វិបត្តិនៃការផ្លាស់​ប្តូរ​អាកាស​ធាតុ​ តំបន់​អាស៊ី​-ប៉ា​ស៊ីហ្វិក​​ប្រឈម​នឹង​ជំ​ងឺដែលឆ្លង​តាម​សត្វមូស

  • 2021-11-15 05:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហការជាមួយ Southeast Asia Globe

ក្នុង​ចំណោម​ហានិភ័យធំ​ៗ​ជា​ច្រើន​ដែលផ្តល់​ផល​​ប៉ះ​ពាល់ដោយ​ផ្ទាល់​​ ការផ្លាស់ប្តូរ​អាកាស​ធាតុ កំពុង​គំរាម​ដល់​​​ដំណើរ​វិវឌ្ឍ​ដ៏គួរ​ឲ្យ​កត់សម្គាល់ ដែល​អាស៊ី​-ប៉ា​ស៊ី​ហ្វិក បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងរយៈពេល​​ប៉ុន្មាន​ទស​វត្សរ៍​ចុងក្រោយនេះ ឆ្ពោះ​ទៅកាន់​ការ​លុប​បំ​បាត់​ជំ​ងឺ​ដែល​បង្ករឡើ​ដោយ​សារ​​តែសត្វ​មូស​ ជាពិសេស​ ជំ​ងឺ​គ្រុន​ចាញ់​។

អង្គ​ការ​សុខភាព​ពិភព​លោក បាន​បញ្ជាក់​ថា ចិន និង​ស្រីលង្កា ជាប្រទេស​ដែលគ្មាន​ជំ​ងឺ​គ្រុនចាញ់ ហើយ​ប្រទេស​ស្ថិតក្នុង​អនុ​តំបន់​ទន្លេ​មេ​គង្គមួយ​ចំនួន​ដូច​ជា​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀត​ណាម ក៏​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរ​ការ​យ៉ាល្អ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធ​ផល​ដូចគ្នានេះ ផង​ដែរ​​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការផ្លាស់ប្តូរ​អាកាស​ធាតុ កំពុង​តែ​ផ្តល់​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សមត្ថភាព​ក្នុង​​តំបន់​​នេះ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​​ជំងឺ​គ្រុន​ចាញ់ និងកម្ទេច​ជំ​រកសត្វ​មូស​ដែល​អាច​បង្ករ​ជា​ជំ​ងឺ​គ្រុន​ចាញ់​បាន​។ ប្រសិន​បើ​មិន​មាន​ការ​ចាត់​វិធាន​ការប្រកប​ដោយ​ភាព​​​ស៊ី​សង្វាក់​គ្នា​ទេ​នោះ ការផ្លាស់ប្តូរ​អាកាស​ធាតុ​អាច​នឹង​ធ្វើ​ឲ្យ​ជំ​ងឺគ្រុន​ចាញ់រក​ឃើញ​ផ្លូវ​វិល​ត្រឡប់​មក​វិញ និង​ពង្រីក​វិសាល​ភាព​របស់​ពួក​វា​ជាថ្មី​។

របាយ​ការណ៍​ដ៏​គួរ​ឲ្យបារម្ភ​កាលពី​ខែ​សីហា ឆ្នាំ២០២១ នេះ ដែល​ចេញ​ដោយ​ក្រុម​ប្រឹក្សា​អន្តរ​រដ្ឋា​ភិបាល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិស្តី​ពីការផ្លាស់ប្តូរ​អាកាស​ធាតុ (IPCC) បង្ហាញ​ឲ្យ​ឃើញ​ពី​មូល​ហេតុ​ថ្មី​ដ៏គួរ​ឲ្យ​បារម្ភ​។

ជា​សកល របាយ​ការណ៍​នេះ ផ្តល់ការ​រំឭកថា តុណ្ហភាព​ផ្ទៃ​មធ្យម​របស់​ផែន​ដី អាច​នឹង​កើន​​​ឡើងយ៉ាងហោចណាស់ ១,៥អង្សា​សេ នៅក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត​។ បើ​ទោះបី​សីតុណ្ហ​ភាព អាច​នឹង​មិន​កើន​ឡើង​ខ្លាំង​នៅ​តំបន់​ត្រូពិក​អាស៊ីក៏ដោយ ប៉ុន្តែតំបន់នេះ នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ភ្លៀង​យ៉ាងខ្លាំង ស្រប​ពេលដែល​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នេះ មាន​កម្រិត​កាន់​តែ​ខ្លាំង ដែលនាំ​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់កាន់​តែ​ធំ ក៏ដូច​ជាកើន​ឡើង​រលកកម្តៅ​ និង​សំណើម​កាន់​តែ​ច្រើន ផង​ដែរ​។

ការ​កើន​ឡើង​សីតុណ្ហ​ភាព​កាន់​តែ​ខ្ពស់ និងការ​ធ្លាក់​ភ្លៀងកាន់​តែ​ខ្លាំង នឹងផ្តល់ភាព​អំណោយ​ផល​ដល់​សត្វ​មូស ដែល​បង្កាត់​ពូជនៅក្នុង​ទឹក​នឹង ជាពិសេស​ពពួក​សត្វ​មូស​ដែលអាចចម្លង​ជំ​ងឺគ្រុន​ចាញ់​បានឈ្មោះ​ថា Anopheles​។

ស្រប​ពេល​ដែល​សត្វ​ល្អិតនានា អាច​វិវឌ្ឍ​ខ្លួន​​បាន​យ៉ាង​ឆាប់​រហ័ស នៅក្នុង​សីតុណ្ហ​ភាព​ខ្ពស់ ហើយ​ខណៈ​ដែល​សីតុណ្ហភាព បន្ត​កើន​ឡើង​ជា​លំដាប់​ទូ​ទាំង​អាស៊ី ពពួក​សត្វមូស Anopheles ក៏​នឹង​កើន​ឡើង​ដែល​អាច​មិន​អាច​ចៀស​រួច​​​រួម​ជាមួយនឹង​សត្វ​ល្អ​ទាំង​នោះនៅក្នុង​តំបន់​ថ្មី​ជាច្រើន​ ផងដែរ​។

បើ​ទោះ​បី​វា​មានការ​​លំបាក​ក្នុងការកំណត់​រកកន្លែង​ដែល​ករណី​បែបនេះ​អាច​នឹងកើត​ឡើង​ក៏ដោយ ប៉ុន្តែ ការ​ព្យាករ​ក្នុង​របាយ​ការណ៍ IPCC បញ្ជាក់​ថា ជុំ​វិញ​ទន្លេ​មេគង្គ និង​ទន្លេ Indus គឺ​ជា​​កន្លែង​មាន​ភាព​អំណោយ​ផល​បំផុត​ដល់​ពពួក​សត្វ​មូស​ទាំងនោះ​។

ផល​ប៉ះ​ពាល់​នានា​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែលមាន​លំនៅ​ដ្ឋាននៅ​តំបន់​ទាំង​នេះ ពិត​ជាមាន​ទំហំ​ធំ ខណៈ​ដែល​អស់​រយៈពេល​ជា​យូរ​មក​ហើយ ពោលគឺ​នៅមុន​ពេល​ការ​ចេញ​របាយ​ការណ៍​ចុងក្រោយ​បំផុតរបស់​ IPCC ទៅ​ទៀត អង្គ​ការ​សុខភាព​ពិភព​លោក​បាន​ព្យាករ​ថា ការផ្លាស់ប្តូរ​អាកាស​ធាតុ នឹងធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំ​ងឺគ្រុន​ចាញ់​ចំនួន៦០០.០០០នាក់​បន្ថែម​ទៀត​ក្នុង​១​ឆ្នាំ នៅចន្លោះ​ឆ្នាំ​២០៣០ និង​២០៥០ ដែល​ជា​​ការ​កើន​ឡើង​ដល់ទៅ​១៥​%​។

ហេតុ​ផល​មួយ​ដែលយើង​​លំបាក​ក្នុងការ​ដឹង​ឲ្យ​ច្បាស់ពី​របៀប​ និង​ទីកន្លែង​ក្នុងការផ្លាស់ប្តូរ​អាកាសនៅ​អាស៊ី ដែល​នឹង​មាន​ផល​ប៉ះ​ពាល់​ដ៏ធំបំផុត​ដោយ​សារ​តែ​ជំ​ងឺ​គ្រុន​ចាញ់ គឺ​ដោយ​សារ​តែ​ទិន្ន​ន័យ​ដែលភ្ជាប់​ចំណុច​ទាំង​២នេះ ក៏​មាន​បូក​បញ្ចូល​តំបន់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍ​ដ៏គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ក្នុងការ​កម្ចាត់​ជំងឺ​​គ្រុន​ចាញ់​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ចាប់​តាំងពីឆ្នាំ​២០០០ ប្រទេស​​​​​ជាប់​ទន្លេមេគង្គ​ចំនួន​៥ បាន​កាត់​បន្ថយ​ករណី​ជំ​ងឺ​គ្រុនចាញ់ និង​ការ​ស្លាប់​បាន​ច្រើន​ជាង៩០% ខណៈ​ដែល​ករណីភាគ​ច្រើន​បំផុត​នៅ​កម្ពុជា មីយ៉ាន់​ម៉ា និង​ថៃ បច្ចប្បន្ន បាន​កើត​ឡើង​តែ​នៅក្នុង​​សហ​គមន៍​ដាច់​ស្រយាល និង​ព្រៃ​ភ្នំ ប៉ុណ្ណោះ​។

ទំនាក់ទំនង​ដែលច្បាស់លាស់​បំផុត បង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​ទិន្នន័យ​ដែល​ប្រមូល​បាន​នៅចន្លោះ​ឆ្នាំ​២០០៩ និង​២០១៥ ក្នុង​ប្រទេស​វៀតណាម​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ទីនោះ បាន​រក​ឃើញ​​ថា ការកើនឡើង​សីតុណ្ហភាពជា​អតិ​បរមា​ ១អង្សា​សេ ទំនង​​ដូច​ជា​​នាំ​ឲ្យមានការ​កើនឡើង១,៦%​នៃ​ចំនួន​ព្រី​វ៉ា​ឡង់​របស់​ Plasmodium vivax ​ជា​ប៉ា​រ៉ា​ស៊ីតទូទៅ ដែល​បង្ករ​ឲ្យ​ជំងឺ​គ្រុន​ចាញ់​នៅក្នុង​តំបន់​អាស៊ី​-ប៉ា​ស៊ីហ្វិក​។

ករណីនេះ ប្រហែល​ជា​ត្រូវ​បាន​គេមើល​រំលង ប៉ុន្តែ សូម​ច​ង​ចាំ​ក្នុង​ចិត្ត​ថា ជំ​ងឺគ្រុន​ចាញ់ ហាក់​​ដូច​ជា​មានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​នៅ​​ក្នុង​សហ​គមន៍​ងាយ​រងគ្រោះ ដែល​កំពុង​រង់​នៅតាម​ជន​បទ និង​​តំបន់​ដាច់​ស្រយាល ដែលមាន​ប្រព័ន្ធ​សុខា​ភិបាល​ខ្សោយ​​។

បញ្ហានេះ អាច​នឹង​នាំ​ឲ្យ​មាន​ការ​កើន​ឡើ​ង​នូវ​ផលប៉ះ​ពាល់ដ៏ធំ​ដោយ​សារ​តែ​ជំ​ងឺ​គ្រុន​ចាញ់​។ ដោយ​សារ​តែ​ការ​អង្កេត​មើល​ទៅលើ​ជំ​ងឺ​ក្នុង​សហ​គមន៍​ទាំងនេះ ក៏មានកម្រិត​ខ្សោយ ការផ្ទុះ​ការ​ឆ្ល​ង​ថ្មី អាច​នឹង​​រាត​​ត្បាត ដោយមិន​ដឹង​។ ទំនោ​នេះ បង្ហាញ​ជា​ភស្តុតាង​ឲ្យ​ឃើញ​រួច​ជាស្រេច​នៅ​តំបន់​ភ្នំ​ភាគ​ឦសាន្ត​នៃ​រដ្ឋ Mizoram ប្រទេស​ឥណ្ឌា​។

បើ​ទោះ​បី​ឥណ្ឌា បាន​មើល​ឃើញពីការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​លើ​ករណី​ជំ​ងឺ​គ្រុន​ចាញ់ ក្នុង​រយៈពេល​១​ទស​វត្សរ៍​ចុក្រោយ​ក៏ដោយ ប៉ុន្តែ ករណី​ឆ្លង​ប្រចាំ​ឆ្នាំ​នៅ​រដ្ឋ Mizoram បាន​កើនឡើ​រហូត​ដល់​៤០% នៅចន្លោះ​ឆ្នាំ​២០០៧ និង​២០១៩​។

ដើម​ហេតុ​មួយ​ចំនួន​នៃ​ការកើន​ឡើង​នេះ គឺដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​ជិត​ពាក់កណ្តាល​ក្នុង​រដ្ឋ​នេះ រស់នៅ​តាម​តំបន់​ទួល​ដាច់ស្រយាល ដោយ​នាំ​ឲ្យ​ការ​គ្រប់​គ្រង​ជំ​ងឺ​គ្រុន​ចាញ់​កាន់​តែ​មានការ​លំបាក​។ ប៉ុន្តែ ដើម​ហេតុ​មួយ​ចំនួន​ទៀត គឺ​ដោយ​សារ​តែ​ការ​កើនឡើង​សុតុណ្ហភា​​​អប្ប​រមាជា​មធ្យម​ប្រហែល​០,៨អង្សាសេ អំឡុង​​ពេលនៃ​រដូវ​កាល​ភ្លៀង ដែល​រដ្ឋ Mizoram បាន​ជួប​ប្រទះក្នុង​រយៈពេល​៣​ទស​វត្សរ៍​ចុងក្រោយ​នេះ ដែល​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​អាកាស​ធាតុ​កាន់​តែ​អំណោយ​ផល់​មួយ​កម្រិត​ទៀត​សម្រាប់​សត្វ​មូស​។

ប៉ុន្តែ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​គ្រុន​ចាញ់​នៅ​តំបន់​ទាំងនេះ ប្រហែល​ជា​​​មាន​បញ្ហា​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​សញ្ញា​នានា​ដែល​ជំ​ងឺ​នេះ​កំពុង​តែ​បង្ហាញ​នៅ​តាម​តំបន់​ថ្មី​ៗ​។

ជាឧទាហរណ៍ នៅ​តាម​ជើង​ភ្នំហិម៉ា​ឡៃ ប្រទេស​នេប៉ាល់ សត្វមូស​ដែលចម្លង​ជំ​ងឺ​គ្រុន​ចាញ់ កាលពីពេលថ្មី​ៗនេះ ត្រូវ​បាន​គេ​រក​ឃើញ​​រស់នៅ​ក្នុង​រយៈ​កម្ពស់​ដល់​​ទៅ​២៣០០០ម៉ែត្រ ពី​លើ​កម្ពស់​ទឹក​សមុទ្រ ក៏ដូច​ជា​ខ្ពស់​ជាងជំ​រក​ជា​ធម្ម​តា​របស់​ពួកវា​រហូត​ដល់ទៅ​១២០០​ម៉ែត្រ​។ សត្វ​មូស Anopheles ក៏កំពុង​តែ​ចាប់​ផ្តើម​បង្ហាញខ្លួន​នៅ​ក្នុង​តំបន់ខ្ពង់​រាប នៃ​ប្រទេស​ប៉ា​ពូ​ញូវ​ហ្គីណេ ផង​ដែរ​។

ការ​រក្សា​​វឌ្ឍ​ន​ភាព​របស់តំបន់​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​គ្រុនចាញ់ និង​ចៀស​ផុត​ពីការ​កើត​ឡើ​វិញ ឬ​ការផ្ទុះ​ការ​ឆ្លង​នានា ដោយ​សារ​តែ​ការផ្លាស់ប្តូរ​អាកាស​ធាតុ នឹង​តម្រូវ​ឲ្យ​មាន​​ការ​ឆ្លើយ​តបជា​ចាំ​បាច់​ពី​រដ្ឋា​ភិបាល​ទាំងមូល​ដែល​រួមបញ្ចូល​នូវ​មន្ត្រី​ជំនាញ​នានា មិន​ត្រឹម​តែ​នៅក្នុង​វិស័យ​សុខាភិបាល ប៉ុន្តែ ក៏​នៅក្នុង​វិស័យ​កសិកម្ម ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ហេដ្ឋា​រចនា​សម្ព័ន្ធ ឧតុនិយម ទឹក និងអនាម័យ​។

ជា​ឧទាហរណ៍ ស្រប​ពេល​ដែល​ការកើន​ឡើង​សីតុណ្ហ​ភាព និង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង អំណោយ​ផល​ដល់ជំ​រក​សត្វ​មូស ការ​ព្យាករ​អាកាស​​ធាតុ នឹង​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុងការ​ព្យាករ​ពីកន្លែង​​ដែល​ត្រូវ​ប្រើប្រាស់​​ប្រព័ន្ធ​ស្វែង​រក​ គ្រប់គ្រង និង​ចៀស​ផុត​ពី​ការផ្ទុះ​ការ​ឆ្លង​ថ្មីនៃ​​ជំ​ងឺគ្រុន​ចាញ់​។

កោះ Solomon គឺ​ជា​តំបន់​មួយក្នុង​ចំណោម​តំបន់​​ដែល​​កំពុង​តែ​នាំមុខ​គេ​ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺគ្រុន​ចាញ់​។ កម្មវិធី​គ្រប់គ្រង​ជំ​ងឺ​ឆ្លង​ដោយ​សារ​តែ​សត្វល្អិត​ខាំ បាន​បង្កើត​ប្រវត្តិ​​ឲ្យ​សញ្ញា​ជាមុន និង​តាម​តាន​ជំ​ងឺ​គ្រុ​ន​​ចាញ់ មាន​ឈ្មោះ​ថា MalaClim ដែល​ប្រើប្រាស់​ទិន្នន័យ​​នៃការធ្លាក់​ភ្លៀង​ពី​សេវា​ឧតុនិយម​របស់​ប្រទេស​នេះ ដើម្បី​បង្កើត​សន្ទស្សន៍ហានិភ័យស្តីពីជំ​ងឺគ្រុន​ចាញ់ផ្អែក​លើ​អាកាស​ធាតុ និង​​ព្យាករ​ពី​ការផ្ទុះ​ការ​ឆ្លង​ជំ​ងឺ​គ្រុន​ចាញ់​។

ស្រង​ដៀង​គ្នា​នេះ​ដែរ នាយក​ដ្ឋាន​ឧតុនិយម​ឥណ្ឌា និង​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា កំពុង​តែ​ធ្វើកា​ររួម​គ្នា ដើម្បី​សិក្សា​ពី​ទំនាក់ទំនង​រវាង​អាកាស​ធាតុ និង​ជំ​ងឺគ្រុន​ចាញ់ នៅរដ្ឋ​ភាគ​ខាង​កើត ដែល​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ដែលមាន​អត្រា​ជំ​ងឺគ្រុន​ចាញ់​ខ្ពស់​ជាង​គេ​បំផុត​របស់​ប្រទេស​នេះ​។

កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​នានា ដើម្បី​ទប់ស្កាត់ការ​កកើត​របស់សត្វ​មូស ក៏​ចាំ​បាច់​​ត្រូវ​តែ​ទាម​ទារ​ការយក​ចិត្ត​ទុ​ក​ដាក់ខ្ពស់​ផង​ដែរ​ទៅលើ​កត្តា​ប្រជា​សាស្ត្រ និង​សេដ្ឋ​កិច្ច​សង្គម​។ ចំណុច​នេះ​មានភាព​ជាក់ស្តែង​ជាពិសេស នៅពេល​ដែល​គិត​ពី​ផល​ប៉ះ​ពាល់ដោយ​សារ​តែ​ការ​គម្រោង​អភិវឌ្ឍ​នានា​ដូច​ជា ការ​កាប់​ព្រៃ​ឈើ ការសម្អាត​ដី​ធ្វើ​កសិកម្ម ការ​ជីក​យក​រ៉ែ និង​ការ​បណ្តាក់​ទុន​ឧស្សា​ហកម្មផ្សេង​ទៀត នៅតំបន់ដាច់​ស្រយាល ដែលមាន​សហ​គមន៍មាន​សេវា​សុខាភិបាល​នៅមាន​កម្រិត និង​ប្រព័ន្ធ​តាម​ដាន​ខ្សោយ​។

ជាមួយ​គ្នា​នេះ អាជ្ញា​ធរក្នុង​​តំបន់​អាស៊ី​-ហ្វាស៊ី​ហ្វិក ចាំ​បាច់​ត្រូវ​តែ​ឆ្លើយ​តប​ទៅនឹង​ការផ្លាស់​ប្តូរ​អាកាស​ធាតុ តាមរយៈ​ការ​បង្កើ​ប្រព័ន្ធអូកូឡូ​ស៊ី​សុខាភិបាល​ដ៏រឹង​មាំមួយ ដែល​អាច​សម្របសម្រួល​ជាមួយ​នឹងភ្នាក់​ងារ​ផ្សេង​ៗ ដើម្បី​បង្កើត​គោល​នយោ​បាយ​ផ្អែក​លើ​ភស្តុ​តាង​សម្រាប់​ការ​​អនុ​វត្ត​ការ​អន្តរាគមន៍ដែល​សម​ស្រប​។

អ្នក​ជំនាញ​នានា​ ត្រូវ​តែ​សហ​ការគ្នា ដើម្បី​​ទាញ​យក​ផលប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេក​វិទ្យា ដើម្បី​ព្យាករ​ពីកន្លែង​ថ្មី​ដែល​បង្ករ​ឲ្យ​មាន​ជំ​ងឺ​គ្រុន​ចាញ់​ដែល​ឆ្លង​តាម​សត្វមូស​។

ស្រប​ពេល​ដែល​របាយ​ការណ៍ IPCC កត់សម្គាល់ថា វា​យឺត​ពេល​ហើយ​ក្នុងការ​លុប​ចោល​ឥទ្ធិ​ពលមួយ​​ចំនួន​ពីការផ្លាស់ប្តូរ​អាកាស​ធាតុ​។ ប៉ុន្តែ វា​មិនយឺតពេល​នោះ​ទេ ក្នុងការ​ទប់​ស្កាត់​​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​មិន​ឲ្យ​រា​រាំង​ដល់​ដំណើ​រ​ការ​វិវឌ្ឍឆ្ពោះ​ទៅ​មុខ​ឲ្យដើរ​ថយ​ក្រោយ​វិញ តាម​រយៈ​ការ​លុប​បំ​បាត់​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដោយ​សារ​តែ​ជំ​ងឺគ្រុន​ចាញ់ លើ​ជីវិត​មនុស្ស​រាប់​លាននាក់នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​៕

ប្រភព​ព័ត៌​មាន៖ Sea Globe

អត្ថបទ៖ In Sopheng

អត្ថបទថ្មី