គម្រោងខាស់ ត្រៀមធ្វើយុទ្ធនាការទី៣ ដើម្បីលើកកម្ពស់ការយល់ដឹងពីការបរិភោគត្រីចិញ្ចឹម

  • 2021-12-18 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆាប់ៗនេះ អ្នកបរិភោគនៅក្នុងប្រទេសកម្ពុជានឹងអាចទទួលបានព័ត៌មានថ្មីៗដែលអាចជឿទុកចិត្តបានស្ដីអំពីត្រីចិញ្ចឹមក្នុងស្រុកដែលមានសុវត្ថិភាព និងមានជីវជាតិល្អសម្រាប់សុខភាពអ្នកបរិភោគ។

នៅក្នុងខែធ្នូនេះ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការទី៣ របស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងស្ដីអំពីសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យវារីវប្បកម្មនៅក្នុងប្រទេស កម្ពុជា។

គម្រោងខាស់ នឹងធ្វើការផ្សព្វផ្សាយចំណេះដឹងតាមរយៈការចាក់ផ្សាយវីដេអូ និងមាតិកាអប់រំផ្សេងៗ នៅលើបណ្ដាញសង្គម ដើម្បីឆ្លើយតបទៅកាន់ការយល់ឃើញរបស់សារធារណជនស្ដីពីសុវត្ថិភាពត្រីចិញ្ចឹមក្នុងស្រុកដែល បានបង្ហាញនៅក្នុងការសិក្សាស្ដីពីចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។

ការស្រាវជ្រាវមួយរបស់ខាស់បានរកឃើញថា អ្នកបរិភោគភាគច្រើនមានចម្ងល់ទៅលើសុវត្ថិភាពនៃការបរិភោគត្រីចិញ្ចឹម ខណៈពេលដែលផលិតផលត្រីចិញ្ចឹមក្នុងស្រុកកំពុងកើនឡើងគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។

យុទ្ធនាការនេះនឹងមានការចូលរួមពីលោក ខូវ គួង នាយករងរដ្ឋបាលជលផលកម្ពុជា ជាវាគ្មិន រួមជាមួយនឹងអ្នកជំនាញសុវត្ថិភាពចំណីអាហារ ជាភ្ញៀវកិត្តយស ក៏ដូចជាអ្នកបង្កើតមាតិកាល្បីល្បាញនៅលើបណ្ដាញសង្គម ជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានេះ សារធារណជនក៏អាចចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយលើបណ្ដាញ សង្គមនេះផងដែរ។ យោងទៅតាមស្ថិតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឱ្យដឹងថាផលិតផលត្រី ចិញ្ចឹមកើនឡើងរហូតដល់ ៤០០,៤០០ តោននៅក្នុងឆ្នាំ២០២០ កើនឡើង ៣០% បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩។

លោក Adolfo Ruiz ប្រធានបច្ចេកទេសប្រព័ន្ធទីផ្សារប្រចាំគម្រោងខាស់បានលើកឡើងថា៖ «គម្រោងខាស់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អ្នកផលិត អ្នកផ្គត់ផ្គង់ចំណី អ្នកភ្ញាស់ អ្នកកែច្នៃ អ្នកចែកចាយ និងម្ចាស់អាជីវកម្មជាច្រើននាក់ទៀតក្នុងវិស័យវារីវប្បកម្ម»។

លោកបានបន្ថែមថា៖ «គម្រោងខាស់បានផ្ដល់ជំនួយបច្ចេកទេសទៅកាន់កសិករ និងអ្នកទីផ្សារ ជាហេតុផលមួយ ដែលធ្វើឱ្យអ្នកបរិភោគនៅកម្ពុជាបង្កើនទំនុកចិត្តរបស់ខ្លួនទៅលើត្រីចិញ្ចឹមក្នុងស្រុក។ ពួកយើងនឹងជួយបង្កើនការផ្គត់ផ្គង់ផលិតផលត្រីចិញ្ចឹមដែលមានសុវត្ថិភាពទៅកាន់អ្នកបរិភោគទាំងអស់»។

ក្នុងរយៈពេល៤ខែនៃយុទ្ធនាការថ្មីរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គម្រោងខាស់នឹង ធ្វើការចាក់ផ្សាយវីដេអូធំៗចំនួន៤។ វីដេអូទីមួយគឺជាវីដេអូស្ទាបស្ទង់មតិយោបល់ពីសាធារណជនទៅលើសុវត្ថិភាពចំណីអាហារ ជាពិសេសទាក់ទងទៅនឹងត្រីចិញ្ចឹមនៅក្នុងស្រុក។

ចំណែកឯវីដេអូទីពីរជាវីដេអូដែលមានការបកស្រាយពី លោក ខូវ គូង ដែលជានាយករងនៃរដ្ឋបាលជលផលកម្ពុជា និងជាអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ទៅលើមតិ របស់សារធារណៈជនក្នុងវីដេអូទីមួយ។

វីដេអូទី៣ជាវីដែអូគំនូរចលនាដែលពន្យល់ពីទិដ្ឋភាពរួម និងរបៀបនៃការអនុវត្តវិធានការអនាម័យទាក់ទងទៅនឹងសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យវារីវប្បកម្មទាំងមូល។ រីឯវិដេអូទី៤ ជាវីដេអូចំអិនម្ហូប ដែលក្នុងនោះទស្សនិកជនទាំងអស់គ្នានឹងរៀនពីរបៀបអនុវត្តវិធានការអនាម័យនៅមុនពេលចំអិនម្ហូប កំឡុងពេលចំអិន និងរបៀបស្តុកទុកម្ហូបអាហារនៅក្នុងទូទឹកកកឱ្យមានសុវត្ថិភាពផងដែរ។

ក្រៅពីនេះ ខាស់ក៏ត្រៀមផ្សព្វផ្សាយព័ត៌មានស្ដីពីសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យ វារីវប្បកម្មនៅលើផ្ទាំងប៉ាណូ LED និងខិត្តប័ណ្ណផ្សេងៗទៀតផងដែរ។

គួរបញ្ចាក់ផងដែរថាមកទល់ពេលនេះ អ្នកទទួលផលដែលបានចុះឈ្មោះនៅក្រោមគម្រោងខាស់មានរហូតដល់ ១០៤១នាក់ ក្នុងនោះ រួមមានអ្នកដែលដើរតួនាទីនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងអស់ដូចជា អ្នកផ្គត់ផ្គង់ចំណី អ្នកភ្ញាស់ អ្នកផលិត អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយ ដែល៧៥៤នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសវារីវប្បកម្ម អនាម័យ ភូតគាមអនាម័យ និងទីផ្សារពីខាស់ ដើម្បីធានានូវការផលិត និងចែកចាយត្រីចិញ្ចឹមដែលមានគុណភាពទៅកាន់អ្នកបរិភោគ។ ជាមួយគ្នានេះ គម្រោងខាស់នឹងទទួលអ្នកចុះឈ្មោះជាច្រើនបន្ថែមទៀតជារៀងរាល់ឆ្នាំ។

គម្រោងខាស់ គឺជាគម្រោងដែលបានឧបត្ថម្ភថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ដើម្បីជំរុញផលិតកម្មត្រីទឺកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្មសម្រាប់តម្រូវការទីផ្សារ។ គម្រោងនេះជួយវិស័យវារីវប្បកម្មនៅកម្ពុជាតាមរយៈការពង្រឹងគុណភាពចំណី ពូជត្រី និងបង្កើនប្រសិទ្ធភាពទីផ្សារសំរាប់អ្នកពាក់ព័ន្ធទាំងអស់។

វិស័យឯកជន និង សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតសណ្ដែងសៀងនៅសហរដ្ឋអាមេរិក អាជីវករ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតតាមរយៈការសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជានេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST៖ https://www.facebook.com/CASTinCambodia

អត្ថបទ៖ In Sopheng

អត្ថបទថ្មី