ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vingroup ចាប់ផ្តើមសង់រោងចក្រផលិតរថយន្តប្រើអាគុយ

  • 2021-12-13 03:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនពហុសាជីវកម្មដ៏ធំបំផុត Vingroup របស់វៀតណាម បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយ ក្នុងទំហំទឹកប្រាក់១៧៤លានដុល្លារអាមេរិកហើយ សម្រាប់រថយន្តអគ្គិសនី VinFast ដើម្បីអាចឲ្យក្រុមហ៊ុននេះ មានចង្វាក់ផ្គត់ផ្គង់អាគុយដោយខ្លួនឯង។

VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកពេញសិទ្ធិជាលើកដំបូងរបស់វៀតណាម នៅពេលដែលម៉ូឌែលរថយន្តប្រើសាំងរបស់ខ្លួន ត្រូវបានផលិតឡើង ក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុននេះ កំពុងតែព្យាយាមជ្រៀតចូលទីផ្សារអាមេរិក ស្របពេលដែលរថយន្តអគ្គិសនីប្រភេទ SUV និងម៉ូឌែលប្រើអាគុយរបស់ខ្លួន ត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួនជាលើកដមបូង នៅឆ្នាំក្រោយ។

រោងចក្រផលិតអាគុយរថយន្តមួយនេះ ដែលជាគម្រោងរោងចក្រផលិតអាគុយរថយន្តដំបូងគេរបស់វៀតណាម មានទីតាំងស្ថិតនៅខេត្ត Ha Tinh នៅលើផ្ទៃដីចំនួន៨ហិកតា។

កាលពីខែតុលា អាជ្ញាធរប្រចាំខេត្ត Ha Tinh បានបញ្ជាក់ថា រោងចក្រនេះ ត្រូវបានរំពឹងទុកថា នឹងចំណាយអស់ទឹកប្រាក់៣៨៧លានដុល្លារអាមេរិក លើទំហំដី ១២,៦ហិកតា។

លោក Thai Thi Thanh Hai អនុប្រធានក្រុមហ៊ុន Vingroup និងជាអនុប្រធានក្រុមប្រឹក្សាក្រុមហ៊ុន បានឲ្យដឹងថា៖ «នេះគឺជាផ្តោតលើទីតាំងយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់របស់ VinFast។ ទីតាំងយុទ្ធសាស្ត្រនេះ អាចឲ្យយើងមានចង្វាក់ផ្គត់ផ្គង់អាគុយ និងគ្រឿងបន្លាស់ដោយខ្លួនឯង»។

ក្រុមហ៊ុននេះ បានបញ្ជាក់ថា ខ្លួននឹងផលិតអាគុយឲ្យបាន១០ម៉ឺនប្រអប់ ក្នុង១ឆ្នាំ ក្នុងការផលិតជាលើកដំបូង ហើយបន្ទាប់មក នឹងបន្ថែមសមត្ថភាពរបស់ខ្លួនឲ្យបាន១លានប្រអប់៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទថ្មី