សហគ្រិនកូនកាត់ខ្មែរ-ថៃ ចង់បង្កើត Franchise ក្នុងស្រុកឲ្យមានស្តង់ដារ ក្រោយបើកភោជនីយដ្ឋានឌីមសាំ
- 2021-11-03 04:04:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនកូនកាត់ខ្មែរ-ថៃ ចង់បង្កើត Franchise ក្នុងស្រុកឲ្យមានស្តង់ដារ ក្រោយបើកភោជនីយដ្ឋានឌីមសាំ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ៖ ភោជនីយដ្ឋាន ឌីមសាំ ថ្មីមួយ បានបើកទ្វារទទួលស្វាគមន៍អ្នកចូលចិត្តទទួលទានអាហារឌីមសាំ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយមានម្ចាស់ជាសហគ្រិនវ័យក្មេងកូនកាត់ខ្មែរ-ថៃ ដែលមានមហិច្ឆតាលើកកម្ពស់ស្តង់ដារចំណីអាហារ និងបង្ហាញថា ម៉ាកយីហោកម្ពុជាក៏ អាចប្រកួតប្រជែងជាមួយម៉ាកយីហោអន្តរជាតិបានដែរ។
KIN Bun House ដែលមានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅសេទុង ក្បែរស្តុបបូកគោ កណ្ដាលរាជធានីភ្នំពេញ ផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ម្ហូបអាហារជាមួយមិត្តភក្ដិនិងគ្រួសារ។ នេះបើយោងតាមស្ថាបនិកនិងម្ចាស់ភោជនីយដ្ឋាន លោក ថានិសន សេថាស៊ុផាង។ នៅជាប់នឹងភោជនីយដ្ឋាន KIN Bun House នេះតែម្ដង កាហ្វេ Best Coffee ក៏ត្រៀមខ្លួនបម្រើដល់អតិថិជន ខណៈពួកគេរីករាយទទួលទានអាហារ ឌីមសាំ ផងដែរ។ លោក ថានិសន បានថ្លែងថា៖ «នៅ KIN Bun House យើងជឿជាក់ថា អាហារគឺជាអ្វីមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារនិងមិត្តភក្ដិ និងបង្កើតបានជាចំណងមួយដែលស្ថិតស្ថេរយូរអង្វែង»។
លោក ថានិសន ដែលមានឈ្មោះក្រៅហៅថា “Big” កើតនៅក្នុងគ្រួសារដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលបានប្រកបមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាង៣ទសវត្សរ៍មកហើយ។ លោក Big បានបញ្ចប់ការសិក្សាពីសាលា Le Cordon Bleu ដែលជាសាលារៀនជំនាញម្ហូបអាហារដ៏ល្បីល្បាញមួយនៅលើពិភពលោក។ យោងតាមលោក Big ភោជនីយដ្ឋាន KIN Bun House មានអត្ថន័យជ្រាលជ្រៅណាស់ចំពោះរូបលោក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក ។ លោក Big លើកឡើងយ៉ាងដូច្នេះ «KIN គឺជាឈ្មោះម្ដាយរបស់ខ្ញុំ ហើយពាក្យ “kin” នេះក៏មានន័យថា «គ្រួសារ» ផងដែរ។ គ្រប់មុខម្ហូបដែលយើងដាក់នៅក្នុងម៉ឺនុយ យើងបានប្រើបេះដូងដើម្បីចម្អិន និងបង្កើតមុខម្ហូបនោះឡើង។ មិនថា គុណភាពនៃម្ហូប រសជាតិ ឬការរៀបចំរចនាវាទេ គឺយើងសុទ្ធតែជ្រើសរើសយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីធ្វើឲ្យអតិថិជនពេញចិត្ត»។
សហគ្រិនស្ត្រីលេចធ្លោមួយរូបនៅកម្ពុជា អ្នកស្រី ជា សុខលាង ដែលជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ECO Great Mekong Solutions បានមានប្រសាសន៍ថា អ្នកស្រីឧស្សាហ៍នាំឪពុកម្ដាយមកទទួលទានអាហារនៅភោជនីយដ្ឋាន KIN Bun House នេះណាស់ ។ អ្នកស្រី ជា សុខលាង បានពោលយ៉ាងដូច្នេះអំពី KIN Bun House ថា៖ «វាជាកន្លែងល្អបំផុតសម្រាប់ការជួបជុំអាហារពេលព្រឹកជាមួយគ្រួសារ និងមិត្តភក្ដិ។ ខ្ញុំនាំប៉ាម៉ាក់មកទទួលទានអាហារនៅ KIN Bun House ជាញឹកញាប់ ប្រហែលពី ២ ទៅ ៣ដង ក្នុងមួយសប្ដាហ៍។ វាជាអាហារដែលងាយស្រួល និងមានសុខភាពល្អ ហើយសេវាវិញ គឺល្អមែនទែន»។
អ្នកស្រី សុខលាង បានបន្ថែមថា៖ «ជារឿយៗ ពេលញ៉ាំហើយ ខ្ញុំតែងតែខ្ចប់ផ្ញើមិត្តភក្ដិ ផ្ញើបុគ្គលិកនៅការិយាល័យទៀត ។ ការវេចខ្ចប់គាត់ក៏ស្អាត ហើយនំមានរសជាតិក៏ឆ្ងាញ់។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការណែនាំឲ្យបងប្អូនមិត្តភក្ដិមកញ៉ាំអ្វីដែលឆ្ងាញ់ដូចយើងបានទទួលទានអ៊ីចឹងដែរ។ បើអ្នកអញ្ជើញមក ខ្ញុំជឿថា អ្នកនឹងចូលចិត្តរសជាតិដ៏ពិសេស ឌីមសាំ នៅទីនេះ»។
ភោជនីយដ្ឋានដែលមានទស្សនវិស័យដ៏មហិច្ឆតា
KIN Bun House មានគោលការណ៍ស្នូលដ៏គួរឲ្យចាប់អារម្មណ៍គឺ គុណភាព ភាពងាយស្រួល និងតម្លៃធូរថ្លៃ។ យោងតាមលោក Big ដែលជាម្ចាស់ភោជនីយដ្ឋាន លោកប្ដេជ្ញាធ្វើឲ្យអាហារឌីមសាំនៅ KIN Bun House មានគុណភាពតាមស្តង់ដារអន្តរជាតិ ប៉ុន្តែ តម្លៃវិញ គឺធូរថ្លៃដែលអ្នកណាៗក៏អាចទទួលទានបានដែរ។ ភោជនីយដ្ឋាននេះមានផែនការដ៏មហិច្ឆតាមួយសម្រាប់អនាគត គឺចង់ប្រែក្លាយខ្លួនទៅជាម៉ាកយីហោក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ ដែលអាចលក់សិទ្ធិអាជីវកម្ម franchise (យីហោ) បន្តទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ថែមទៀតផង។
លោក Big បាននិយាយយ៉ាងដូច្នេះថា៖ «អាជីវកម្ម franchise នៅកម្ពុជា កំពុងមានការពេញនិយមកាន់តែខ្លាំងឡើងៗ ។ Franchise ភាគច្រើនសុទ្ធតែមកពីបរទេស ។ គោលដៅរបស់យើង គឺកសាង KIN Bun House ឲ្យក្លាយជា franchise ក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ»។ លោកបានបន្ថែមថា៖ ««យើងវិនិយោគយ៉ាងច្រើនទៅលើការកសាងម៉ាកយីហោរបស់យើង ឲ្យមានស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនយើងសម្រាប់ការពង្រីកទៅតាមបណ្ដាខេត្តក្រុងធំៗនៅក្នុងស្រុក និងទៅកាន់ក្រៅស្រុក នៅពេលអនាគត»។
ត្រៀមខ្លួនរួចស្រេចដើម្បីការបើកប្រទេសឡើងវិញ
នៅមុនពេលនៃការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ ១៩ វិស័យភោជនីយដ្ឋាននៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង។ ហើយលោក Big ជឿជាក់ថា ភ្ញៀវទេសចរ និងវិនិយោគិនជាច្រើននឹងវិលត្រឡប់ចូលមកកម្ពុជាសាជាថ្មី នៅពេលដែលប្រទេសនេះបើកឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺឆ្លងអស់រយៈពេលជិត ២ឆ្នាំកន្លងមក ដោយសារតែកម្ពុជាមានអត្រាចាក់វ៉ាក់ឲ្យប្រជាជនរួចរាល់ខ្ពស់បំផុតនៅក្នុងតំបន់។
លោក Big និយាយថា នៅក្នុងភោជនីយដ្ឋាន KIN Bun House វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ហើយបុគ្គលិកទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវដែលនឹងអញ្ជើញមកច្រើនកុះករនាពេលខាងមុខ។ លោក Big បាននិយាយយ៉ាងដូច្នេះថា៖ «នៅ KIN Bun House យើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ប្រៀបបីដូចជាពួកគាត់ជាមិត្តភក្ដិជិតដិតនិងជាសមាជិកក្រុមគ្រួសារយើង អ៊ីចឹងដែរ»៕