សហគ្រិនជើងចាស់ ប្រកបរបរឆ្លាក់ប្រាក់ជាង ៤០ឆ្នាំនៅតែទទួលបានការគាំទ្រ ព្រោះតែពាក្យស្លោកប្រចាំត្រកូលមួយឃ្លានេះ
- 2021-10-27 09:58:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនជើងចាស់ ប្រកបរបរឆ្លាក់ប្រាក់ជាង ៤០ឆ្នាំនៅតែទទួលបានការគាំទ្រ ព្រោះតែពាក្យស្លោកប្រចាំត្រកូលមួយឃ្លានេះ
ចន្លោះមិនឃើញ
«ប្រាប់ភ្ញៀវឲ្យត្រង់ទៅ គេទិញដូចគ្នា កុំកុហកគេ កុំយកស្ពាន់ទៅក្រូម៉េថាប្រាក់លេងមួយ ១គីឡូក្រាម អ្នកខ្លះលក់បាន ១ ០០០ ដុល្លារ ស្មើនឹងប្រាក់ដែរហ្នឹង! ធ្វើអីចឹងអត់សមទេ លុយបានហើយ តែថ្ងៃណាមួយគាត់នឹងបរាជ័យ» ។ ពាក្យពេចន៍ខាងលើនេះ គឺជាការលើកឡើងរបស់ អ្នកស្រី ដេន ម៉ាស់ អាយុ៥៦ឆ្នាំ ប្រធានសមាគមសិប្បកម្មចម្លាក់ប្រាក់ ឃុំកំពង់ហ្លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ អ្នកស្រីបានចាប់ផ្ដើមទិញស្ពាន់ ទិញប្រាក់ ធ្វើចម្លាក់ខ្មែរ តាំងពីឆ្នាំ ១៩៨១ ដោយបន្តពីមុខរបរម្ដាយ។
ផ្ដើមពីមុខរបរតូចតាច នៅអំឡុងទសវត្ស ៨០ មានជាងផ្នែកលាងត្រឹមតែ ២៣នាក់ និងជាងជំនាញ ១៨នាក់ រហូតក្លាយជាមុខរបរចម្លាក់ធំរហូតដល់សព្វថ្ងៃនេះ។ ឥឡូវនេះ ចម្លាក់ប្រាក់ខ្មែរមិនមែនលក់តែនៅផ្ទះប៉ុណ្ណោះទេ បាននាំយកទៅបង្ហាញនៅតាមពិព័រណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។ ប្រទេសដែលទទួលស្គាល់ចម្លាក់ប្រាក់កំពុងហ្លួង និងកំពុងចិនខ្លាំងនោះ គឺប្រទេសថៃ ឡាវ និងចិន។
ការណ៍ដែលធ្វើឲ្យមុខរបរនេះកាន់តែរីកធំធាត់ និងមានទីផ្សារនៅក្រៅប្រទេសទៀតនោះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះអ្នកស្រី ដេន ម៉ាស់ បានប្រកាន់គោលការស្មោះត្រង់ និង ផលិតផលមានគុណភាព។ «រកស៊ីស្មោះត្រង់ មិនមានក៏ហីចុះ តែរស់បានយូរ»។ ស្ត្រីវ័យ ៥៦ឆ្នាំរូបនេះបន្ថែម។ ក្រៅពីប្រកាន់គោលការណ៍ស្មោះត្រង់ អ្នកស្រី ដេន ម៉ាស់ ដែលបានចំណាយពេលស្ទើរពេញមួយជីវិតប្រកបមុខរបរចម្លាក់ប្រាក់ខ្មែរ បានផ្ដល់ជាគន្លឹះខ្លះថា ការរកស៊ីត្រូវដឹងអំពីរដូវកាល នៃតម្រូវការរបស់ភ្ញៀវ ។
អ្នកស្រីបានលើកឧទាហរណ៍ថា «ខែជិតបុណ្យណូអែលយើងត្រូវសម្រុកធ្វើរូបសត្វ ហើយចាប់ពីបុណ្យភ្ជុំរហូតដល់កៀកចូលឆ្នាំដាច់ផ្ដិល យើងដឹងទីផ្សារជាង ជាង។ ខែណាអត់ដាច់សោះយើងមិនឲ្យជាងអត់ការងារធ្វើនោះទេ យើងត្រូវធ្វើរបស់ណាដែលពិបាក ធ្វើយូរ យើងដាក់ឲ្យជាងធ្វើខែអត់ដាច់ យើងឲ្យគាត់ធ្វើកុំឲ្យគាត់ទំនេរ ជាងយល់ ជាងចង់នៅជាមួយយើង»។បើទោះបីអាជីវកម្មធ្វើចម្លាក់ខ្មែរកំពុងល្បីល្បាញខ្លាំងនៅឃុំកំពង់ហ្លួង និងក្រៅប្រទេសក្ដី ក៏ប៉ុន្ដែ អ្នកស្រី ដេន ម៉ាស់ បានបង្ហើបអំពីការលំបាក រហូតដល់ចង់បោះបង់មុខរបរនេះម្ដងនៅអំឡុងឆ្នាំ ១៩៩៧។ «មានពេលមួយគិតពេករហូតដល់ធ្លាក់ខ្លួនឈឺ លក់របស់របរអស់ពីខ្លួនរលីង (ជំងឺរលាកស្រោមខួ)។ ដាក់ប្លង់ធនាគារ ៥ពាន់ដុល្លារ ចាប់ផ្ដើមឡើងវិញ និងជាងខ្លះស្ម័គ្រធ្វើជាមួយនៅផ្ទះ។ ជំងឺរលាកស្រោមខួក្បាល សន្លប់១ថ្ងៃពីរដង លក់ព្យាបាលជំងឺអស់រលីងគ្មានម៉ាហ៊ុន ម៉ាលី តែមានម្ដាយមីងឲ្យមាស១ជី ទិញស្ពានបាន ១០គីឡូ ហើយចេះតែឡើងៗរហូតឡើងមកវិញ»។
មុខរបរដែលមានភាពរឹងមាំឡើងវិញ ព្រោះតែបានកម្លាំងចិត្តពីជាង ដែលស្ម័គ្រចិត្តធ្វើជាមួយ រួមផ្សំនឹងម្ដាយមីង និង ការស្រលាញ់មុខរបរតាំងពីតូច មិនចង់ឲ្យរបរដូនតាបាត់បង់ អ្នកស្រី ដេន ម៉ាស់ បានកសាងមុខរបរនេះ កាន់តែរីកធំធាត់មកដល់សព្វថ្ងៃ។ អ្នកស្រី ដេន ម៉ាស់ ដែលមានកូនចំនួន ៥នាក់ បានបង្ហើបពីបំណងប្រាថ្នាថា «នៅថ្ងៃអនាគតខ្ញុំចង់ឲ្យកូនៗជួយរក្សាមុខរបរនេះ ដើម្បីជួយជាងចម្លាក់ផង និងរក្សាមុខរបរដូនតាផង។ ជាពិសេសចង់បង្កើតជាងចម្លាក់ប្រាក់ខ្មែរ នៅទីនេះតែម្ដង» ៕