អាស៊ាន ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការ

  • 2022-01-20 03:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានជាផ្លូវការចាប់ពីពេលនេះតទៅ ក្នុងគោលបំណងស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានលើបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

សូមចូលរួម​ក្នុង​ប៉ុស្តិ៍ តេឡេក្រាម៖ https://t.me/SabayNewsBusiness ដើម្បី​ទទួល​បាន​ព័ត៌​មានថ្មី​ៗ ពី Sabay News Business

ការប្រកាសបើកទេសចរណ៍អាស៊ានជាផ្លូវការឡើងវិញនេះ ត្រូវបានធ្វើឡើងនាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលត្រូវបានរៀបចំឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែមករា។

ប៉ុន្តែ ដើម្បីសម្រេចឲ្យបាននូវការបើកទេសចរន៍អាស៊ានជាផ្លូវការឡើងវិញ វេទិកាទេសចរណ៍អាស៊ាន សម្រេចឈរលើគោលការណ៍ចំនួន៥ចំណុច ដូចជា ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងឲ្យចេញរូបភាព និងបង្កើតកាតវ៉ាក់សាំងឌីជីថល កំណត់វ៉ាក់សាំងការពារកូវីដ ១៩ ជាគន្លឹះឆ្ពោះទៅការដំណើរការឧស្សាហកម្មទេសចរណ៍ឡើងវិញ ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធានការសុខាភិបាល និងស្តង់ដារប្រតិបត្តិក្នុងប្រទេសនីមួយៗ។

ជាមួយគ្នានេះ ទេសចរណ៍អាស៊ាន ក៏ត្រូវតែធានាឲ្យបាននូវសេវាកម្ម និងធុរកិច្ចទេសចរណ៍ ដោយអនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍ ក៏ដូចជា ជំរុញភាពជឿជាក់ និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន ផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ។

ការបើកទេសចរណ៍អាស៊ានឡើងវិញ ត្រូវបានរំពឹងទុកថា នឹងជួយឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ កើនឡើងវិញ ក្រោយពីកម្ពុជា បានស្រូបទាញភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ ២០២១ ដែលជាចំនួនធ្លាក់ចុះយ៉ាងគំហុកបើធៀបឆមាសទី១ ឆ្នាំ ២០២០។

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ ម៉ឺននាក់ ធ្លាក់ចុះ ៩០,៨ ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ ដែលមានចំនួន ១,១៨ លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមាន ២៧៥ ៦៧១ នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំមុន បានធ្លាក់ចុះ ៨៧,៨ ភាគរយ៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី