កាន់តែមានសង្ឃឹមសម្រាប់កសិករ! ក្រុមហ៊ុនចិន ត្រៀមពង្រីកការវិនិយោគបន្ថែមទៀតលើកសិកម្មកម្ពុជា

  • 2022-01-18 05:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតផលកសិកម្មកម្ពុជា ត្រូវបានរំពឹងទុកថា នឹងត្រូវបង្ហាញមុខកាន់តែច្រើនបន្ថែមទៀតនៅលើទីផ្សារអន្តរជាតិ ជាពិសេសលើទីផ្សាររបស់ប្រទេសចិន ស្របពេលដែលមានការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុនចិន នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយការចូលមកវិនិយោគិនកាន់តែច្រើននេះ នឹងផ្តល់ក្តីសង្ឃឹមមួយកម្រិតទៀតដល់កសិករ ឬម្ចាស់កសិកម្មក្នុងស្រុក។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជារួមនិងដោយឡែកនោះគឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន។

នាយកក្រុមហ៊ុននោះ បានលើកឡើងថា៖ «កម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ។ កិច្ចសហ ប្រតិបត្តិការចិន-កម្ពុជាលើវិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរនៅ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់សត្វល្អិតចង្រៃ)»។

ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន ដែលបាននិងកំពុងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។

យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយក្រុមហ៊ុនហ៊ុនទី ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើន បានដាក់ទុន​វិនិយោគបង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិពណ៌កសិផលកន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។

ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។ បច្ចុប្បន្ន ផលិតផលស្វាយ និងចេកអំបូងលឿង ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការរួចជាស្រេច ក្រោយពីមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំង២ ស្របពេលដែលផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលិន ក៏ត្រូវបានគ្រោងនាំចេញទៅប្រទេសចិនផងដែរ។

ជាមួយគ្នានេះ លោក វេង សាខុន សង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរនឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ មានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី