រដ្ឋាភិបាល នឹងចាប់ផ្តើមយកពន្ធ VAT លើពាណិជ្ជកម្មអេឡិចត្រូនិក ចាប់ពីខែមេសា តទៅ
- 2022-01-24 06:40:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាល នឹងចាប់ផ្តើមយកពន្ធ VAT លើពាណិជ្ជកម្មអេឡិចត្រូនិក ចាប់ពីខែមេសា តទៅ
ចន្លោះមិនឃើញ
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះតទៅ។ នេះបើយោងទៅតាមអង្គសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញស្តីពី «អនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)» ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលរួមក្នុង Telegram: https://t.me/SabayNewsBusiness
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងក្នុងការបញ្ជ្រាបចំណេះដឹងដល់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោកបានឲ្យដឹងថា៖ «ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងត្រូវអនុវត្តពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះតទៅ។ កាតព្វកិច្ចអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ប្រកាសដាក់ចេញតាមរយៈសេចក្តីណែនាំលេខ ២០៥២២ អពជ ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១»។
ការអនុវត្តអាករលើតម្លៃបន្ថែមនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបនឹងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ដែលរដ្ឋាភិបាលមានគោលនយោបាយមិនបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី ប៉ុន្តែ ត្រូវពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធឲ្យអស់សក្តានុពល។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធ E-Filing ពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន-សហគ្រាសឲ្យអនុវត្តមានតម្លៃភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ៕