jia Er CO., LTD មានផ្តល់នូវសេវាកម្មធុរកិច្ចសំខាន់ៗជាត្រីកោណ ដែលរួមមាន បណ្តាញទំនិញប្រើប្រាស់លឿន (FMCG), ភស្តុភារកម្មនិងការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់គយ ការស្តុកទុក និងការចែកចាយអាហារក្លាសេនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានផ្ដល់ជូនអតិថិជននូវសេវាកម្ម-ផលិតផលចម្បង ដូចជា ការ៉េមមានគុណភាពខ្ពស់ ភេសជ្ជៈយីហោល្បីៗ អាហាររហ័ស និងផលិតផលច្រើនមុខច្រើនម៉ាកផ្សេងៗទៀត ព្រមទាំងមានផ្ដល់ជូននូវសេវាស្តុកទុកទំនិញក្លាស្សេគ្រប់ប្រភេទ ការចែកចាយ ភស្តុភារកម្មនិងការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ឆ្លងកាត់គយ សម្រាប់បណ្តាពាណិជ្ជករទូទៅ។ ក្រុមហ៊ុន Hana Jia Er CO., LTD គឺជាសហគ្រាសសេវាកម្មលំដាប់ផ្កាយ ដែលមានសមត្ថភាព និងប្រតិបត្តិការអាជីវកម្មខ្លាំងពូកែ។

បច្ចុប្បន្ននេះ បណ្តាញសេវាឃ្លាំងស្តុកក្លាស្សេរបស់ក្រុមហ៊ុនកំពុងមានវត្តមានក្នុងខេត្ត-ក្រុងចំនួន ៤ គឺ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពត ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកជាបន្តបន្ទាប់ទៅទូទាំងប្រទេសកម្ពុជានាពេលអនាគត។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចសាងសង់ឃ្លាំងស្តុកក្លាស្សេសរុបចំនួន ៦ ដែលផ្ទៃក្រឡាឃ្លាំងសរុបជាង ១0.000 ម៉ែត្រការ៉េ។ ហើយកំពុងដាក់ឱ្យដំណើរការទូរក្លាស្សេជិត ៣.000 គ្រឿង នៅទូទាំងទីផ្សារភេសជ្ជៈត្រជាក់ ដែលមានវត្តមានគ្របដណ្តប់លើខេត្ត ស្រុក និងក្រុងសំខាន់ៗចំនួន ១៩ នៅក្នុងប្រទេសកម្ពុជា។ ហើយដើម្បីឈានទៅបំពេញតាមតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុននឹងមានផ្តល់បន្ថែមនូវសេវាកម្មថ្មីៗ ដូចជា ការដឹកជញ្ជូនទំនិញក្លាស្សេឆ្លងកាត់គយ និងការរៀបចំផែនការពន្ធដារ ជាដើម។

សម្ព័ន្ធភាពស្ដង់ដារនាំមុខក្នុងឧស្សាហកម្ម ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភស្តុភារខ្សែសង្វាក់ត្រជាក់នៅកម្ពុជា

លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា “ជាមួយនឹងការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (FTA) វិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់នៅកម្ពុជា នឹងអភិវឌ្ឍន៍ឈានទៅដល់ចំណុចកំពូលរបស់ខ្លួននាពេលអនាគត។ ក្រុមហ៊ុន Hana Jia Er CO., LTD មានស្រាប់នូវបទពិសោធមូលដ្ឋានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់ប្រទេសចិន ហើយក្រោយពីបានមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនកំពុងធ្វើការនាំមុខគេទាំងទីផ្សារក្នុងស្រុក បណ្តាញភស្តុភារកម្មខ្សែសង្វាក់ត្រជាក់ បច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រ។ កិច្ចសហការជាមួយក្រុមហ៊ុន Hana Jia Er CO., LTD លើកនេះនឹងជំរុញឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី និងកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់កម្ពុជា ផ្តល់នូវការដឹកជញ្ជូនទំនិញខ្សែសង្វាក់ត្រជាក់ប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ ព្រមទាំងផ្តល់ផលិតផលក្លាស្សេឈ្ងុយឆ្ងាញ់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានសីតុណ្ហភាពក្ដៅ ព្រមទាំងនាំមកនូវបទពិសោធរស់នៅប្រកបដោយភាពងាយស្រួល និងត្រជាក់រំភើយសម្រាប់សាធារណជនទូទៅ។”

ពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្រលើកនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហការរវាង ក្រុមហ៊ុន LIXIN Group និង Hana Jia Er CO., LTD ។ ហើយនាពេលអនាគត ភាគីទាំងពីរនឹងប្រើប្រាស់នូវគុណសម្បត្តិបច្ចេកទេស និងធនធានរៀងៗខ្លួនឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យកិច្ចសហការគ្នានេះកាន់តែស៊ីជម្រៅ និងជួយដល់ក្រុមហ៊ុន Hana Jia Er CO., LTD បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែង បង្កើតស្ដង់ដារឧស្សាហកម្មថ្មី និងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់កម្ពុជាឱ្យកាន់តែរីចម្រើនថ្កុំថ្កើន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងពីរក៏នឹងខិតខំជួយអភិវឌ្ឍទីផ្សារក្នុងស្រុករបស់កម្ពុជា លើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងណែនាំផលិតផលល្អៗរបស់កម្ពុជាឱ្យទីផ្សារអន្តរជាតិបានស្គាល់កាន់តែច្រើនឡើងៗ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី