ឆ្នាំ២០២១ កម្ពុជា នាំចេញផ្លែចេក ៣៧៧.០០០តោន និងផ្លែស្វាយ៤.៧៧១តោន ទៅចិន
- 2022-01-21 04:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០២១ កម្ពុជា នាំចេញផ្លែចេក ៣៧៧.០០០តោន និងផ្លែស្វាយ៤.៧៧១តោន ទៅចិន
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បាននាំចេញផលិតកសិកម្មរហូតដល់ទៅ៧,៩៨លានតោន ក្នុងឆ្នាំ២០២១ ដែលជាការឡើងរហូតដល់ទៅ៦៣,៨% បើធៀបទៅនឹងឆ្នាំ២០២០។
សូមចូលរួមក្នុងប៉ុស្តិ៍ តេឡេក្រាម៖ https://t.me/SabayNewsBusiness ដើម្បីទទួលបានព័ត៌មានថ្មីៗ ពី Sabay News Business
ទាក់ទងនឹងផ្លែឈើ កម្ពុជា បាននាំចេញផ្លែចេកស្រស់ជិត៣៧៧.០០០តោន និងផ្លែស្វាយស្រស់៤.៧៧១តោន ទៅកាន់ប្រទេសចិន។ ក្រោយពីទទួលបានជោគជ័យនៅលើទីផ្សាររបស់ចិន កសិកម្មដាំចេកនៅកម្ពុជា បានកើនឡើងយ៉ាងកំហុក និងមានចរន្តនាំចេញដ៏គួរឲ្យកត់សម្គាល់។
ស្របពេលជាមួយគ្នានេះ មិនមានកូតាហាមឃាត់ការនាំចេញផលិតផលផ្លែចេកដោយផ្ទាល់ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារចិន ឡើយ ហើយមូលហេតុនេះហើយ ទើបធ្វើឲ្យមានការកើនឡើងលើការពង្រីកបន្ថែមដីកសិកម្មដាំផ្លែចេក និងការនាំចេញនៅកម្ពុជា។
កត្តាខាងលើ ក៏បានទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសជាច្រើន ដើម្បីធ្វើការបណ្តាក់ទុនលើឧស្សាហកម្មដាំចេក ផងដែរ ដែលនាំឲ្យមានការពង្រីកដីកសិកម្មដាំចេកឥតឈប់ឈរ ហើយការនាំចេញត្រូវបានគេរំពឹងទុកថា នឹងបន្តកើនឡើង។
បច្ចុប្បន្ន មានសហគ្រាសដាំចេកយ៉ាងហោចណាស់ចំនួន១៥នៅកម្ពុជា រួមនឹងដីសម្រាប់ការដាំចេក មានចំនួនច្រើនជាង៤០០០ហិកតា ហើយសហគ្រាសដែលចូលរួមគាំទ្រជាច្រើន ដូចជារោងចក្របណ្តុះពូជ រោងចក្រផលិតជីសរីរាង្គ រោងចក្រកាតុង រោងចក្រផ្សាំរុក្ខជាតិ និងសហគ្រាសដឹកជញ្ជូនប្រើសីតុណ្ហភាពត្រជាក់ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយដល់ការនាំចេញផលិតផលចេក ផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានប្រកាសថា ចិន បានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផ្លែឈើ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗជាច្រើនផ្សេងទៀត។ កម្ពុជា និងចិន កំពុងតែអនុវត្តការត្រួតពិនិត្យ និងការវាយតម្លៃទៅលើការនាំចេញដោយផ្ទាល់លើផ្លែមាន និងត្រីប្រា របស់កម្ពុជា៕
ប្រភពព័ត៌មាន៖ freshplaza.com