ធនាគារ ព្រីនស៍ បោះទុន១៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានា ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

  • 2021-11-04 02:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


(ភ្នំពេញ ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១)៖ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិកលើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។

អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួមខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើផ្ទៃដីជាង២៦០០ហិកតា។ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួននៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញដែលនឹងមកជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខលើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ ធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្ស និងមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគម្រោងនេះផងដែរ វាពិតជាធ្វើឱ្យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាមានការរីកចម្រើន ហើយអាចជាកំលាំងចលករមួយក្នុងការគាំទ្រ និងជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងេយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ បន្ថែមពីនេះវាក៏ជាការសម្រេចចិត្តដ៏មានប្រសិទ្ធភាពមួយដែលធនាគារ ព្រីនស៍បានក្លាយជាដៃគូវិនិយោគ ជាមួយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានការជឿទុកចិត្ត និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបង្កើតប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយូរជាងគេនៅកម្ពុជា»។

លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា៖ «ការចូលរួមនេះផងដែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិដោយប្រយោល ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការផ្តល់នូវជំនួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ហើយជាក់ស្តែង យើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងលើគ្រប់វិស័យ មិនថាពួកគេជាអតិថិជនបុគ្គល អតិថិជនសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)ជាដើម ដើម្បីបំពេញនូវតម្រូវការហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរ»។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ម.ក សូមចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ៖ www.princebank.com.kh ឬចូលទៅកាន់ឆាណែល Telegram ផ្លូវការរបស់យើងតាម https://t.me/Princebankproducts ដើម្បីព័ត៌មានថ្មីៗ និងព័ត៌មានលម្អិតអំពីផលិតផល ឬ ប្រូម៉ូសិន (ការផ្សព្វផ្សាយ)នានា។

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី