បន្ទាប់ពីកូវីដ ចប់ តើសៀមរាប គួរតែអនុវត្តយុទ្ធសាស្ត្រទេសចរណ៍បែបគុណភាព ជាងបរិមាណ?

  • 2021-10-27 08:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហការជាមួយ Southeast Asia Globe

ជាមួយនឹងការប្រមូលផ្តុំដោយប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយ និងតំបន់ធម្មជាតិដ៏គួរឲ្យទាក់ទាញជាច្រើនកន្លែង សៀមរាប ត្រូវបានចាត់ទុកថា គឺជាខេត្តមួយដែលមានចំណុចពិសេសជាច្រើនក្នុងការក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពជោគជ័យ។ បន្ថែមទៅលើនេះ សៀមរាប ក៏មានគោលនយោបាយទេសចរណ៍ដ៏ល្អ និងសហគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរផងដែរ ហេតុនេះ វាគ្មានអ្វីត្រូវប្លែកឡើយដែល ខេត្តមួយនេះ បានក្លាយជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ដែលស្រូបទាញភ្ញៀវទេសចរ ច្រើនជាងគេបំផុតនៅកម្ពុជា នៅមុនពេលការផ្ទុះការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩។

ជាធម្មតា ទាំងប្រជាពលរដ្ឋកម្ពុជា និងជនបរទេស តែងតែប្រមូលផ្តុំគ្នានៅកណ្តាលក្រុងសៀមរាប ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ កាលពីឆ្នាំ២០១៩ ខេត្តសៀមរាប បានស្វាគមន៍ភ្ញៀវទេសចរច្រើនជាង ៣៧0. ០០០នាក់ អំឡុងពេលនៃវិធីបុណ្យជាតិមួយនេះ។ ប៉ុន្តែ ស្របពេលដែលការឆ្លងរាតត្បាត បាននាំឲ្យមានការបិទច្រកព្រំដែននានា ដើម្បីទប់ស្កាត់ផលប៉ះពាល់ទៅលើសុខភាព ឧស្សាហកម្មទេសចរណ៍កម្ពុជា ស្ទើរតែដួលរលំទាំងស្រុង។

ដើម្បីអានព័ត៌មាននេះ ជាភាសាអង់គ្លេស សូមចូលទៅកាន់៖ Southeast Asia Globe

ស្ថិតិនានាស្តីពីភ្ញៀវទេសចរ បង្ហាញឲ្យឃើញពីការធ្លាក់ចុះឥតឈប់ឈរ ហើយបច្ចុប្បន្ន ការអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គ្រាន់តែជាការចងចាំមួយប៉ុណ្ណោះ។ ខេត្តនេះ និងទីក្រុងរបស់ខ្លួន បានរងគ្រោះដោយសារតែការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ខណៈដែលភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ៧៧% ហើយភ្ញៀវទេសចរក្នុងស្រុក បានធ្លាក់ចុះ២៥% ក្នុងឆ្នាំ២០២០។ ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប មានត្រឹមតែ៤៥០០០នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ទាំងមូល ដែលនាំឲ្យតំបន់ទេសចរណ៍សំខាន់ៗប្រែជាស្ងាត់ជ្រងំ។

ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះយ៉ាងគំហុកនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍បន្ធូរបន្ថយជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការលើកលែងពន្ធចំពោះអាជីវកម្មនានា ស្របពេលដែលសមាជិកក្នុងវិស័យឯកជននានា ក៏បានបង្កើនការផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍ក្នុងស្រុករបស់ខ្លួនផងដែរ តាមរយៈកម្មវិធីនានា ដូចជា យុទ្ធនាការ #AngkorLikeNeverBefore (អង្គរមិនដូចពីមុន) របស់សមាគមសណ្ឋាគារកម្ពុជា។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការខិតខំព្យាយាមទាំងនេះ នៅតែមានឥទ្ធិពលតិចតួចប៉ុណ្ណោះទៅនឹងទំហំនៃការធ្លាក់ចុះសេដ្ឋកិច្ចទូទាំងពិភពលោក។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានទស្សនវិស័យវិជ្ជមាន ចំពោះអនាគតខេត្តសៀមរាប និងកំពុងតែត្រៀមលក្ខខណៈរួចរាល់ ក្នុងការស្វាគមន៍ភ្ញៀវទេចរក្នុងស្រុក និងអន្តរជាតិ ស្របពេលដែលខេត្តមួយនេះ គឺជាចំណុចកណ្តាលក្នុងផែនការមេ។

កាលពីថ្ងៃទី១ ខែមេសា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុម័តលើផែនទីនាំផ្លូវទេសចរណ៍ជាតិ ឆ្នាំ២០២១-២០២៥ និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០២៥។ ក្រសួងទេសចរណ៍ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា ខេត្តសៀមរាប អាចនឹងទទួលបានភ្ញៀវទេសចរក្នុងស្រុកចំនួន១០,៩លាននាក់ នៅត្រឹមឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ៧,៥លាននាក់ ត្រឹមឆ្នាំ២០២៥ ដែលនាំឲ្យមានការបង្កើតការងារបាន៩៤០ ០០០ និងទទួលបានចំណូលបន្ថែមចំនួន៦ពាន់លានដុល្លារអាមេរិក។ តួលេខទាំងនេះ គឺការកើនឡើងភ្ញៀវទេសចរក្នុងស្រុកចំនួន២លាននាក់ និងភ្ញៀវទេសចរបរទេស២,២លាននាក់ ដែលមកទស្សនាប្រាសាទអង្គរវត្ត បើធៀបទៅនឹងឆ្នាំ២០១៩។

ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានកង្វល់នានាអំពីអនាគតនៃគំរូទេសចរណ៍កម្ពុជាផងដែរ ដែលកំពុងតែក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីការកំណត់យកបរិមាណនៃចំនួនភ្ញៀវទេសចរ ជាគោលដៅអាទិភាព លើអ្វីៗទាំងអស់។ បើទោះបីមានបញ្ហាប្រឈមនានាក៏ដោយ ប៉ុន្តែ វិបត្តិដែលកំពុងបន្តនេះ ផ្តល់ឱកាសក្នុងការគិតឡើវិញពីមុខងារទេសចរណ៍ ដែលជាសរសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។

ពេលកូវីដ ១៩ រលាយបាត់ចេញពីពិភពលោក តើខេត្តសៀមរាប នឹងប្រកាន់ខ្ជាប់គោលនយោបាយរបស់ខ្លួន ឬក៏ទីក្រុងនេះ អាចនឹងប្រើប្រាស់រយៈពេលនៃការស្តារឡើងវិញ ជាឱកាសក្នុងការកែប្រែមុខមាត់របស់ខេត្តសៀមរាប?

បញ្ហានេះ នាំឲ្យមានសំណួរសួរថា តើទេសចរណ៍ខេត្តសៀមរាប នៅតែអនុវត្តតាមគំរូ «បរិមាណ ច្រើនជាងគុណភាព» ឬ ក៏ប្រើប្រាស់យុទ្ធសាស្ត្រផ្តោតលើគុណភាពជាចម្បង ដើម្បីលើកមុខមាត់កម្ពុជា បេតិកភណ្ឌ និងប្រជាពលរដ្ឋរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង?

ចំនួនភ្ញៀវទេសចរបរទេស ដែលទៅទស្សនកិច្ចនៅខេត្តនេះ បានធ្លាក់ចុះរួចជាស្រេច នៅមុនពេលការផ្ទុះការឆ្លងវីរុកូវីដ ១៩ ទៅទៀត ស្របពេលដែលភ្ញៀវទេសចរនៅឧទ្យានបុរាណវិទ្យាអង្គរ បានធ្លាក់ចុះ១៥% ក្នុងឆ្នាំ២០១៩។ លោកខៀវ ធី ប្រធានសមាគមមគ្គុទេសចរណ៍ខ្មែរអង្គរ ត្រូវបានដកស្រង់សម្តីក្នុងពេលនិយាយថា ការធ្លាក់ចុះនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុក្តៅខ្លាំង ការគ្មានសណ្តាប់សង្គម និងគោលនយោបាយគាំទ្រទេសចរចិន។ ហេតុនេះ មេដឹកនាំឧស្សហកម្មជាច្រើន បានណែនាំឲ្យមានការកែប្រែនៅអង្គរវត្ត និងកាត់បន្ថយការពឹងផ្អែកតែទៅលើភ្ញៀវទេសចរចិន ដែលបង្កើតឲ្យមានចំណែកធំនៅក្នុងគំរូទេសចរណ៍នាពេលបច្ចុប្បន្នរបស់កម្ពុជា។

ជាប្រវត្តិសាស្ត្រ ទេសចរណ៍ គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មនានា ដែលបានអនុញ្ញាតឲ្យប្រទេសកំពុងតែអភិវឌ្ឍ ដូចជាកម្ពុជា ទទួលបានចំណូលរូបិយប័ណ្ណបរទេស ទាក់ទាញការបណ្តាក់ទុនបរទេស និងបង្កើតការងារជាច្រើន។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណូលច្រើនជាង៤,៩ពាន់លានដុល្លារអាមេរិក ពីទេសចរណ៍បរទេស ហើយវិស័យនេះ ក៏បានបង្កើតការងារដល់មនុស្សចំនួន២,៣លាននាក់ផងដែរ គិតត្រឹមខែមីនា ឆ្នាំ២០២០។

ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតែស្ថិតក្នុងដំណាក់កាលប្រកួតប្រជែង និងមានកម្រិតនៅឡើយ។ ការលេចធ្លាយសេដ្ឋកិច្ច ដែលមានន័យថា ប្រាក់ចំណូលនានាដែលចូលតាមរយៈសកម្មភាពទាក់ទងនឹងទេសចរណ៍ ត្រូវបានស្រូបចេញពីប្រទេសម្ចាស់ផ្ទះ ជាងការដែលត្រូវបានបណ្តាក់ទុន ក្នុងសហគមន៍ក្នុងស្រុកនោះ ជារឿយៗ ត្រូវបានធ្វើឲ្យក្លាយជាបញ្ហាដ៏ចម្បងមួយជាមួយនឹងវិស័យទេសចរណ៍។ របាយការណ៍មួយពីធនាគារពិភពលោកក្នុងឆ្នាំ២០១៨ បានរកឃើញថា ៤០%នៃរាល់ប្រាក់ដុល្លារអាមេរិក ដែលជនបរទេសម្នាក់ បានចំណាយនៅកម្ពុជា បានធ្លាក់ក្នុងដៃក្រុមហ៊ុនបរទេស ដោយសារតែការខ្វះការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការខ្វះនូវការច្នៃប្រឌិត នៅក្នុងវិស័យសេដ្ឋកិច្ច។

ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានឡើងទៅលើវិស័យទេសចរណ៍ នៅកម្ពុជា ក៏បានរកឃើញផងដែរថា ប្រាក់ចំណូលដែលកើនឡើងឥតឈប់ឈរពីវិស័យទេសចរណ៍ មិនបានធ្លាក់ក្នុងដៃសហគមន៍ក្នុងស្រុកឡើយ ដោយសារតែការខ្វះចំណេះដឹងបច្ចេកទេស ដែលរារាំងមិនឲ្យប្រជាពលរដ្ឋទទួលបានការងារដែលផ្តល់ប្រាក់ខែខ្ពស់ ពោលគឺកញ្ចប់ទេសចរណ៍ ដែលមិនលើកទឹកចិត្តឲ្យអ្នកដំណើរទិញពីប្រជាជនក្នុងតំបន់ និងការប្រកួតប្រជែងជាមួយនឹងអ្នកបណ្តាក់ទុននាំចូល និងបរទេស។

លើសពីនេះទៅទៀត វិស័យទេសចរណ៍ គឺជាហេដ្ឋរចនាសម្ព័ន្ធដែលប្រើប្រាស់បានតែម្តង។ បើទោះបីមជ្ឈមណ្ឌលនានា អាចត្រូវបានប្រើប្រាស់ អំឡុងរដូវដែលកើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែ មជ្ឈមណ្ឌលទាំងនោះ ស្ទើរតែមិនអាចប្រើប្រាស់បាន នៅពេលដែលគ្មានភ្ញៀវទេសចរ ដូចដែលយើងបានឃើញរួចជាស្រេចអំឡុងពេលនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ ១៩ នេះតែម្តង។ សណ្ឋាគារជាច្រើន ត្រូវបានកែប្រែជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យ សម្រាប់អ្នកជំងឺកូវីដ ១៩ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៅកម្ពុជា ប៉ុន្តែ សណ្ឋាគារ និងផ្ទះសំណាក់ភាគច្រើន មិនបានដំណើរការឡើយ។

វិស័យទេសចរណ៍ ជារឿយៗត្រូវបានចាត់ទុកថា មានសក្តានុពលខ្ពស់ក្នុងការដើរតួនាទីជាវេទិការមួយសម្រាប់ប្រទេសជាច្រើន ក្នុងការបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសទាំងនោះ។ ការមិនសូវយកចិត្តទុកដាក់ គឺជាកត្តាដែលធ្វើឲ្យវិស័យទេសចរណ៍ នាំយកឥទ្ធិពលអាក្រក់ដល់ប្រពៃណី។ ជាឧទាហរណ៍ ការសិក្សាមួយ បានធ្វើការវិភាគទៅលើសំណេរនានា ដែលត្រូវបានផ្តល់ដោយសៀវភៅមគ្គុទេសចរណ៍ Lonely Planet និងបានរកឃើញថា ជាទូទៅ ការបោះពុម្ភផ្សាយនានាអំពីប្រសាទអង្គរវត្ត និងខេត្តសៀមរាប ត្រូវបានបញ្ចូលព័ត៌មានមិនត្រឹមត្រូវជាច្រើន ដែលប្រាសចាកពីទស្សនវិស័យរបស់ប្រជាជនក្នុងតំបន់ ទាក់ទងនឹងគោលដៅទេសចរណ៍នោះ។

ការផ្សព្វផ្សាយទេសចរណ៍ងងឹត ឬទេសចរណ៍ប្រល័យពូជសាសន៍ ក៏បង្កើតឲ្យមានការលើកឡើងជាសំណួរជាច្រើនអំពីតម្លៃនៃការអប់រំផងដែរ។ គោលដៅទេសចរណ៍នានា ដែលបង្ហាញពីសោកនាដកម្ម ដូចជា សារមន្ទីរគុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក កំពុងតែស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស ដើម្បី «អប់រំ» ដល់ពួកគេអំពីអំពើប្រល័យពូជសាសន៍ដ៏គួរឲ្យខ្លាច នៅកម្ពុជា។ ប៉ុន្តែ មនុស្សជាច្រើនបានធ្វើការរិះគន់លើភ្ញៀវទេសចរដែលមិនដឹងអី ដែលកំពុងតែដើរលើផ្នូរ និងថត Selfie ក្បែរលលាដ៍ក្បាលរបស់ជនរងគ្រោះជាច្រើនដែលគេដាក់តាំងបង្ហាញ។ បញ្ហាទាំងនេះ នាំឲ្យមានសំណួរមួយថា តើអ្វីទៅជាផលប៉ះពាល់នៃការកាត់បន្ថយបេតិកភណ្ឌ និងប្រវត្តិសាស្ត្រ ចំពោះផលិតផលដែលត្រូវបានលក់ទៅឲ្យជនបរទេស?

ជាមួយគ្នានេះ ឧស្សាហកម្មទេសចរណ៍ ក៏ជាវិស័យដែលនាំឲ្យខូចកេរិ៍្តឈ្មោះផងដែរ។ នៅខេត្តសៀមរាប បញ្ហានៃការកើនឡើងការផ្គត់ផ្គង់ទឹកដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើងពីភ្ញៀវទេសចរ ធ្វើឲ្យប្រជាជនក្នុងតំបន់បូមទឹកពីការជីកអណ្តូង ដែលធ្វើឲ្យគ្មានស្ថិរភាពដល់គ្រឹះប្រាសាទអង្គរវត្ត។ ការចាត់វិធានការមិនបានគ្រប់គ្រាន់របស់ខេត្តនេះ ក្នុងការគ្រប់គ្រងកាកសំណល់នានា ក៏ជាដើមហេតុនាំឲ្យផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាននានា បញ្ចេញទឹកកាកសំណល់ ដែលធ្វើឲ្យកង្វក់ដល់ស្ទឹងសៀមរាប ក្នុងឆ្នាំ២០១៩ ផងដែរ ក៏ដូចជានាំឲ្យមានបញ្ហាសុខភាព និងបំពុលបរិស្ថាន។

ប៉ុន្តែ ទោះបីជាយ៉ាងណា ខេត្តសៀមរាប មានសក្តានុពលដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍឲ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងប្លែកពីគេ។ តាមរយៈការអនុវត្តតាមគំរូនេះ ទេសចរក្នុងស្រុក នៅតែមានចំនួនច្រើន ជាពិសេសអំឡុងពេលរដូវវិស្សមកាល ដោយអាជ្ញាធរនៅតែអាចអនុវត្តកូតាដើម្បីកំណត់ចំនួនភ្ញៀវទេសចរ ដែលចូលទស្សនកិច្ចក្នុងទីក្រុង និងតំបន់ប្រវត្តិសាស្ត្រនានា។

អ្នកដំណើរឯករាជ្យនៅតែអាចអនុញ្ញាតឲ្យធ្វើដំណើរទស្សនកិច្ចខេត្តសៀមរាប ប៉ុន្តែ ត្រូវតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើអ្នកដំណើរជាក្រុម ដែលទិញកញ្ចប់ទេសចរណ៍ ពីភ្នាក់ងារទេសចរណ៍។ បន្ថែមទៅលើកំណត់តម្លៃទាបបំផុតសម្រាប់រាល់កញ្ចប់ទេសចរណ៍ទាំងអស់ អាជ្ញាធរ ក៏អាចកំណត់ស្តង់ដារឲ្យបានច្បាស់លាស់ដើម្បីធានាឲ្យបានបទពិសោធន៍ប្រកបដោយគុណភាពខ្ពស់ និងធានាឲ្យបាននូវអត្ថប្រយោជន៍នានា សម្រាប់សហគមក្នុងតំបន់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល អាចធ្វើការបែងចែកប្រាក់ចំណូលរួមមួយចំនួនដើម្បីបណ្តាក់ទុនត្រឡប់ទៅវិញលើការអប់រំ និងកម្មវិធីសង្គម។

សៀមរាប កំពុងតែដើរក្នុងទិសដៅយ៉ាងត្រឹមត្រូវរួចជាស្រេច តាមរយៈការហាមមិនឲ្យបើកកាស៊ីណូ និងឧស្សាហកម្មផ្លូវភេទ ប៉ុន្តែ បម្រាមទាំង២ ត្រូវតែអនុវត្តឲ្យបានតឹងរ៉ឹងបំផុត រួមជាមួយនឹងច្បាប់ទៅលើអាជីវកម្មនានា ដែលនាំឲ្យមានការជួញដូរគ្រឿងញៀន និងផ្លូវភេទ។ ផ្ទុយទៅវិញ ខេត្តសៀមរាប គួរតែត្រូវបានផ្សព្វផ្សាយក្នុងនាមជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់ការស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ ក៏ដូចជាកន្លែងសម្រាប់ការព្យាបាល និងសុខភាព។

ការផ្លាស់ប្តូរដ៏ខ្លាំង កើតឡើង រួមជាមួយនឹងការកែប្រែដ៏គួរឲ្យកត់សម្គាល់ជាច្រើន។ សណ្ឋាគារ ផ្ទះសំណាក់ ប្រតិបត្តិករទេសចរណ៍ និងមគ្គុទេសចរណ៍ ក៏នឹងត្រូវរ៉ាប់រងលើការចំណាយនានាចំពោះការធ្លាក់ចុះអ្នកទេសចរផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ប្រសិនបើពួកគេអាចធ្វើឲ្យគុណភាពសេវាកម្មរបស់ពួកគេកាន់តែល្អប្រសើរឡើង ពួកគេអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។

ហេតុនេះ គោលនយោបាយនេះ ទាមទារឲ្យមានការធ្វើអន្តរាគមន៍បន្ថែមទៀតពីរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ម្ចាស់អាជីវកម្មខ្នាតតូច និងកម្មករ នៅក្នុងវិស័យទេសចរណ៍ផងដែរ ដើម្បីផ្តល់នូវបទពិសោធប្រកបដោយគុណភាព ឬបង្រៀនជំនាញថ្មីដល់ពួកគេ ក្នុងគោលបំណងជួយគាំទ្រដល់វិស័យផ្សេង។

ប្រជាពលរដ្ឋកម្ពុជា តែងតែត្រូវបានបង្ហាត់បង្រៀនឲ្យមានមោទនភាពជានិច្ច ចំពោះសម្បត្តិបេតិកភណ្ឌដែលមានអាយុកាលដ៏យូរអង្វែងរបស់យើង ប៉ុន្តែ ទម្រង់នៃការបង្ហាត់បង្រៀនដ៏ល្អបំផុត គឺឫសគល់ក្នុងគោលនយោបាយទេសចរ ដែលផ្តល់ការគោរពយ៉ាងពិតប្រាកដលើប្រវត្តិសាស្ត្រ និងវប្បធម៌របស់យើង ជាងការដែលចាត់ទុកប្រវត្តិសាស្ត្រ និងវប្បធម៌ជាផលិតផលដែលត្រូវបានដាក់តាំងបង្ហាញដើម្បីផ្តល់ការកម្សាន្តភ្ញៀវបរទេស៕

ប្រភពព័ត៌មាន៖ Southeast Asia Globe

អត្ថបទ៖ In Sopheng

អត្ថបទថ្មី